វីរុសថ្លើមប្រភេទC ជាទូទៅឆ្លងតាមឈាម ហើយវីរុសនេះក៏អាចបង្កជាជំងឺមហារីកបានដែរ។ គ្នាយើងប្រហែលជាធ្លាប់បានដឹងហើយថាវីរុសHPV អាចបង្កជាជំងឺមហារីកស្បូន តែមិនមែនមានតែវីរុសមួយប្រភេទនេះទេដែលបង្កឲ្យមានជំងឺមហារីកនោះ។ វីរុសផ្សេងៗទៀត ដូចជាវីរុសថ្លើមប្រភេទC ក៏អាចបង្កជាជំងឺមហារីកថ្លើម។
តាមការចុះផ្សាយរបស់មជ្ឈមណ្ឌលជំងឺមហារីកMD Anderson នៃសាកលវិទ្យាល័យTexas បានលើកឡើងថាមនុស្សប្រហែលជា៣០ភាគរយបានឆ្លងវីរុសថ្លើមប្រភេទC ហើយក៏បានបាត់ទៅវិញដោយឯកឯង។ ប៉ុន្តែថាអ្នកផ្សេងទៀតអាចវិវត្តទៅជាជំងឺក្រិនថ្លើមប្រភេទC (CHC)។
ការឆ្លងវីរុសនេះ បង្កឲ្យមានការរលាកនៅថ្លើម ហើយបើការរលាកបន្តកាន់តែយូរវានឹងធ្វើឲ្យថ្លើមមានស្នាម ហៅថាជំងឺក្រិនថ្លើមដំណាក់កាលចុងក្រោយ ដែលអាចឈានដល់ជំងឺមហារីកថ្លើម។
ខុសពីវីរុសថ្លើមប្រភេទA និងB វីរុសថ្លើមប្រភេទC មិនមានវ៉ាក់សាំងបង្ការនោះទេ ហើយពេលឆ្លងវីរុសនេះក៏កម្រមានចេញរោគសញ្ញាដែរ។ វេជ្ជបណ្ឌិតរបស់មជ្ឈមណ្ឌលខាងលើ គឺលោក Harrys A. Torres បាននិយាយថា វីរុសនេះឆ្លងចូលក្នុងខ្លួនមនុស្សយើងដោយស្ងៀមស្ងាត់ និងថាវីរុសនេះមានភាពឆ្លាតវៃដែលអាចបំប្លែងខ្លួនបានយ៉ាងរហ័ស ដូចនេះហើយទើបមានការពិបាកក្នុងការផលិតវ៉ាក់សាំងបង្ការវីរុសមួយប្រភេទនេះ។
ការដឹងពីកត្តាប្រឈម និងពិនិត្យសុខភាពបានទៀងទាត់ ជាវិធីល្អបំផុតមួយក្នុងការការពារខ្លួនប្រឆាំងនឹងវីរុសថ្លើមប្រភេទC។ ការព្យាបាលការឆ្លងវីរុសបានទាន់ពេល អាចកាត់បន្ថយហានិភ័យកើតជំងឺមហារីកថ្លើមបានដល់៧៥ភាគរយ។
១. មូលហេតុបង្ក
ជំងឺថ្លើមប្រភេទC បង្កឡើងដោយវីរុសថ្លើមប្រភេទC។ វីរុសនេះអាចឆ្លងតាមរយៈឈាមមានផ្ទុកវីរុស ចូលទៅក្នុងចរន្តឈាមរបស់អ្នកដែលមិនមានវីរុស។
វីរុសនេះអាចឆ្លងតាមរយៈ៖
- ការប្រើម្ជុល សឺរ៉ាំងរួមគ្នា
- ការបញ្ចូលឈាមដោយមិនមានការត្រួតពិនិត្យត្រឹមត្រូវ
- ការរួមភេទដែលបង្កឲ្យមានការដាច់រហែកចេញឈាម (ដូចជាការរួមភេទរវាងបុរសនឹងបុរស)
- អាចឆ្លងពីម្ដាយទៅ កូន ករណីម្ដាយមានវីរុសថ្លើមប្រភេទ C តែជាករណីកម្រ
អង្គការសុខភាពពិភព(WHO)លោកបញ្ជាក់ថា វីរុសថ្លើមប្រភេទC មិនឆ្លងតាមការបំបៅដោះ ការញ៉ាំអាហារ ទឹក រួមគ្នា ឬការប៉ះពាល់គ្នាដូចជាការឱប ថើប នោះទេ។
អង្គការអន្តរជាតិមួយនេះបានប៉ាន់ប្រមាណថាក្នុងឆ្នាំ២០១៥ មានមនុស្សឆ្លងវីរុសថ្លើមប្រភេទC ថ្មីចំនួន១,៧៥លាននាក់នៅទូទាំងពិភពលោក។
២. រោគសញ្ញា
រយៈពេលសម្ងំខ្លួនរបស់វីរុសថ្លើមប្រភេទC អាចមានរយៈពេលចន្លោះពីពីរសប្ដាហ៍ ទៅប្រាំមួយខែ។ គិតចាប់ពីពេលឆ្លងដំបូង មនុស្សប្រហែល៨០ភាគរយមិនមានចេញរោគសញ្ញាអ្វីនោះទេ។ សម្រាប់អ្នកខ្លះអាចចេញរោគសញ្ញាស្រួចស្រាល់ដូចជាក្ដៅខ្លួន អស់កម្លាំង មិនសូវឃ្លានអាហារ ចង្អោរ ក្អួត ឈឺពោះ ទឹកនោមពណ៌ខ្មៅ ឈឺសន្លាក់ និងស្បែកឡើងលឿង ជាដើម។ នេះបើតាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក។
៣. ការពិនិត្យ និងព្យាបាល
ដោយហេតុថាជំងឺថ្លើមប្រភេទ C អាចមានចេញរោគសញ្ញាតិចតួច ឬគ្មានតែម្ដង ដូចនេះហើយវាមានសារសំខាន់ណាស់ក្នុងការពិនិត្យសុខភាពស្វែងរកវីរុសមួយប្រភេទនេះ។
វីរុសថ្លើមប្រភេទ C អាចរកឃើញតាមរយៈការធ្វើតេស្តឈាម ហើយបើរកឃើញថាមានវិជ្ជមានវីរុសនេះយើងអាចធ្វើការព្យាបាលទាន់ពេល។ ក្នុងចំណោមវីរុសបង្កជាជំងឺមហារីក វីរុសថ្លើមប្រភេទC ជាវីរុសមួយប្រភេទដែលអាចព្យាបាលបាន។ ការរកឃើញវីរុសបានលឿន នោះការព្យាបាលក៏កាន់តែមានប្រសិទ្ធភាព។
៤. ផលវិបាក
ការឆ្លងវីរុសថ្លើមប្រភេទC ច្រើនឆ្នាំមិនបានទទួលការព្យាបាលអាចបង្កជាផលវិបាកធ្ងន់ធ្ងរដូចជា៖
- ថ្លើមមានស្នាម (ជំងឺក្រិនថ្លើម)។ បន្ទាប់ពីឆ្លងវីរុសថ្លើមរាប់ឆ្នាំ អាចបង្កជាជំងឺថ្លើម។ ពេលមានស្នាមនៅលើថ្លើម ធ្វើឲ្យ
- ថ្លើមមិនអាចបំពេញមុខងារបានល្អ។
- មហារីកថ្លើម មនុស្សមួយចំនួនអាចកើតជាជំងឺមហារីកថ្លើម ដោយសារការឆ្លងវីរុសថ្លើមប្រភេទC។
- ខូចថ្លើម។ ជំងឺក្រិនថ្លើមធ្ងន់ធ្ងរ អាចធ្វើឲ្យថ្លើមឈប់ដំណើរការ។
[embed-health-tool-bmi]