ដុំសាច់ខួរក្បាលអាចកើតលើមនុស្សគ្រប់គ្នា ដោយមានច្រើនទម្រង់ និងទំហំ ហើយរោគសញ្ញាដុំសាច់ខួរក្បាលក៏មានច្រើនដែរ។ រោគសញ្ញាដុំសាច់ខួរក្បាលដែលគេអាចដឹងបានគឺអាស្រ័យលើទីតាំងដែលវាកើតនៅផ្នែកណាមួយនៃខួរក្បាល។
ឧទាហរណ៍ថា ដុំសាច់មានទីតាំងនៅកន្លែងខួរក្បាលគ្រប់គ្រងចលនាដៃ ឬគំហើញ នោះរោគសញ្ញាអាចមានដូចជាខ្សោយនៅត្រង់ដៃ ឬខ្សោយគំហើញជាដើម។ យ៉ាងណាក៏មានរោគសញ្ញាទូទៅមួយចំនួនច្រើនកើតឡើងជាងរោគសញ្ញាផ្សេងទៀតពេលមានដុំសាច់ខួរក្បាល។
១. ឈឺក្បាល
អាការៈឈឺក្បាលអាចជារោគសញ្ញាទូទៅនៃជំងឺផ្សេងៗ ហើយអាការៈនេះតែមួយមុខមិនអាចសន្និដ្ឋានបានថាជាដុំសាច់ខួរក្បាលនោះទេ។ ប៉ុន្តែយើងគួរទៅជួបពេទ្យបើឈឺក្បាលបែប៖
- ឈឺក្បាលជាមួយនឹងអារម្មណ៍មិនស្រួលខ្លួន
- ឈឺក្បាលបែបមិនធ្លាប់មានពីមុនមក
- ឈឺក្បាលធ្វើឲ្យភ្ញាក់ពីគេងនៅពេលយប់
- ឈឺក្បាលធ្វើឲ្យភ្នែកចាប់ផ្ដើមព្រិល
- ឈឺក្បាលកាន់តែអាក្រក់ទៅក្នុងរយៈពេលរាប់អាទិត្យ ឬខែ
២. បញ្ហាភ្នែក
ដុំសាច់ខួរក្បាលក៏ធ្វើឲ្យយើងមានបញ្ហាភ្នែកផងដែរ ដែលធ្វើឲ្យគំហើញរបស់យើងធ្លាក់ចុះ ហើយការប្រើវ៉ែនតាមិនអាចជួយអ្វីបាននោះទេ។ ពេលខ្លះគំហើញរបស់យើងវិលមករកសភាពធម្មតា និងពេលខ្លះក៏ពិបាកមើលវិញក៏មាន។ មួយវិញទៀត ក៏អាចធ្វើឲ្យយើងបាត់បង់សមត្ថភាពមើលឃើញរបស់នៅខាងចុងនៃភ្នែកដែលអាចធ្វើឲ្យយើងដើរបុករបស់នៅខាងស្ដាំ ឬខាងឆ្វេងដៃ។ បញ្ហានេះ អាចលេចចេញមកដូចជា៖
- ស្រវាំងភ្នែក
- មានស្នាមនៅអណ្ដែតក្នុងភ្នែក
- ពិបាកមើលរបស់នៅឆ្ងាយ
ក្រៅពីរោគសញ្ញាទាំងពីរនេះ នៅមានរោគសញ្ញាមួយចំនួនទៀតដូចជា ប្រកាច់ ស្ពឹកលើផ្នែកណាមួយនៃរាងកាយ ការចងចាំប្រែប្រួល ឬភ្លេចភ្លាំង ពិបាកគិត ពិបាករក្សាលំនឹង និងចង្អោរ ជាដើម។
ការព្យាបាលបញ្ហាដុំសាច់ខួរក្បាល គឺអាស្រ័យលើប្រភេទដុំសាច់ ទីតាំងដុំសាច់ និងស្ថានភាពសុខភាពអ្នកជំងឺជាក់ស្ដែង។ ដូចនេះ បើយើងមានរោគសញ្ញាសង្ស័យណាមួយ គួរតែប្រញាប់ពិគ្រោះជាមួយគ្រូពេទ្យ។
[embed-health-tool-bmi]