គ្នាយើងមួយចំនួនទំនងជាធ្លាប់មានអាការៈតឹងច្រមុះ កណ្តាស់ ហៀរសម្បោរ និងរមាស់ភ្នែក ជាដើម។ បើមានអាការៈទាំងនេះ អាចផ្តាសាយ ឬមានបញ្ហាអាលែកហ្ស៊ីទៅនឹងអ្វីមួយ? តើយើងអាចដឹងថាខ្លួនមានបញ្ហាអាលែកហ៊្សីបានតាមរបៀបម៉េច? ខាងក្រោមនេះជាព័ត៌មានចាំបាច់មួយចំនួន ដែលគ្នាយើងគួរដឹងទាក់ទងនឹងបញ្ហាអាលែកហ្ស៊ី។
តើអ្វីទៅជាប្រតិកម្មអាលែកហ្ស៊ី
ប្រតិកម្មអាលែកហ្ស៊ី គឺជាប្រតិកម្មរបស់ប្រព័ន្ធភាពស៊ាំរាងកាយរបស់យើងប្រឆាំងនឹងសារធាតុមួយចំនួនដែលចូលមកក្នុងខ្លួន។ សារធាតុទាំងនោះ អាចជាសារធាតុគីមី ឬលំអងធូលីផ្សេងៗ តែមិនអាចបង្កជាជំងឺ ឬគ្រោះថ្នាក់ឡើយ ប៉ុន្តែសារធាតុទាំងនោះបែរជាភ្ញោចឲ្យប្រព័ន្ធភាពស៊ាំការពាររាងកាយយើងប្រតិកម្មនឹងវា ប្រៀបដូចជាធ្វើការប្រឆាំងនឹងការជ្រៀតចូលរបស់មេរោគទៅវិញ។ សារធាតុទាំងនេះត្រូវបានគេហៅថា អាលែកហ្ស៊ែន (សារធាតុដែលនាំឲ្យអាលែកហ្ស៊ី)។ សារធាតុអាលែកហ្ស៊ែន នៅពេលដែលចូលទៅក្នុងរាងកាយ កោសិកាមួយប្រភេទនៃប្រព័ន្ធស៊ាំ ឈ្មោះថា Mast Cell នឹងមានសកម្មភាពឡើងដោយបញ្ចេញសារធាតុគីមីម្យ៉ាងហៅថា អ៊ីស្តាមីន (Histamine) និងសារធាតុគីមីមួយចំនួនទៀត ដែលនាំឲ្យមានប្រតិកម្មឆ្លើយតបនឹងរលាកកើតឡើង។ ជាលទ្ធផលនៃប្រតិកម្មឆ្លើយតបរលាកនេះ គឺអាស្រ័យលើទីតាំងដែលអាលែកហ្ស៊ែនជួបជាមួយនឹងកោសិកា Mast Cell ដែលជាទូទៅ គឺវានឹងធ្វើឲ្យសរសៃឈាមរីកធំ ឡើងក្រហមនៅកន្លែងមានប្រតិកម្ម និងរាងកាយបញ្ចេញសារធាតុរាវផ្សេងៗ (ពិសេសនៅប្រព័ន្ធផ្លូវដង្ហើម)។
តើយើងមានប្រតិកម្មអាលែកហ្ស៊ី ចេញរោគសញ្ញាអីខ្លះ?
ជាធម្មតាគ្នាយើងភាគច្រើនតែងតែច្រឡំអាការៈអាលែកហ្ស៊ីមួយចំនួនទៅនឹងជំងឺផ្សេងៗ ជាពិសេសជំងឺផ្ដាសាយធម្មតា។ ប្រតិកម្មអាលែកហ្ស៊ីខ្លះអាចនឹងបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរ ឬអាចបណ្ដាលឲ្យស្លាប់បាន ប្រសិនបើមិនសង្គ្រោះទាន់ពេលវេលាទេនោះ។ ប៉ុន្តែយើងអាចសម្គាល់បាននូវរោគសញ្ញាមួយចំនួនដែលលេចឡើងពេលដែលយើងមានអាលែកហ្ស៊ី។ រោគសញ្ញាទូទៅទាំងនោះរួមមាន៖
– រមាស់ស្បែក ឡើងកន្ទួលក្រហមលើស្បែក ចេញកន្ទាលត្រអាក
– ហៀរសម្បោរ រមាស់ភ្នែក កណ្ដាស់ ឬក្អក
– ឡើងក្រហមស្បែក
– សម្ពាធឈាមចុះទាប
– ពិបាកដកដង្ហើម
– ហើមបបូរមាត់ អណ្ដាត បំពង់ក និងភ្នែក។
តើយើងអាចដឹងថាខ្លួនមានប្រតិកម្មអាល្លែកហ្ស៊ីនឹងអ្វីមួយបានយ៉ាងដូចម្ដេច?
យើងអាចដឹងថាខ្លួនយើងមានអាលែកហ្ស៊ីនឹងរបស់អ្វីមួយបាន តាមរយៈការសម្គាល់ដោយខ្លួនឯងនៅពេលប៉ះ ញ៉ាំ ឬដកដង្ហើមចូលសារធាតុអ្វីមួយ ឬនៅរដូវណាមួយនៅក្នុងមួយឆ្នាំៗដែលយើងតែងតែមានអាលែកហ្ស៊ី។ ប៉ុន្តែការសម្គាល់បែបនេះ ជួនកាលមិនអាចធ្វើឲ្យយើងដឹងច្បាស់នោះទេ ហើយវាអាចធ្វើឲ្យយើងប្រឈមនឹងប្រតិកម្មអាលែហ្ស៊ីធ្ងន់ធ្ងរជាច្រើន។ ដើម្បីអាចដឹងច្បាស់ថាយើងអាចមានអាលែកហ្ស៊ីទៅនឹងអ្វីមួយឲ្យពិតប្រាកដ គឺមានតែការធ្វើតេស្តនៅមន្ទីរពិសោធន៍ប៉ុណ្ណោះ។ ការធ្វើតេស្តនៅមន្ទីរពិសោធន៍ អាចដឹងថាយើងអាលែកហ្ស៊ីនឹងអ្វីមួយនោះមាន២របៀប គឺការធ្វើតេស្តលើស្បែក និងឈាម។
– ការធ្វើតេស្តនៅលើស្បែក
តេស្តនេះ គឺជាតេស្តរកមើលប្រតិកម្មអាលែកហ្ស៊ីដែលពេញនិយមជាងគេ។ តេស្តនេះធ្វើឡើងដោយដាក់អាលែកហ្ស៊ែន (ដូចជាអាហារ ឬក៏លំអងផ្កា) លើស្បែកដែលគេឆូតបន្តិច។ ប្រសិនបើស្បែកនោះឡើងក្រហម ហើម ដូចជាស្នាមសត្វទិច ឬមូសខាំ នោះគឺបានន័យថាតេស្តនោះគឺវិជ្ជមាន ហើយមានន័យថាយើងមានប្រតិកម្មនឹងសារធាតុនោះ។
– ការធ្វើតេស្តឈាម
ការធ្វើតេស្តឈាមនេះ គឺត្រូវចំណាយពេលយូរបន្តិច គឺធ្វើឡើងនៅពេលដែលតេស្តនៅលើស្បែកមិនអាចធ្វើទៅបាន។ ការធ្វើតេស្តឈាមធ្វើឡើងដោយធ្វើការវាស់កម្រិត អង់ទីករ IgE នៅក្នុងឈាម។ តេស្តនេះ ក៏មានតេស្តឈាមមួយប្រភេទទៀតដែលអាចធ្វើឲ្យយើងដឹងថា កម្រិតអង់ទីករ IgE ឆ្លើយតបទៅនឹងសារធាតុអាលែកហ្ស៊ែនណាមួយដែលពិតប្រាកដ។
[embed-health-tool-bmr]