ជំងឺមហារីកស្បែក (Melanoma) គឺជាជំងឺដ៏កាចសាហាវមួយឆក់យកជីវិតមនុស្សជារៀងរាល់ឆ្នាំ ប៉ុន្តែ វាអាចព្យាបាលបានប្រសិនបើយើងបានដឹងទាន់ពេលវេលា។ ដូច្នេះហើយ ការពិនិត្យស្បែកដោយខ្លួនឯងជាប្រចាំ និងទទួលការពិនិត្យពីគ្រូពេទ្យជំនាញមួយឆ្នាំម្ដង គឺជារឿងចាំបាច់បំផុត ប្រសិនបើគ្នាយើងមានហានិភ័យខ្ពស់នៃការឆ្លងជំងឺមហារីកស្បែកមួយប្រភេទនេះ។
១. ប្រជ្រុយមានលក្ខណៈទាំងនេះ យើងត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់
- ភាពមិនស្មើគ្នា៖ ប្រជ្រុយម្ខាងមិនដូចគ្នាទៅនឹងប្រជ្រុយម្ខាងទៀត។
- គែម៖ ប្រជ្រុយមានគែមមិនប្រក្រតី ពិបាកក្នុងការកំណត់គែម។
- ពណ៌៖ ប្រជ្រុយមានពណ៌ពីរ ឬបីខុសៗពីគ្នា ដូចជាពណ៌ត្នោត ឬពណ៌ខៀវ ប្រផេះ ក្រហម ខ្មៅ ឬសជាដើម។
- អង្កត់ផ្ចិត៖ ប្រជ្រុយដែលមានទំហំធំជាង៦មិល្លីម៉ែត្រ ឬទំហំប៉ុនជ័រលុបខ្មៅដៃ។
- ការវិវត្ត៖ ប្រជ្រុយដែលមានការប្រែប្រួល ឬខុសទំហំ រូបរាង ឬពណ៌។
២. ហានិភ័យនៃជំងឺមហារីកស្បែក
នៅក្នុងករណីដែលយើងមានប្រជ្រុយច្រើន ឬកត្តាហានិភ័យណាមួយនៃជំងឺមហារីកស្បែកខាងក្រោមនេះ យើងគួរតែទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញខាងសើស្បែក។
- ស្បែកស ឬស្បែកដែលងាយរលាក រោល ឬក្រហម
- ធ្លាប់មានជំងឺមហារីកស្បែក
- កើតក្នុងគ្រួសារដែលមានជំងឺមហារីកស្បែក
- ប៉ះពាល់ទៅនឹងកម្ដៅព្រះអាទិត្យខ្លាំងនៅកន្លែងធ្វើការ ឬលេងកីឡា
- រលាកស្បែកដោយសារកម្ដៅថ្ងៃច្រើននៅវ័យក្មេង
- សក់ពណ៌ទង់ដែង ឬក្រហម
- ប្រភេទជាក់លាក់នៃប្រជ្រុយ
ប្រសិនបើរកឃើញថាយើងមានជំងឺមហារីកស្បែក គ្រូពេទ្យអាចនឹងធ្វើការព្យាបាលតាមវិធីផ្សេងៗគ្នា រួមមានការវះកាត់ ការព្យាបាលដោយប្រើគីមី ការព្យាបាលដោយប្រព័ន្ធភាពស៊ាំ និងការព្យាបាលតាមគោលដៅ។
៣. តិចនិកការពារខ្លួនពីជំងឺមហារីកស្បែក
ប្រសិនបើយើងមានហានិភ័យខ្ពស់ យើងគួរតែពិនិត្យដោយខ្លួនឯងជាប្រចាំ និងពិនិត្យដោយគ្រូពេទ្យជំនាញមួយឆ្នាំម្ដង ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។
យ៉ាងណាមិញ ដើម្បីជៀសផុតពីជំងឺមហារីកស្បែក ឬជំងឺមហារីកស្បែកដទៃទៀត យើងចាំបាច់ត្រូវលាបក្រែមការពារកម្ដៅថ្ងៃឲ្យបានញឹកញាប់ មុនពេលដែលយើងចេញក្រៅ មិនថាអាកាសធាតុបែបណាក៏ដោយ។
[embed-health-tool-bmi]