ជំងឺមហារីកត្រូវបានគេដឹងថាជាមូលហេតុបង្កធំមួយក្នុងចំណោមមូលហេតុផ្សេងទៀតដែលធ្វើឲ្យមនុស្សយើងស្លាប់ច្រើនលើពិពភលោក។ កាលពីឆ្នាំ២០១៧ មានការប៉ាន់ប្រមាណថាមនុស្ស៩,៦លាននាក់ស្លាប់ដោយសារជំងឺមហារីកប្រភេទផ្សេងៗគ្នា ក្នុងនោះមនុស្សមានវ័យ៧០ឆ្នាំឡើងមានប្រហែល៤៦ភាគរយ។
ដើម្បីបន្ថយហានិភ័យកើតជំងឺមហារីក យើងគ្រប់គ្នាគួរដាក់បន្លែងាយរកប៉ុន្មានប្រភេទនេះ ចូលក្នុងរបបអាហារ។
១. ខាត់ណាខៀវ
ខាត់ណាខៀវ មានផ្ទុកសារធាតុ sulforaphaneដែលតាមការសិក្សារកឃើញថាអាចកាត់បន្ថយទំហំ និងចំនួនកោសិកាមហារីកដោះ បានរហូតដល់៧៥ភាគរយ។
ដូចគ្នាដែរ ការសិក្សាលើសត្វកណ្ដុរបានរកឃើញថា sulforaphaneក៏អាចជួយសម្លាប់កោសិកាមហារីកក្រពេញប្រូស្តាត និងកាត់បន្ថយដុំសាច់បង្កជំងឺមហារីកបានជាង៥០ភាគរយ។
ការសិក្សាមួយចំនួនទៀតបានរកឃើញថាការញ៉ាំបន្លែដូចជាខាត់ណាខៀវបានច្រើន ក៏អាចមានទំនាក់ទំនងក្នុងការកាត់បន្ថយហានិភ័យកើតជំងឺមហារីកពោះវៀនធំផងដែរ។
២. ប៉េងប៉ោះ
ការសិក្សាបានរកឃើញថា ការញ៉ាំផ្លែប៉េងបោះជាប្រចាំក៏បានរួមចំណែកក្នុងការកាត់បន្ថយហានិភ័យជំងឺមហារីកក្រពេញប្រូស្តាត។
គ្នាយើងអាចបន្ថែមផ្លែប៉េងប៉ោះពីរផ្លែទៅក្នុងរបបអាហារក្នុងមួយថ្ងៃ ដើម្បីទទួលបានគុណប្រយោជន៍ទាំងនេះ។
៣. រមៀត
រមៀតត្រូវបានគេដឹងជាយូរមកហើយថាមានផ្ទុកសារធាតុសំខាន់ៗជួយដល់សុខភាពមនុស្សយើង ក្នុងនោះក៏មានសារធាតុប្រឆាំងការរលាក ប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងផលរំខានដោយជំងឺមហារីកផងដែរ។
ការសិក្សាបានរកឃើញថា រមៀតមានសារធាតុជួយបន្ថយការរាលដាលកោសិកាមហារីកពោះវៀនធំ ដោយសារធាតុនៅក្នុងរមៀតបានរំខានដល់អង់ហ្សីមដែលធ្វើឲ្យមហារីកលូតលាស់។
ដូចគ្នាដែរ សារធាតុនៅក្នុងរមៀតក៏ជួយពន្យឺតការលូតលាស់កោសិកាមហារីកសួត សុដន់ និងក្រពេញប្រូស្តាតដូចគ្នា។
៤. ការ៉ុត
ការសិក្សាជាច្រើនបានរកឃើញថាញ៉ាំការ៉ុតច្រើនមានទំនាក់ទំនងក្នុងការកាត់បន្ថយហានិភ័យកើតជំងឺមាហារីកមួយចំនួន។ ការសិក្សាចំនួនប្រាំបានរកឃើញថាការញ៉ាំការ៉ុតអាចជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីកក្រពះរហូតដល់២៦ភាគរយ។
ការសិក្សាផ្សេងទៀតបានរកឃើញថាការញ៉ាំការ៉ុតជាប្រចាំក៏មានទំនាក់ទំនងក្នុងការកាត់បន្ថយការវិវត្តទៅជាជំងឺមហារីកក្រពេញប្រូស្តាតបាន១៨ភាគរយដែរ។
៥. ខ្ទឹមស
សម្រាប់គ្រឿងទេសមួយប្រភេទនេះវិញ មានផ្ទុកធាតុសកម្មមួយឈ្មោះថា allicin ដែលអាចជួយសម្លាប់កោសិកាមហារីក។ ការសិក្សាមួយចំនួនបានរកឃើញថា ការញ៉ាំខ្ទឹមសជាប្រចាំបានចូលរួមកាត់បន្ថយហានិភ័យកើតជំងឺមហារីកបាន។
ការសិក្សាថ្មីៗជាច្រើនបានរកឃើញថារបបអាហារ ពិតជាបានរួមចំណែកយ៉ាងច្រើនដល់មនុស្សយើងក្នុងការកាត់បន្ថយហានិភ័យកើតជំងឺមហារីក។ ដូចនេះ គ្នាយើងមិនគួររំលងអាហារងាយៗ ដូចបានរៀនរាប់ខាងលើនោះទេ។
[embed-health-tool-bmi]