backup og meta

ឈឺក្បាលខ្លាំងព្រឹកៗ អាចជារោគសញ្ញាមួយនៃដុំសាច់ខួរក្បាល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jun 25, 2021

    ឈឺក្បាលខ្លាំងព្រឹកៗ អាចជារោគសញ្ញាមួយនៃដុំសាច់ខួរក្បាល

    ពេល​យើង​មាន​អាការៈ​ឈឺក្បាល​កាន់​តែ​អាក្រក់ និង​នៅ​បន្ត​ឈឺ​ជាប់​មិន​បាត់​ទៅ​ណា នោះ​ជា​ពេល​មួយ​ដែល​អាច​ចាប់​ផ្ដើម​គិត​ថា​វា​ជា​រោគ​សញ្ញាគ្រោះ​ថ្នាក់​ឬ​យ៉ាងណា​ ឬ​អាច​ជា​ដុំសាច់​ខួរ​ក្បាល​?​ ​អាការៈ​ឈឺ​ក្បាល​ជាប់​ជា​ប្រចាំ​​គឺ​ជា​រោគ​សញ្ញា​មួយ​នៃ​ដុំ​សាច់​ក្នុង​ខួរ​ក្បាល តែ​ថា​ដុំ​សាច់​​ខួរ​ក្បាល​មិន​មែន​មាន​ជា​រោគ​សញ្ញា​តែ​មួយ​មុខ​នោះ​ទេ​។

    បញ្ហា​ដុំ​សាច់​​ខួរ​ក្បាល​នៅ​មាន​រោគ​សញ្ញា​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​ ក្រៅពី​អាការៈ​ឈឺ​ក្បាល​។ ដុំ​សាច់​ក្នុង​ខួរ​ក្បាល​អាច​ជា​ដុំ​សាច់​មិន​បង្ក​មហារីក ឬ​ដុំ​សាច់​បង្ក​មហារីក​។ រោគ​សញ្ញា​នៃ​បញ្ហា​ដុំ​សាច់​ទាំង​ពីរ​ប្រភេទ​នេះ មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា។ រោគ​សញ្ញា​អាច​លេច​ចេញ​នៅ​ពេល​ដែល​ផ្នែក​ខ្លះ​នៃ​ខួរ​ក្បាល​ពិបាក​ដំណើរ​ការ​នៅ​ត្រង់​កន្លែង​មាន​ដុំ​សាច់ ឬ​ការ​កើន​ឡើង​សម្ពាធក្នុង​ខួរ​ក្បាល​​ ដែល​បាន​សង្កត់​ទៅ​លើ​ទី​តាំង​នៅ​ជុំ​វិញ​ខួរ​ក្បាល​។ ឧទាហរណ៍​ថា​ដុំ​សាច់​មាន​នៅ​ខួរ​ក្បាល​ប៉ះផ្នែក​ដំណើរការ​​​គំហើញ វា​នាំ​ឲ្យ​គំហើញ​មាន​បញ្ហា​។

    ១. ប្រកាច់

    អាការៈ​ប្រកាច់​ច្រើន​ជា​រោគ​សញ្ញា​ដំបូង​ដែល​អ្ន​ក​មាន​បញ្ហា​ដុំ​សាច់​ក្នុង​ខួរ​ក្បាល​​ជួប​ប្រទះ មិន​មែន​ជា​អាការៈ​ឈឺ​ក្បាល ដូច​មនុស្ស​មួយ​ចំនួន​គិត​នោះ​ទេ​។ មនុស្ស​រហូត​ដល់​១ភាគ​៣ ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​មាន​អាការៈ​ប្រកាច់ មុន​ពេល​រក​ឃើញ​ថា​មាន​ដុំ​សាច់​ក្នុង​ខួរ​ក្បាល​។

    Content-1-GIF

    ​២. ឈឺក្បាល

    មនុស្ស​ប្រហែល​ជា​ពាក់​កណ្ដាល​ដែល​មាន​បញ្ហា​ដុំ​សាច់​ក្នុង​ខួរ​ក្បាល ជួប​បញ្ហា​ឈឺ​ក្បាល​។ បញ្ហា​ឈឺ​ក្បាល​ដោយ​សារ​ដុំ​សាច់​ក្នុង​ខួរ​ក្បាល ច្រើន​កើត​ឡើង និង​ធ្វើ​ឲ្យ​ឈឺ​ខ្លាំង​នៅ​ពេល​ព្រឹក ហើយ​អាច​ប្រសើរ​ឡើង​វិញ​នៅ​ពេល​ថ្ងៃ​បន្តិច​។ អាការៈ​ឈឺ​ក្បាល​បែប​នេះ អាច​កើត​មាន​ពេញ​ទាំង​ក្បាល ឬក៏​ឈឺ​ខ្លាំង​នៅ​តែ​មួយ​ចំហៀង​​ក្បាល​។ អាការៈ​ឈឺ​ក្បាល​នេះ ទៀត​សោត​នឹង​កាន់​តែ​ឈឺ​ខ្លាំង​ពេល​យើង​ធ្វើ​សកម្មភាព​រាង​កាយ ពេល​កណ្ដាស់ ក្អក ឱន​ចុះឡើង ឬ​ពេល​ប្រឹង​បត់ជើង​ធំ​។​​

    ៣. ក្អួត​

    អាការៈ​ ក្អួត ឬ​ចង្អោរ ពិសេស​កើត​ឡើង​នៅ​ពេល​ព្រឹក ក៏​ជា​រោគ​សញ្ញា​មួយ​នៃ​ដុំ​សាច់​ក្នុង​ខួរ​ក្បាល​ដែរ​។ អាការៈ​ក្អួត​នេះ អាច​កើត​ឡើង​នៅ​ពេល​ព្រឹក មុន​ក្រោក​ពី​ដំណេក​ពេល​យើង​បែរ​ខ្លួន​ចុះ​ឡើង ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ចង់​ក្អួត​។

    ៤. ការ​ចងចាំ​ធ្លាក់​ចុះ

    ​ដុំ​សាច់​ក្នុង​ខួរ​ក្បាល​អាច​ធ្វើ​ឲ្យ​យើង​មាន​កា​ភ្លេច​ភ្លាំង​ខ្លះៗ ឬ​ធ្លាក់​ចុះ​ការ​ផ្ទង់​អារម្មណ៍​ជាដើម។ អ្នក​ខ្លះ​ធ្លាប់តែ​ពូកែ​បើ​ក​បរ​រថ​យន្ត តែ​ពេល​មាន​បញ្ហា​ដុំ​សាច់​ក្នុង​ខួរ​ក្បាល​អាច​ធ្វើ​ឲ្យ​អារម្មណ៍​ប្រែ​ប្រួល​ខ្លះ​ពេល​បើក​បរ និង​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ចរាចរណ៍​។

    មួយ​វិញ​ទៀត ដូច​ជា​អ្នក​ធ្លាប់​តែ​ពូកែ​ដោះ​ស្រាយ​លំហាត់​គណិតវិទ្យា ឬ​លេង​អុក តែ​បែរជា​ភាន់​ភាំង​ពេល​ត្រូវ​ដោះ​ស្រាយ​លំហាត់ ឬ​លេង​អុក​ ជា​ដើម​។

    Content-1-GIF

    ៥. បាត់​បង់​ស្មារតី

    ពេល​មាន​សម្ពាធ​ក្នុង​ខួរ​ក្បាល​ឡើង​ខ្លាំង​ វា​ធ្វើមាន​សម្ពាធ​ខ្លាំង​លើ​ខួរ​ក្បាល​ដែរ​​។ ការ​បាត់​បង់​ស្មារតី អាច​កើត​ឡើង​បាន​ដោយ​ហេតុ​ផល​មួយ​ចំនួន​។ អ្នក​ខ្លាំង​អាច​មាន​អារម្មណ៍​អស់​កម្លាំង​ខ្លាំង ដែល​អាច​ឈាន​ដល់​បាត់​បង់​ស្មារតី ឬ​អ្នក​ខ្លះ​អាច​បាត់​បង់​ស្មារតី​ភ្លាម​ៗ​តែម្ដង​។ ការ​បាត់​បង់​ស្មារតី​នេះ​អាស្រ័យ​លើ​មូល​ហេតុ​បង្ក ហើយ​ការ​បាត់​បង់​ស្មារតី​ខ្លះ​អាច​បង្ក​ទៅ​ជា​ការ​​សន្លប់​ក្នុង​រយៈពេល​យូរ​។

    ​៦. អារម្មណ៍​ប្រែ​ប្រួល​

    អ្នក​មាន​បញ្ហា​ដុំ​សាច់​ក្នុង​ខួរ​ក្បាល​ខ្លះ​អាច​ជួប​បញ្ហា​អារម្មណ៍​ប្រែ​ប្រួល​ដែរ​។ ដូច​ជា​អ្នក​ខ្លះ​ក៏​ស្រាប់​តែ មាន​អារម្មណ៍​ផ្លូវ​ភេទ​ខ្លាំង​ភ្លាម​ៗ ឬ​នៅ​សុខ​ៗ​សើច​មិន​ត្រូវ​ពេល​ជា​ដើម​។

    ៧. បញ្ហា​គំហើញ​

    បញ្ហា​គំហើញ ឬ​ស្ដាប់​ អាច​កើត​មាន​ដែរ​ចំពោះ​អ្នក​មាន​បញ្ហា​ដុំ​សាច់​ក្នុង​ខួរ​ក្បាល​។ បញ្ហា​គំហើញ​ចំពោះ​អ្នក​មាន​ដុំ​សាច់​ក្នុង​ខួរ​ក្បាល​មាន​ដូច​ជា​ព្រិល​ភ្នែក មើល​ឃើញ​វត្ថុ​អ្វី​មួយ​បែក​ជាពីរ ឬ​បាត់​បង់​គំហើញ​។ ចំពោះ​បញ្ហា​​ការ​ស្ដាប់​វិញ អាច​បាត់​បង់​ការ​ស្ដាប់​ឮ​នៅ​ត្រចៀក​ម្ខាង ឬ​ឮ​សំឡេង​ងឺងៗ​នៅ​ក្នុង​ត្រចៀក​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jun 25, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម