ក្រោយពីធ្វើការពេញមួយថ្ងៃ យើងគ្រប់គ្នាពិតជាមានអារម្មណ៍ថាហត់ និងចង់សម្រាក។ ប៉ុន្តែនៅពេលចូលគេង យើងពិបាកក្នុងការគេងឲ្យបានលក់ ហើយនៅពេលគេងលក់វិញ បែរជាភ្ញាក់ក្រោយពីគេងបានប៉ុន្មានម៉ោង និងមិនអាចគេងលក់ម្ដងទៀតទៅវិញ។ ការណ៍នេះអាចមកពីរបបអាហារមិនត្រឹមត្រូវដែលមិនមានសារធាតុចិញ្ចឹមរាងកាយត្រូវការក្នុងការដំណើរការរបស់រាងកាយ។ អត្ថបទនេះនឹងបង្ហាញគ្នាយើងពីវីតាមីន និងរ៉ែសំខាន់ៗ៧ប្រភេទដែលជួយឲ្យគ្នាយើងគេងលក់ស្រួល និងបង្កើនថាមពលដល់រាងកាយផងដែរ។
១. វីតាមីន D
អ្នកជំនាញជឿថាវីតាមីន D មិនមែនជាវីតាមីនទេ តែជាអ័រម៉ូនដែលរាងកាយផលិតក្រោមជំនួយពីពន្លឺព្រះអាទិត្យ។ ការវិភាគទៅលើការសិក្សាជាច្រើនបានចេញផ្សាយនៅ មជ្ឈមណ្ឌលព័ត៌មានជាតិស្ដីពី បច្ចេកវិទ្យាជីវសាស្ត្ររបស់អាមេរិក (National Center for Biotechnology Information) បានរកឃើញថាកង្វះវីតាមីន D មានទំនាក់ទំនងខ្ពស់នឹងហានិភ័យបញ្ហាក្នុងការគេង ហើយអ្នកដែលទទួលបានវីតាមីន D តិចជាង ២០ណានូក្រាម(ng)/មីល្លិលីត្រ អាចបង្កើនហានិភ័យបញ្ហាក្នុងការគេង។យើងអាចទទួលបានវីតាមីន D ពីអាហារបំប៉ន និងពន្លឺព្រះអាទិត្យ។ អាហារដែលមានវីតាមីន D មានស៊ុត ត្រីសាល់ម៉ុន ត្រីធូណា និងផ្សិត។
២. វីតាមីន E
ការសិក្សាឆ្នាំ២០១១ ពីឥទ្ធិពលរបស់វីតាមីន E ទៅលើការការពារប្រព័ន្ធប្រសាទបានបង្ហាញថាវីតាមីន E អាចបង្ការការគេងមិនគ្រប់គ្រាន់ដែលអាចបង្កឲ្យការចងចាំចុះខ្សោយ ក៏ដូចជារក្សាលំនឹងសកម្មភាពសារធាតុអុកស៊ីតកម្មនៅផ្នែក hippocampus នៅក្នុងខួរក្បាលនៅពេលគេងមិនគ្រប់គ្រាន់។ បន្ថែមពីនេះទៀត វីតាមីន E គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលការពារជាលិកាពីពពួករ៉ាឌីកាល់សេរី និងដើរតួនាទីជួយរក្សាសុខភាពឲ្យល្អពេលចាស់ទៅ។ វីតាមីននេះក៏ជួយរក្សាប្រព័ន្ធភាពស៊ាំឲ្យខ្លាំង និងសំខាន់សម្រាប់ការផលិតកោសិកាគ្រាប់ឈាមក្រហម រួមទាំងជួយរាងកាយក្នុងការប្រើប្រាស់វីតាមីន K។ គ្រាប់ផ្កាឈូករ័ត្ន និងគ្រាប់អាល់ម៉ុងសុទ្ធតែមានវីតាមីន E។
៣. វីតាមីន B
វីតាមីន B មាន៨ប្រភេទដែលសំខាន់សម្រាប់សុខភាព។ ការសិក្សាបានបង្ហាញថាប្រភេទវីតាមីន B ដូចជាវីតាមីន B3 B5 B6 B9 និងB12 អាចជួយសម្រួលដល់ការផ្គត់ផ្គង់ Tryptophan ដែលជួយរាងកាយផលិតអ័រម៉ូនមេឡាតូនីន (Melatonin)។ អ័រម៉ូនមេឡាតូនីន (Melatonin) ជាអ័រម៉ូនធ្វើឲ្យយើងងងុយគេង។ ដើម្បីឲ្យរាងកាយទទួលបានវីតាមីន B យើងអាចញ៉ាំពពួកគ្រាប់ធញ្ញជាតិ (whole grain) សាច់ បន្លែ និងផ្លែឈើ។
៤. កាល់ស្យូម និងម៉ាញ៉េស្យូម
អ្នកជំនាញជាច្រើនបានណែនាំឲ្យញ៉ាំសារធាតុទាំងពីរនេះមុនចូលគេងព្រោះសារធាតុទាំងពីរនេះមានតួនាទីក្នុងការកន្ទ្រាក់សាច់ដុំ និងការបន្ធូរអារម្មណ៍។ អ្នកជំនាញជឿថាការខ្វះកាល់ស្យូម និងម៉ាញ៉េស្យូមអាចបង្កឲ្យមានការរំខានដល់ដំណេកនៅពេលយប់ ហើយកាល់ស្យូមត្រូវធ្វើការជាមួយ Tryptophan (អ័រម៉ូនដែលទាក់ទងនឹងការងងុយគេង) ដើម្បីផលិតអ័រម៉ូនមេឡាតូនីនជួយក្នុងការគេង។ ការគេងមិនល្អក្នុងករណីធ្ងន់ធ្ងរអាចជារោគសញ្ញាដំបូងនៃកង្វះជាតិម៉ាញ៉េស្យូម។ របបអាហារដែលសំបូរដោយបន្លែបៃតង និងគ្រាប់ធញ្ញជាតិអាចជួយឲ្យទទួលបានកាល់ស្យូម និងម៉ាញ៉េស្យូមគ្រប់គ្រាន់។
៥. អាស៊ីតអាមីណូ Theanine
អាស៊ីតអាមីណូ Theanine មានក្នុងស្លឹកតែ ជាពិសេសគឺតែបៃតង និងប្រភេទផ្សិតមួយចំនួន។ អាស៊ីតអាមីណូ Theanine អាចជួយជំរុញដល់សារធាតុគីមីនៅក្នុងខួរក្បាលដូចជា dopamine GABA និងserotonin ដែលសុទ្ធតែជួយដល់ការគេង។ ម៉្យាងទៀត អាស៊ីដអាមីណូ Theanine អាចបន្ថយកម្រិតគីមីនៅក្នុងខួរក្បាលដែលកំពុងមានសកម្មភាពឥទ្ធិពលផ្សេងៗ។ អ្នកជំនាញជឿថាTheanine អាចជួយបង្កើនភាពងងុយ និងជួយឲ្យគេងលក់លឿន ក៏ដូចជាជួយឲ្យគុណភាពនៃដំណេកកាន់តែល្អ។ ដូចបានលើកឡើងខាងលើ យើងអាចទទួល អាស៊ីតអាមីណូTheanine បានពីតែបៃតង។
៦ ជាតិដែក
រោគសញ្ញាទីមួយដែលបង្ហាញកម្រិតជាតិដែកក្នុងឈាមទាបគឺអស់កម្លាំង និងការរំខានដំណេក។ កម្រិតជាតិដែកទាបគឺជាកត្តាហានិភ័យមួយនៃរោគសញ្ញាជើងនៅមិនស្ងៀមដែលអាចរំខានដល់ដំណេក ហើយក៏អាចបង្កអារម្មណ៍ថប់បារម្ភធ្វើឲ្យពិបាកក្នុងការគេងដែរ។ ដើម្បីជួយរាងកាយក្នុងស្រូបយកជាតិដែកបានល្អ វីតាមីន C អាចជួយបាន។ អាហារដែលសំបូរដោយជាតិដែកមានសាច់គោ អយស្ទើរ សាច់មាន់ សណ្ដែក តៅហ៊ូ ដំឡូងបារាំងដុត គ្រាប់ស្វាយចន្ទី និងបន្លែពណ៌បៃតងជាដើម។
៧. អាស៊ីតអាមីណូ Tryptophan
ការសិក្សាជាច្រើនបានបង្ហាញថាអាស៊ីតអាមីណូ Tryptophan អាចធ្វើឲ្យងងុយគេង និងជួយឲ្យគេងលក់លឿន។ យើងអាចទទួលបានអាស៊ីតអាមីណូនេះពីគ្រាប់ធញ្ញជាតិ សាច់មាន់ ទឹកដោះគោ ស្ពៃពួយឡេង ស៊ុត និងត្រីសាល់ម៉ុន។
អត្ថបទពាក់ព័ន្ធ៖
- ស្វែងយល់ពីកំពូលគុណប្រយោជន៍ពីវីតាមីន B Complex
- បើមានរោគសញ្ញាទាំង១០នេះ បង្ហាញថារាងកាយខ្វះជាតិកាល់ស្យូមហើយ
- ចង់ទទួលបានវីតាមីន D សម្រាប់រាងកាយគ្រប់គ្រាន់ អនុវត្តវិធីទាំងពីរនេះ
- អាយុកាន់តែច្រើន វីតាមីននេះ សំខាន់ណាស់សម្រាប់សាច់ដុំ មិនគួរមើលរំលង
- ត្រូវពន្លឺថ្ងៃ យ៉ាងតិចបាន ៣នាទី ក៏មានប្រយោជន៍ច្រើនដែរ
- ខ្វះសារធាតុចិញ្ចឹមសំខាន់ពីរមុខនេះ ឆ្អឹងកូនខ្សោយ អត់មាំ អន់កម្ពស់ ឯធ្មេញក៏មានបញ្ហា
- យប់ឡើងគេងមិនងាយលក់ សាក៦វិធីនេះអាចជួយឲ្យគេងលក់ស្រួល
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]