ការលើសគីឡូ និងធាត់ គឺពិតជាមានទំនាក់ទំនងនឹងការកើនឡើងឱកាសកើតជំងឺមហារីក។ តាមការសិក្សាកន្លងមកនៅសហរដ្ឋអាមេរិក អ្នកលើសទម្ងន់អាចប្រឈមកើតជំងឺមហារីក១១ភាគរយលើស្រ្តី និង៥ភាគរយលើបុរស ហើយមាន៧ភាគរយស្លាប់ដោយសារជំងឺមហារីក។
អ្នកធាត់ ឬលើសទម្ងន់អាចមានទំនាក់ទំនងនឹងហានិភ័យការកើនជំងឺមហារីកជាច្រើនប្រភេទដូចជា មហារីកសុដន់(ក្រោយអស់រដូវ) មហារីកពោះវៀនធំ និងរន្ធគូទ មហារីកស្រទាប់ស្បូន មហារីកថង់ទឹកប្រមាត់ មហារីកតម្រងនោម មហារីកថ្លើម មហារីកក្រពេញអូវែ មហារីកលំពែង និងមហារីកក្រពះជាដើម។
ទំនាក់ទំនងរវាងការលើសទម្ងន់ឬធាត់ ទៅនឹងជំងឺមហារីកហាក់មានភាពស្មុគស្មាញបន្តិច និងមិនទាន់មានការពន្យល់ឲ្យបានច្បាស់លាស់នោះទេ។ ឧទាហរណ៍ ការសិក្សាបានរកឃើញថាលើសទម្ងន់ធ្វើឲ្យស្រ្តីប្រឈមនឹងជំងឺមហារីកសុដន់ខ្ពស់ក្រោយអស់រដូវ តែវាមិនមានហានិភ័យខ្ពស់ទេអំឡុងពេលស្រ្តីនៅមានវដ្ដរដូវ។ ហេតុផលនៅពីក្រោយនេះ នៅមិនទាន់ដឹងច្បាស់ដូចគ្នា។
១. ទំនាក់ទំនងលើសទម្ងន់ និងជំងឺមហារីក
ពេលរាងកាយយើងលើសទម្ងន់ វានឹងធ្វើឲ្យយើងប្រឈមនឹងការកើតជំងឺមហារីកតាមច្រើនវិធី ដោយមានវិធីខ្លះនាំឲ្យកើតជំងឺមហារីកជាក់លាក់ណាមួយ។ ការលើសទម្ងន់អាចបង្កើនការប្រឈមកើតជំងឺមហារីកតាមរយៈ៖
- មានការរលាកក្នុងរាងកាយ
- កោសិកា និងសរសៃឈាមលូតលាស់បន្ថែម
- កោសិកាអាចមានសមត្ថភាពរស់យូរជាងធម្មតា
- កម្រិតអ័រម៉ូនជាក់លាក់មួយចំនួន ដូចជាអាំងស៊ុយលីន និងអឺស្រ្តូហ្សែន អាចបង្កើនការលូតលាស់កោសិកា
- កត្តាផ្សេងទៀតដែលអាចមានឥទ្ធិពលគ្រប់គ្រងលើកោសិកា
- សមត្ថភាពរាលដាលរបស់កោសិកា
២. សម្រកទម្ងន់អាចបន្ថយហានិភ័យកើតជំងឺមហារីក?
ការសិក្សាលើការសម្រកទម្ងន់អាចធ្វើឲ្យមានហានិភ័យកើតជំងឺមហារីកចុះទាប គឺនៅមានកម្រិតនៅឡើយ។ យ៉ាងណា មានភស្តុតាងមួយចំនួនបានបង្ហាញថាការស្រកទម្ងន់ប្រហែលជាអាចកាត់បន្ថយហានិភ័យជំងឺមហារីកជាក់លាក់មួយចំនួន ដូចជាជំងឺមហារីកសុដន់ក្រោយអស់រដូវ និងជំងឺមហារីកស្រទាប់ស្បូន។
យ៉ាងណា នៅតែមានការណែនាំឲ្យមនុស្សយើងឲ្យសម្រកទម្ងន់ ដើម្បីកាត់បន្ថយហានិភ័យជំងឺមហារីក។ ជាក់ស្ដែង អ្នកលើសទម្ងន់ ឬធាត់ ដែលព្យាយាមសម្រកទម្ងន់បានកាត់បន្ថយកម្រិតអ័រម៉ូនជាក់លាក់មួយចំនួនដែលទាក់ទងនឹងហានិភ័យជំងឺមហារីក ដូចជាអ័រម៉ូនអាំងស៊ុយលីន អឺស្រ្តូហ្សែន និងអង់ដ្រូហ្សែន។
ទោះបីជាទំនាក់ទំនងរវាងការសម្រកទម្ងន់ និងហានិភ័យកើតជំងឺមហារីកត្រូវមានការសិក្សាបន្ថែមច្រើនទៀត ប៉ុន្តែការសម្រកទម្ងន់ឲ្យមកនៅកម្រិតត្រឹមត្រូវតាមរង្វាស់សន្ទស្សន៍រាងកាយ(BMI) ជារឿងសំខាន់។ ការសម្រកទម្ងន់មានផលប្រយោជន៍ច្រើនដល់សុខភាពទូទៅក្រៅតែពីបន្ថយហានិភ័យជំងឺមហារីក នៅមានប្រយោជន៍ក្នុងការកាត់បន្ថយហានិភ័យជំងឺបេះដូង និងជំងឺទឹកនោមផ្អែមជាដើម។
[embed-health-tool-bmi]