បើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត វី ឌុច្ជដា ឯកទេសជំងឺទឹកនោមផ្អែមទើបបញ្ចប់ការសិក្សានៅស្រុកខ្មែរ ហើយកំពុងសិក្សាបន្ថែមនៅប្រទេសបារាំង បានណែនាំឧបករណ៍ Pompe Insuline ដែលជាជំនួយការសំខាន់សម្រាប់មួយអ្នកជំងឺទឹកនោមផ្អែម។
លោកបានបង្ហាញថា ប្រសិនបើស្រុកខ្មែរមានការនាំចូលឧបករណ៍មួយនេះ ពិតជាអាចជួយសម្រួលការចាក់អាំងស៊ុយលីនដល់អ្នកជំងឺបានច្រើន។ វេជ្ជបណ្ឌិតរូបនេះបានឲ្យដឹងទៀតថា ជំងឺទឹកនោមផ្អែមមានច្រើនប្រភេទ ហើយអ្នកកើតក្នុងប្រភេទទី ១ និងទី ២ ពេលដល់ដំណាក់កាលណាមួយត្រូវចាក់អាំងស៊ុយលីន មានរបស់នេះអាចជួយបានច្រើន។ រីឯមូលហេតុដែលគេបង្កើត Pompe គឺដើម្បីជាជំនួយកុំឲ្យចាក់អាំងស៊ុយលីនតាមសឺរ៉ាំងច្រើនដងពេក។
ក្រៅរឿងចាក់អាំងស៊ុយលីនតាមសឺរ៉ាំង មុនជំនាន់ Pompe បង្ហាញខ្លួន គេក៏បានបង្កើតប៉ិចចាក់ តែ Pompe នេះមានភាពងាយស្រួលជាង ២ វិធីមុនៗ ហើយអ្នកជំងឺនៅស្រុកខ្មែរភាគច្រើននៅប្រើសឺរ៉ាំង។ តែក្រឡេកមើលទៅអ្នកជំងឺនៅប្រទេសអឺរ៉ុបមួយនេះ គឺគេប្រើឧបករណ៍មួយនេះភាគច្រើន ហើយលោកមានសុទិដ្ឋិនិយមថា ពេលប៉ុន្មានឆ្នាំខាងមុខទៀតប្រទេសយើងក៏ការប្រើប្រាស់ច្រើនដែរ។
ចំណែករបៀបប្រើវិញ គឺត្រូវដាក់ជាប់នឹងខ្លួន ហើយក្នុង Pompe មានម្ជុលជាប់ក្នុងសាច់ និងត្រូវដូរ ៣ ថ្ងៃម្ដង។ បន្ទាប់មកមានម៉ូនីទ័រមួយសម្រាប់គណនាចំនួនអាំងស៊ុយលីន។ បើនិយាយពីអត្ថប្រយោជន៍ទទួលបានពីការប្រើ Pompe ទាំងអ្នកជំងឺ និងគ្រូពេទ្យមាន៖
១- កាត់បន្ថយការចាក់អាំងស៊ុយលីនច្រើនដងទៅលើអ្នកជំងឺ
២- គ្រូពេទ្យងាយស្រួលគណនាចំនួនអាំងស៊ុយលីនអ្នកជំងឺ
៣- គ្រប់គ្រងជាតិស្ករបានល្អចំពោះអ្នកជំងឺណាមានជាតិស្ករឡើងចុះៗ
៤- អាចកំណត់ចំនួនអាំងស៊ុយលីនចំពោះអ្នកជំងឺម្នាក់ៗ។
វេជ្ជបណ្ឌិត វី ឌុច្ជដា បានឲ្យដឹងថាឧបករណ៍មួយនេះមានអាយុ ៣០-៤០ ឆ្នាំហើយដែលមានដើមកំណើតចេញពីប្រទេសបារាំង ប៉ុន្តែចាប់ពីឆ្នាំ ២០០០ មកទើបមានការប្រើប្រាស់ទូលំទូលាយ។ ចំណែកតម្លៃវិញរាងថ្លៃបន្តិច ព្រោះត្រូវចំណាយលើម្ជុល និងអាំងស៊ុយលីនច្រើន ដោយតម្លៃចាប់ពីខ្ទង់ពាន់ដុល្លារឡើងទៅដល់ម៉ឺនក្នុងមួយឆ្នាំ និងតាមម៉ូដែល ហើយអ្នកជំងឺទឹកនោមផ្អែមនៅប្រទេសបារាំងរដ្ឋាភិបាលជួយចេញថ្លៃចំណាយ។
[embed-health-tool-bmi]