និយមន័យ
១- អ្វីជាជំងឺមហារីកក្រពះ?
មហារីកក្រពះ សំដៅទៅលើការរីកដុះដាលនៃដុំមហារីកក្នុងក្រពះ កើតឡើងនៅពេលមានកោសិកាក្រពះកើនឡើងជាដុំសាច់។ មហារីកក្រពះ ជាជំងឺឧស្សាហ៍កើតមាន និងងាយរាលដាលទៅសរីរាង្គផ្សេងទៀត។ បើមិនព្យាបាលឲ្យបានត្រឹមត្រូវទេ អាចស្លាប់តែម្តង។
២- មហារីកក្រពះកើតឡើងញឹកញាប់ដែរទេ?
គ្រប់គ្នាសុទ្ធតែអាចកើតមហារីកក្រពះ ប៉ុន្តែប្រុសៗមានអាយុលើសពី ៤០ឆ្នាំ មានហានិភ័យខ្ពស់ជាងស្រីៗ។ យ៉ាងណា យើងនៅតែអាចកាត់បន្ថយអត្រាប្រឈមកើតមហារីកក្រពះបាន។ បើមានចម្ងល់ សូមពិភាក្សាជាមួយគ្រូពេទ្យជំនាញ។
រោគសញ្ញា
៣- រោគសញ្ញាមហារីកក្រពះមានអ្វីខ្លះ?
មហារីកក្រពះ ជាទូទៅមិនមានរោគសញ្ញានោះទេ ពេលដែលដុំសាច់ដុះ យើងនឹងមានអាការៈឈឺពោះ ចង់ក្អួត និងលែងឃ្លានអាហារជាដើម។ រោគសញ្ញាផ្សេងទៀត អាចមានដូចជា តឹងពោះពេលញ៉ាំអាហាររួច ពិបាកលេបអាហារ ក្រហាយក្រពះ ស្រកទម្ងន់ លាមកមានឈាម មានដុំអាចប៉ះបាន តឹងណែនក្រពះក្រោយញ៉ាំអាហាររួច និងមានទឹកក្នុងពោះ (ទាចទឹក)។ អាចមានរោគសញ្ញាខ្លះទៀត មិនបានរ៉ាយរ៉ាប់នៅខាងលើ ហេតុនេះ មានចម្ងល់ ឬមន្ទិលសង្ស័យ សូមទាក់ទងទៅកាន់គ្រូពេទ្យជំនាញ។
៤- ពេលណាគួរទៅជួបពេទ្យ?
បើយើងមានរោគសញ្ញាខាងលើ សូមទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ព្រោះរាងកាយមនុស្សម្នាក់ៗមានភាពខុសគ្នា រោគសញ្ញាក៏ខុសគ្នាដែរ។
មូលហេតុបង្ក
៥- មូលហេតុបង្កឲ្យកើតមហារីកក្រពះ
មូលហេតុពិតប្រាកដបង្កឲ្យកើតមហារីកប្រភេទនេះ នៅមិនទាន់រកឃើញច្បាស់នៅឡើយទេ ប៉ុន្តែកត្តាជំរុញឲ្យកើតមានមហារីកក្រពះ មានដូចជា របបអាហារសម្បូរសារធាតុនីត្រាត (Nitrates) អាចធ្វើឲ្យមានការកើនហានិភ័យកើតមហារីកនេះ។ សារធាតុនីត្រាត មាននៅក្នុងអាហារមានជាតិផ្សែង និងប្រៃ ត្រូវបានបំប្លែងដោយបាក់តេរីទៅជានីទ្រី (Nitries) ដែលជាសារធាតុធ្វើឲ្យកើតមហារីក។ អ្នកមានមេរោគក្រពះ (Helicobacter pylori) នឹងប្រឈមកើតមហារីកក្រពះកាន់តែខ្ពស់។
អត្ថបទពាក់ព័ន្ធ៖
កត្តាប្រឈម
៦- កត្តាប្រឈមមហារីកក្រពះមានអ្វីខ្លះ?
កត្តាប្រឈមធ្វើឲ្យកើតមហារីកក្រពះមាន៖
– អាហារប្រៃ និងមានផ្សែង
– របបអាហារមានបន្លែផ្លែឈើតិច
– អាហារមានផ្ទុកមេរោគផ្សិត
– មានប្រវត្តិគ្រួសារមានកើតមហារីកក្រពះ
– មានផ្ទុកមេរោគក្រពះ Helicobacter pylori
– មានរលាកក្រពះរ៉ាំរ៉ៃ
– មានជំងឺ Pernicious anemia (ប្រភេទជំងឺស្លេកស្លាំង)
– ជក់បារី
– មានជំងឺក្រពះ (Stomach polyps)
ទោះជាគ្មានកត្តាប្រឈមក៏ដោយ មិនមានន័យថាមិនកើតមហារីកក្រពះនោះទេ។ សូមទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
តេស្តដែលអាចជួយធ្វើរោគវិនិច្ឆ័យមហារីកក្រពះមានដូចជា៖
– ឆ្លុះក្រពះ
– តេស្តឈាម និងលាមក
– CT ស្កេន ឬឆ្លុះកាំរស្មីអ៊ិច
៨- ព្យាបាលដោយវិធីណា?
វិធីព្យាបាលអាស្រ័យទៅលើការវិវត្តរបស់ជំងឺ ខណៈវះកាត់ គឺជាវិធីមួយគត់អាចឲ្យជំងឺជាសះស្បើយបាន។ វះកាត់ គឺត្រូវវះយកដុំមហារីកចេញពីក្រពះ ឬការកាត់ក្រពះចេញតែម្ដង ជាមួយក្រពេញទឹករងៃដែលនៅជិតដុំមហារីក។ សម្រាប់អ្នកជំងឺដំណាក់កាលចុងក្រោយ មិនអាចទទួលយកការវះកាត់បាន ត្រូវព្យាបាលដោយគីមី ឬវិទ្យុសកម្ម ប៉ុន្តែមិនអាចព្យាបាលជាសះស្បើយនោះទេ។ សម្រាប់អ្នកជំងឺមួយចំនួន អាចប្រើវិធីវះកាត់ Bypass procedure ដើម្បីជួយបន្ធូររោគសញ្ញា។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ការផ្លាស់ប្តូរការរស់នៅ និងការព្យាបាលនៅផ្ទះ អាចជួយកាត់បន្ថយហានិភ័យកើតមហារីកក្រពះបានដូចជា៖
– អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ
– កុំជក់បារី
– ញ៉ាំបន្លែ ផ្លែឈើ ឲ្យបានច្រើន
– មិនត្រូវញ៉ាំអាហារប្រៃពេក និងខ្លោច
– មិនត្រូវផឹកស្រា
– ត្រូវតាមដានដោយឆ្លុះក្រពះឲ្យបានទៀងទាត់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]