គ្នាយើងណាធ្លាប់ញ៉ាំអាហារហើយ ស្រាប់តែចេញរោគសញ្ញាហើយមាត់ បបូរមាត់ ឬអណ្ដាតទេ? បើមានបញ្ហានេះអាចថាគ្នាយើងមានបញ្ហាអាលែកហ្ស៊ីមាត់ហើយ។
១. អ្វីជាអាលែកហ្ស៊ីមាត់
អាលែកហ្ស៊ីមាត់គឺជាប្រតិកម្មអាលែកហ្ស៊ី កើតឡើងនៅកន្លែងជាក់លាក់ដូចជាមាត់ បបូរមាត់ អណ្ដាត និងបំពង់ក។ បញ្ហានេះ ក៏មានទាក់ទងនឹងបញ្ហាអាលែកហ្ស៊ីច្រមុះដែរ។
អាលែកហ្ស៊ីមាត់ គឺរាងកាយយើងប្រតិកម្មទៅនឹងប្រូតេអ៊ីនជាក់លាក់ណាមួយក្នុងអាហារ។ ប្រូតេអ៊ីនទាំងនេះ ស្រដៀងគ្នាទៅនឹងប្រូតេអ៊ីនមាននៅក្នុងលម្អងផ្កា ដែលមានទំនាក់ទំនងនឹងអាលែកហ្ស៊ីច្រមុះ និងអាលែកហ្ស៊ីតាមរដូវកាល។ បញ្ហាអាលែកហ្ស៊ីមាត់មិនមែនជាបញ្ហាកើតឡើងតាមរដូវកាលនោះដែរ ព្រោះប្រូតេអ៊ីនក្នុងអាហារទាំងនោះមានពេញមួយឆ្នាំតែម្ដង។
២. មូលហេតុ
នៅពេលយើងញ៉ាំអាហារ ឬដកដង្ហើមចូលប្រូតេអ៊ីនណាមួយ ប្រព័ន្ធភាពស៊ាំរបស់យើងចាត់ទុកប្រូតេអ៊ីនទាំងនោះថាជាធាតុខុសប្រក្រតី។ រាងកាយយើងចាប់ផ្ដើមមានប្រតិកម្ម និងមានការឆ្លើយតបពីប្រព័ន្ធភាពស៊ាំយ៉ាងខ្លាំងក្លា។ ការណ៍នេះ ធ្វើឲ្យមានការហើម ចេញរោគសញ្ញាអាលែកហ្ស៊ីផ្សេងៗ និងធ្វើឲ្យគ្មានផាកសុខភាព។
មនុស្សយើងមួយចំនួនអាចជួបបញ្ហាអាលែកហ្ស៊ីមាត់ ដោយមានចេញរោគសញ្ញាហើម រមាស់នៅមាត់ បបូរមាត់ អណ្ដាត និងបំពង់ក ភ្លាមៗបន្ទាប់ពីញ៉ាំផ្លែឈើ និងបន្លែ ជាក់លាក់ណាមួយមួយ ពិសេសគឺញ៉ាំឆៅ។
៣. ប្រភេទបន្លែ និងផ្លែឈើបង្កអាលែកហ្ស៊ី
បើនិយាយពីប្រភេទផ្លែឈើវិញ មនុស្សមួយចំនួនអានអាលែកហ្ស៊ីនឹងផ្លែប៉ោម ក្រូច ចេក ប័រ ត្រសក់ ឬឱឡឹក ជាដើម។
ចំពោះបន្លែវិញមនុស្សខ្លះអាចអាលែកហ្ស៊ីនឹងការ៉ុត ដំឡូង ប៉េងប៉ោះ សណ្ដែក ពោត និងម្ទេស ជាដើម។ ដូចគ្នាដែរ អ្នកខ្លះក៏អាលែកហ្ស៊ីនឹងពពួកសណ្ដែកដី ទឹកឃ្មុំ សណ្ដែងសៀង និងគ្រាប់ផ្កាឈូករ័ត្នន៍ ជាដើម។
គ្នាយើងជួបបញ្ហាអាលែកហ្ស៊ីមាត់បែបនេះ ត្រូវដឹងពីរបបអាហារដែលខ្លួនគួរញ៉ាំ។ បើយើងជួបបញ្ហានេះ យើងអាចញ៉ាំទឹកនិងសម្រាកបន្តិចដើម្បីឲ្យអាការៈបានធូរស្បើយ ឬក៏អាចញ៉ាំទឹកក្ដៅឧណ្ហៗ ព្រោះថាទឹកក្ដៅអាចបន្សាប ឬបំផ្លាញប្រូតេអ៊ីនងាយបង្កអាលែកហ្ស៊ីនេះបានដែរ។ យ៉ាងណា បើគ្នាយើងមានចេញរោគសញ្ញា គួរឲ្យព្រួយបារម្ភ ត្រូវប្រញាប់ទៅរកគ្រូពេទ្យ។
[embed-health-tool-bmr]