backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Diabetes Type 2 (ជំងឺទឹកនោមផ្អែមប្រភេទទី ២)

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ ទូច សុខា · កែ Mar 17, 2022

Diabetes Type 2 (ជំងឺទឹកនោមផ្អែមប្រភេទទី ២)

និយម​ន័យ

១- អ្វី​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី ២?

ទឹក​នោម​ផ្អែម​ប្រភេទ​ទី ២ ជា​ជំងឺ​រ៉ាំរ៉ៃ​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បម្លែង​ជាតិ​ស្ករ​​ កើត​ឡើង​ដោយ​សារ​កោសិកា​ក្នុង​ខ្លួន ​មិន​ទទួល​ស្គាល់ ឬ​ស៊ាំជាមួយ​អាំងស៊ុយលីន​ (អ័រម៉ូន​ជួយ​សម្រួល​ជាតិស្ករ​នៅក្នុង​ខ្លួន)​ ឬ​កោសិកា​ផលិត អាំងស៊ុយលីន​ បញ្ចេញ​មិនគ្រប់​គ្រាន់​ ដើម្បី​ជួយ​គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ខ្លួន​ឲ្យ​ស្ថិត​នៅ​កម្រិត​ប្រក្រតី។

ជំងឺ​នេះ មិន​អាច​ព្យាបាល​ឲ្យជា​សះ​ស្បើយ​បាន​ទេ ប៉ុន្តែ​មាន​វិធី​អាច​ជួយ​បង្ការ​សុខភាព​ល្អ​ប្រសើរ​ឡើង​វិញ ដូច​ជា ​ញ៉ាំ​ឲ្យ​បាន​គ្រប់​គ្រាន់ ហាត់​ប្រាណ​ និង​រក្សា​គីឡូ​ឲ្យ​ថេរ។​ ក្នុង​ករណី លំហាត់​ប្រាណ​ និងរបប​អាហារ​មិន​អាច​ជួយ​បាន ច្បាស់​ជា​ត្រូវ​លេប​ថ្នាំ​មិន​ខាន។

​២- កើត​ឡើង​ញឹក​ញាប់ដែរទេ?​

ទឹក​នោម​ផ្អែម​ប្រភេទ​ទី ២​ ភាគ​ច្រើន​កើត​មាន​លើ​មនុស្ស​ពេញវ័​យ ប៉ុន្តែ​បច្ចុប្បន្ន​តួលេខ​មាន​លើ​កុមារ ក៏​កើន​ឡើង​គួរឲ្យ​ក​ត់សម្គាល់​ ដោយ​សារ​កត្តា​ធាត់​លើស​កម្រិត។

យោង​តាម​របាយ​ការណ៍​ អង្គការ​សុខភាព​ពិភពលោក កាល​ពី​ឆ្នាំ ​២០១៤ បង្ហាញ​ថា ៩ភាគរយ នៃ​មនុស្ស​ពេញវ័យ​ជុំវិញ​ពិភពលោក​ មាន​កើត​ជំងឺ​ទឹក​នោម​ផ្អែម ក្នុង​នោះ​ប្រមាណ ៩០​ភាគរយ ស្ថិត​ក្នុង​ក្រុម​ជំងឺ​ប្រភេទ​ទី ២។ កាល​ពី​ឆ្នាំ ២០១២ ​ជំងឺ​ទឹក​នោម​ផ្អែម​បាន​សម្លាប់​មនុស្ស​ជុំវិញ​ពិភព​លោក ដល់​ទៅ ​១,៥ លាន​នាក់ ហើយ​ជាងពាក់​កណ្តាល​នៃ​អ្នក​ជំងឺ​ស្លាប់​ដោយ​សារ​ជំងឺ​បេះដូង​ ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ខណៈ​ទឹក​នោម​ផ្អែម​ ក៏​ជា​ដើម​ហេតុ​មួយ​បណ្តាល​ឲ្យ​ខូច​តម្រង​នោម​ផង​ដែរ។

គណនា BMI

រោគសញ្ញា

៣- រោគសញ្ញាមានអ្វីខ្លះ?

រោគ​សញ្ញា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​នេះ ​មាន​ការ​វិវត្ត​​យឺត បណ្តាល​ឲ្យ​យើង​អាច​មាន​ជំងឺ​នេះ​រាប់​ឆ្នាំ​ដោយ​មិន​ដឹង​ខ្លួន ខណៈ​រោគ​សញ្ញា​ទូទៅ​រួម​មាន៖

– ស្រេកទឹក៖ នោម​ញឹក​ជាង​មុន​ ដោយ​សារ​តែ​ជាតិ​ស្ករ​កើន​ឡើង​ក្នុង​សរសៃ​ឈាម ទាញ​ទឹក​ចេញពី​សរសៃ​ឈាម។

– ឃ្លាន​ជាង​មុន៖ គ្មាន​ អាំងស៊ុយលីន ​ដឹក​នាំ​ជាតិ​ស្ករ​ចូល​ក្នុង​កោសិកា​ផលិត​ថាមពល។

– ស្រក​គីឡូ៖ ទោះ​បី​ជា​ញ៉ាំ​ច្រើន​ប៉ុណ្ណា ​គីឡូ​នៅ​តែ​ស្រក ព្រោះ​តែ​គ្មាន​ស្ករ​សម្រាប់​បំប្លែង​​ទៅ​ជា​ថាមពល​ ធ្វើ​ឲ្យ​រាង​កាយត្រូវ​​បំបែក​ជាតិ​ស្ករ​ពី​សាច់​ដុំ​ និង​ជាតិ​ខ្លាញ់​មក​ប្រើ​ជំនួស។​ លើស​ពី​នេះ​ទៀត​ កាឡូរី បាត់​បង់​ដោយ​ជាតិ​ស្ករ​ហូរ​តាម​ទឹក​នោម។

– អស់​កម្លាំង៖ ពេល​កោសិកា​គ្មាន​ជាតិ​ស្ករ យើង​នឹង​មាន​អារម្មណ៍​ហត់​នឿយ​ អស់​កម្លាំង។​

– ស្រវាំង​ភ្នែក៖ ពេល​ជាតិ​ស្ករ​កើ​នឡើង​ខ្លាំង​ ជាតិ​ទឹក​ក្នុង​កញ្ចក់​ភ្នែក​ហូរចេញ​ក្រៅ ធ្វើ​ឲ្យ​ភ្នែក ​ស្រវាំង។

– ងាយ​បង្ក​រោគ ​និង​របួស​មិន​ងាយ​ជា​សះ​ស្បើយ។

– ស្បែក​ខ្មៅ​តាម​តំបន់៖ កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី ២ អាច​មាន​ចេញ​ស្នាម​បន្ទះ​ពណ៌​ខ្មៅ​ នៅ​តាម​គន្លាក់​ និង​ចេញ​ផ្នត់​លើ​រាង​កាយ​ ភាគ​ច្រើន​កើត​មាន​នៅ​ក្លៀក​ និង​ក។

៤- ពេល​ណា​គួរ​ទៅ​ជួប​គ្រូពេទ្យ?

ពិនិត្យ​រក​មើល​រោគសញ្ញា​បាន​កាន់​តែ​ឆាប់ កាន់​តែ​ល្អ​ ព្រោះ​អាច​ការពារ​ផល​វិបាក​ធ្ងន់ធ្ងរ​ទៅថ្ងៃ​ក្រោយ​ អ៊ីចឹង​យើង​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាមៗ ក្រោយ​ប្រទះ​មាន​រោគ​សញ្ញា​អ្វី​ប្លែក។

អត្ថបទគួរអាន៖

មូលហេតុបង្ក

៥- អ្វីខ្លះជាមូលហេតុបង្ក?

ជំងឺ​នេះ​កើត​ឡើង​នៅ​ពេល​សារពាង្គកាយ​មិន​ទទួល​ស្គាល់ ឬ​ស៊ាំ​ជាមួយ អាំងស៊ុយលីន​ ឬ​លំពែង​ផលិត​ អាំងស៊ុយលីន ​មិន​បាន​គ្រប់គ្រាន់។ មក​ទល់​នឹង​ពេល​នេះ នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​ហេតុ​ផល​ចម្បង​បង្ក​ឲ្យ​មាន​ជំងឺ​នេះ​នៅ​ឡើយ ប៉ុន្តែ​កត្តា​ហ្សែន​ និង​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន ​ដូច​ជា​ លើស​ទម្ងន់ ​និង​គ្មាន​សកម្មភាព (មិន​ហាត់​ប្រាណ) ក៏ជា​កត្តា​រួម​ចំណែក​ផងដែរ។

ជំងឺទឹកនោមផ្អែម

កត្តាប្រឈម

៦- កត្តាប្រឈមមានអ្វីខ្លះ?

មាន​កត្តា​ប្រឈម​​ជា​ច្រើន​អាច​បណ្តាល​ឲ្យ​កើត​ទឹក​នោម​ផ្អែម​ប្រភេទ​ទី ២ ដូច​ជា៖

– ទម្ងន់៖​ ឡើង​ទម្ងន់​ខ្លាំង​ ជា​កត្តា​ប្រឈម​ខ្ពស់​បំផុត​បង្ក​ឲ្យ​មាន​ជំងឺ​ទឹក​នោម​ផ្អែម ព្រោះ​ពេល​ណា​កោសិកា​ខ្លាញ់​កាន់​តែច្រើន​ កោសិកា​រាងកាយ​ស៊ាំ មិន​ចាប់ អាំងស៊ុយលីន ត​ទៅ​ទៀត។ យ៉ាង​ណា មិន​មាន​ន័យ​ថា​ស្គម មិន​កើត​ទឹក​នោម​ផ្អែម​នោះ​ដែរ។

– ចែក​ចាយ​ជាតិ​ខ្លាញ់៖ ​​បើ​សិន​យើង​សម្បូរ​ខ្លាញ់​នៅ​ក្បាល​ពោះ​ ជា​កត្តា​ប្រឈម​ជំងឺ​ទឹក​នោម​ផ្អែម​ខ្ពស់​ជាង អ្នក​សម្បូរ​ខ្លាញ់​នៅ​កន្លែង​ផ្សេង។

– មិន​ហាត់​ប្រាណ៖​ ពេល​រាង​កាយ​មិន​សូវ​ធ្វើ​សកម្មភាព ឬ​មិន​ហាត់​ប្រាណ ​កាន់​តែ​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ ​២។ បញ្ចេញ​សកម្មភាព​ច្រើន អាច​ជួយ​រក្សា​ទម្ងន់​ឲ្យ​ថេរ​ តាម​រយៈ​ប្រើ​ប្រាស់​ជា​ស្ករ​ក្នុង​ខ្លួន​ទៅ​ជា​ថាមពល ជួយ​ធ្វើ​ឲ្យ​កោសិកា​ងាយ​មាន​ប្រតិកម្ម​ជាមួយ​ អាំងស៊ុយលីន។

​- ប្រវត្តិ​គ្រួសារ៖​ យើង​ងាយកើត​ជំងឺ​នេះ ​បើ​សិន​សមាជិក​ក្រុម​គ្រួសារ​ណា​ម្នាក់​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទទី ២។

– កត្តា​អាយុ៖ វ័យ​កាន់​តែ​ចាស់​ កាន់​តែ​ងាយ​កើតជំងឺ​នេះ​ ពិសេស​អាយុចាប់​ពី ៤៥​ ឆ្នាំឡើងទៅ ​ព្រោះ​អំឡុង​ពេល​នេះ យើង​មិន​សូវ​បញ្ចេញ​សកម្មភាព ឬ​ហាត់​ប្រាណ​ ធ្វើ​ឲ្យ​សាច់ដុំ​ថយ​ចុះ​ និង​ឡើង​គីឡូ។

រោគវិនិច្ឆ័យ និងការព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

ក្នុង​ករណី​សង្ស័យ​យើង​មាន​ជំងឺ​នេះ គ្រូពេទ្យ​នឹង​ធ្វើ​ការ​ពិនិត្យ​ ក៏​ដូច​ជា​ធ្វើ​តេស្ត​មួយ​ចំនួន​រួម​មាន៖

– តេស្ត​ អេម៉ូក្លូប៊ីន​ (A1C)​ ឬ តេស្ត​ Glycosylated Hemoglobin។ ធ្វើ​ឡើង​ដើម្បី​វាស់​កម្រិត​មធ្យម​ភាគ​ជាតិ​ស្ករ​ក្នុង​ខ្លួន​ចន្លោះ ២-៣ ខែ​មុន​ ហើយ​មិន​តម្រូវ​តម​អាហារ​ ដើម្បី​ធ្វើតេស្ត​នោះ​ទេ។

– តេស្ត​វាស់​កម្រិត​ជាតិ​ស្ករ​ក្នុង​ផ្លាស្មា (Fasting Plasma Glucose Test) ទាមទារ​តម​ចំណី​រយៈពេល ​៨ ម៉ោង​មុន​ពេល​ធ្វើ​តេស្ត។

– តេស្ត​វាស់​កម្រិត​ជាតិ​ស្ករ​តាម​មាត់ ​(Oral Glucose Tolerance Test) គ្រូពេទ្យ​នឹង​បូម​ឈាម​ ២ ម៉ោង​មុន​ឲ្យ​យើង​ញ៉ាំ​ស្ករ​ ដើម្បី​ដឹង​ថា​សារពាង្គកាយ​យើង​គ្រប់គ្រង​ជាតិ​ស្ករ​បាន​ល្អ​ប៉ុណ្ណា។

៨- ព្យាបាលដោយវិធីណា?

ទោះ​មិន​អាច​ព្យាបាល​ជា​សះ​ស្បើយ ប៉ុន្តែ​យើង​នៅ​តែ​អាច​គ្រប់​គ្រង​ជំងឺ​ទឹកនោម​ផ្អែម​បាន​យ៉ាង​ងាយ។ គ្រូពេទ្យ​នឹង​ប្រាប់​ចំនួន​ជួស​ឈាម​មើល​ជាតិ​ស្ករ ​គោលដៅ​ធ្វើ​យ៉ាង​ណា​តាមដាន​ និង​ធ្វើ​ឲ្យ​ជាតិស្ករ​ស្ថិត​នៅ​កម្រិត​មួយ​អាច​ទទួល​យក​បាន។ គ្រូពេទ្យ​នឹង​ប្រាប់​ពី​រោគ​សញ្ញា​គ្រោះថ្នាក់​មួយ​ចំនួន​ នៅ​ពេល​ជាតិ​ស្ករឡើង​ខ្ពស់​ខ្លាំង ​និង​ចុះទាប​ខ្លាំង។ មិន​តែ​ប៉ុណ្ណោះ​ នឹង​ប្រាប់​ពី​អាហារ​​គួរ​ញ៉ាំ ​និង​មិន​គួរ​ញ៉ាំ។

គ្រប់​អ្នក​ជំងឺទឹក​នោមផ្អែម​ប្រភេទ ២ មិន​ចាំ​បាច់​ចាក់ អាំងស៊ុយលីន ទាំង​អស់​នោះ​ទេ ​ខ្លះ​គ្រាន់​តែ​ត្រូវ​លេប​ថ្នាំ​ក៏​បាន។ ប្រសិន​ជាត្រូវ​ចាក់​បន្ថែម អាំងស៊ុយលីន មាន​ន័យថា​លំពែង​លែង​មាន​សមត្ថភាព​ផលិត អាំងស៊ុយលីន គ្រប់​គ្រាន់។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់​រស់​នៅ

ផ្លាស់ប្តូរ​ទម្លាប់​រស់​នៅ និងវិធី​ព្យាបាលនៅ​ផ្ទះ អាច​ជួយ​បង្ការ និងគ្រប់គ្រង​ស្ថានភាព​ជំងឺ​បាន ដូចជា៖

– ញ៉ាំ​ល្មមៗ​កុំឆ្អែត​ពេក​

– ញ៉ាំ​​ឲ្យ​ទៀង​ទាត់​តាម​ពេល​វេលា

– រក្សា​ទម្ងន់​ឲ្យ​នៅ​ថេរ ថែ​ទាំសុខ​ភាព​បេះដូង​ឲ្យ​បាន​ល្អ​ ញ៉ាំ​ចំណី​សម្បូរ ស្ករ​បំប្លែង​រួច​ ស្ករ​គ្រាប់​ និង​ជាតិ​ខ្លាញ់​ក្នុង​បរិមាណ​កាន់​តែ​ទាប កាន់​តែ​ល្អ។

– ញ៉ាំ​អាហារ​ សម្បូរ​ជាតិ​សរ​សៃ​ និង​អាហារ​ម្សៅ​មាន​ជីវជាតិ កុំភ្លេច​ញ៉ាំ​ផ្លែឈើ ​បន្លែ​ និង​ស្រូវ​សាឡី ព្រោះ​អាច​ជួយ​រក្សា​លំនឹង​ជាតិ​ស្ករ​ក្នុង​ឈាម។

– ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​កន្លះ​​​ម៉ោង រៀង​រាល់​ថ្ងៃ​ អាច​ជួយ​បេះដូង​មាន​សុខភាព​ល្អ ថែម​ទាំង​​ជួយ​គ្រប់គ្រង​កម្រិត​ជាតិស្ករ​ក្នុង​ឈាម​ដូច​គ្នា។

​គន្លឹះ​​ជួយ​ឲ្យ​យើង​ចៀស​ផុត​ពី​​ជំងឺ​ទឹក​នោម​ផ្អែម៖​

– របប​អាហារ៖ អាហារ​គួរ​តែ​សម្បូរ​ពពួក​កាបូនអ៊ីដ្រាត (ស្ករ​ធម្មជាតិ) និង​ជាតិ​សរសៃ។ ត្រូវ​ការ​ថ្នាំ​គ្រាប់​អូមេហ្គា ​៣ ចម្រាញ់​ពី​ខ្លាញ់​ត្រី ដើម្បី​ជំនួយ​ដល់​សុខភាព​បេះដូង។ ចំពោះ​អាហារ​ផលិត​ពី​ទឹក​ដោះ​គោ ​គួរ​តែ​ជ្រើស​យក​ប្រភេទ​ជាតិ​ខ្លាញ់​ទាប ​ប៉ុន្តែ​កុំ​ញ៉ាំ​វា​ច្រើន​ពេក។ របប​អាហារ​មិន​គួរ​ច្រើន​ពេក។

​- ហាត់​ប្រាណ៖ ទឹក​នោម​ផ្អែម ទាក់​ទង​ការ​ធ្វើ​សកម្មភាព ហេតុ​នេះ​ហាត់​ប្រាណ​ឲ្យ​បាន​កន្លះ​ម៉ោង រៀង​រាល់​ថ្ងៃ​ ជួយ​សុខភាព​ប្រសើរ បើ​អាចគួរ​តែធ្វើ​សកម្ម​ផ្សេងៗ​បន្ថែមពី​លើ​ក៏​បាន។

– ​គ្រប់​គ្រង​ទម្ងន់៖ បើ​សិន​លើស​គីឡូ គួរ​ញ៉ាំ​អាហារ​ណា​មាន​ជីវជាតិ​គ្រប់​គ្រាន់ ល្អ​សម្រាប់​សុខភា​ព ហើយ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​អាច​ជួយ​គ្រប់​គ្រង​ទម្ងន់។ ធ្វើ​បែប​​នៅ​តែ​មិន​អាច​ជួយ​បានទៀត គួរ​ជួប​គ្រូពេទ្យ​ដើម្បី​រក​វិធី​សាស្រ្ត​ផ្សេង​សក្តិសម​សម្រាប់​យើង។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ ទូច សុខា · កែ Mar 17, 2022

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម