បើខ្លាចត្រូវចេះការពារផង ពាក្យចាស់និយាយត្រូវ “ការពារប្រសើរជាងព្យាបាល’ ជំងឺរលាកថ្លើម ឧស្សាហ៍ជួបប្រទះណាស់ ពិសេសរលាកថ្លើមប្រភេទ B និង C គ្រោះថ្នាក់ជាងគេ ហើយពិបាកព្យាបាលជាសះស្បើយទៀតផង។ ពេលនេះ “Hello គ្រូពេទ្យ’ នឹងប្រាប់វិធីការពារខ្លះៗឲ្យគ្នាយើងបានដឹង។
១- ហេតុផលត្រូវការពាររលាកថ្លើមប្រភេទ B និង C
ជំងឺរលាកថ្លើម គឺជាការបង្ករោគ អាចធ្វើឲ្យថ្លើមខូច នឹងអាចវិវត្តទៅជាឡើងដុំរឹង (បង្កដោយសម្លាក) ក្រិនថ្លើម និងអាចឈានដល់មហារីកថ្លើមទៀតផង។ រលាកថ្លើមមានទាំងអស់ ៥ ប្រភេទ ដោយសម្គាល់ជារលាកថ្លើម A, B, C, D និង E។ រលាកថ្លើមប្រភេទ A, B និង C ជាប្រភេទ ឃើញកើតមានញឹកញាប់បំផុត។ ដោយសារស្ថានភាពជំងឺ គំរាមកំហែងខ្លាំងដល់អាយុជីវិត ហេតុនេះវិធីការពារខ្លួនគឺជារឿងសំខាន់បំផុតយើងត្រូវដឹង។
២- វិធីការពាររលាកថ្លើមប្រភេទ B និង C
– ចាក់ថ្នាំបង្ការ
ថ្នាំបង្ការជំងឺរលាកថ្លើមប្រភេទ B គួរផ្តល់ឲ្យក្មេងគ្រប់គ្នាទាំងអស់៖
- សម្រាប់បេប៊ី ចាក់ថ្នាំបង្ការសរុបទាំងអស់ ៣ លើក។ កម្រិតថ្នាំដំបូង ត្រូវបានចាក់ឲ្យភ្លាមៗ ក្រោយពេលសម្រាល។ ថ្នាំបង្ការពីរលើកផ្សេងទៀត ត្រូវចាក់ឲ្យបេប៊ីនៅអាយុ ៦ខែ និង ១៨ខែ (ចាក់ដាច់ដោយឡែកពីគ្នា)។
- សម្រាប់បេប៊ី មានម៉ាក់ៗកើតជំងឺរលាកថ្លើមប្រភេទ B កាលពីមុន ឬកំពុងមានជំងឺរលាកថ្លើមប្រភេទ B ស្រួចស្រាវ គួរតែទទួលបានការចាក់ថ្នាំបង្ការពិសេសក្នុងរង្វង់ ១២ម៉ោង ក្រោយចាប់កំណើត។
- អាយុក្រោម ១៩ឆ្នាំ និងមិនធ្លាប់ទទួលថ្នាំបង្ការពីមុន គួរចាក់ថ្នាំបង្ការប្រភេទ B ឲ្យគ្រប់ចំនួន។
- មនុស្សពេញវ័យ គួរតែចាក់ថ្នាំបង្ការដូចគ្នា ជាពិសេសគ្នាយើងដែលប្រឈមកាន់តែខ្ពស់ ដូចជា វេជ្ជបណ្ឌិត បុគ្គលិកសេវាកម្មថែទាំសុខភាព និងគ្នាយើងធ្វើការ ឬរស់នៅជាមួយ អ្នកជំងឺរលាកថ្លើមប្រភេទ B។
- បញ្ហាសុខភាពមួយចំនួន ដូចជា ជំងឺតម្រងនោមដំណាក់កាលចុងក្រោយ ជំងឺថ្លើមរ៉ាំរ៉ៃ ឬការបង្ករោគដោយមេរោគ HIV។ មានដៃគូផ្លូវភេទច្រើន ឬក្រុមប្រុសៗរួមភេទជាមួយគ្នា ក៏ដូចជាក្រុមមនុស្សចាក់គ្រឿងញៀនជាដើម។
កំណត់សម្គាល់៖ បច្ចុប្បន្ន នាំបង្ការសម្រាប់ជំងឺរលាកថ្លើមប្រភេទ C មិនទាន់មាននៅឡើយទេ។
– ទម្លាប់រស់នៅមានផាសុកភាព
វីរុសរលាកថ្លើម មិនឆ្លងពីម្នាក់ទៅម្នាក់ទៀតតាមរយៈការប៉ះពាល់ធម្មតានោះទេ ដោយគ្រាន់តែ កាន់ដៃ ប្រើសម្ភារៈរួមគ្នា ដូចជា ចានបាយ ឬកែវទឹក បំបៅដោះ ថើប អោប ក្អក កណ្តាស់ ជាដើម។
គ្នាយើងអាចឆ្លងជំងឺរលាកថ្លើមប្រភេទ B និង C ក្នុងករណីប៉ះពាល់ឈាម ឬសារធាតុរាវក្នុងរាងកាយអ្នកជំងឺប៉ុណ្ណោះ។ ប៉ុន្តែដើម្បីចៀសវាងហានិភ័យ យើងគួរតែ រក្សារបស់ប្រើប្រាស់ផ្ទាល់ខ្លួនដូចជា ផ្លែឡាម ច្រាសដុសធ្មេញ ប្រដាប់ធ្វើក្រចក គួរតែប្រើផ្ទាល់ខ្លួនប៉ុណ្ណោះ កុំចែករំលែកឲ្យអ្នកដទៃប្រើឲ្យសោះ ខណៈឧបករណ៍វេជ្ជសាស្ត្រ (បំពង់បឺត ឬម្ជុល) ដាច់ខាតមិនត្រូវប្រើរួមគ្នាទេ។
បើមានការចាក់ទម្លុះរាងកាយ ដូចជា ចោះក្រវិល ឬសាក់ខ្លួន ជាដើមនោះ គួរតែប្រយ័ត្នផង។ បើកំពប់ ឬមានស្រកឈាម ត្រូវសម្អាតដោយប្រើសូលុយស្យុងក្នុងកម្រិតសមស្រប។
ត្រូវប្រាកដថាយើងរួមភេទប្រកបដោយសុវត្ថិភាព ទាំងមុន និងក្រោយពេលរួមភេទរួច។
អត្ថបទពាក់ព័ន្ធ៖ មូលហេតុលម្អិតម៉េចបានដល់ថ្នាក់ក្រិនថ្លើម ព្យាបាលលែងជា
៣- វិធីផ្សេងទៀតការពាររលាកថ្លើមប្រភេទ B
ជាធម្មតា ឈាមបរិច្ចាគ តែងទទួលការត្រួតពិនិត្យយ៉ាងម៉ត់ចត់ មុនចាក់បញ្ចូលទៅឲ្យនរណាម្នាក់ ហេតុនេះអាចជួយកាត់បន្ថយឱកាសចម្លងរលាកថ្លើមប្រភេទ B បានមួយកម្រិត។
គ្រប់ករណីមានបង្ករោគរលាកថ្លើមប្រភេទ B ថ្មីៗ គួររាយការណ៍ទៅកាន់សហគមន៍ថែទាំសុខភាព ដើម្បីមន្ត្រីសុខភាពសាធារណៈ អាចដឹង និងតាមដានទាន់ពេលវេលា ចំពោះគ្នាយើងដែលប៉ះពាល់ជាមួយវីរុស អាចនឹងវិវត្តកើតមានជំងឺរលាកថ្លើម។
បើប៉ះពាល់ជាមួយមេរោគក្នុងរង្វង់ ២៤ ម៉ោងដំបូង ត្រូវប្រញាប់ស្វែងរកថ្នាំបង្ការជំងឺរលាកថ្លើមប្រភេទ B ។ ប្រការនេះអាចការពារមិនឲ្យកកើតជាជំងឺរលាកថ្លើមបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជាមិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]