គ្នាយើងខ្លះប្រហែលជាមានបញ្ហាគេងមិនលក់ឬមានជំងឺគេងមិនលក់ (Insomnia) ហើយមែនទេ ហើយមិនដឹងថាត្រូវធ្វើយ៉ាងម៉េចខ្លះដើម្បីដោះស្រាយបញ្ហានេះដូចគ្នា? ក្រៅពីការប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ក៏មានវិធីព្យាបាលបែបធម្មជាតិមួយចំនួនដែលគ្នាយើងអាចសាកល្បងបាន។
១. ហាត់ប្រាណ
ការសិក្សាជាច្រើនបានបង្ហាញថាអ្នកដែលហាត់ប្រាណជាប្រចាំគឺគេងលក់ស្រួលជាងអ្នកមិនហាត់ប្រាណ។ អ្នកជំនាញណែនាំថាអាចហាត់ប្រាណដូចជាការដើរ ឬជិះកង់ក៏បាន សុទ្ធតែជួយឲ្យយើងឃ្លាតឆ្ងាយពីបញ្ហាគេងមិនលក់នេះ។ ការហាត់ប្រាណនៅពេលព្រឹកគឺមានគុណប្រយោជន៍ល្អជាងគេ ប៉ុន្តែក្នុងករណីមិនមានពេលយើងអាចហាត់ប្រាណពេលថ្ងៃក៏បាន។ យ៉ាងណាមិញ បើយើងហាត់ប្រាណនៅពេលល្ងាចពេក រាងកាយអាចមានអ័រម៉ូន adrenalin ច្រើនដែលអាចបន្តមានដល់ពេលគេង។ នេះអាចបណ្ដាលឲ្យខួរក្បាល និងរាងកាយនៅតែដំណើរការ ទោះជាយើងព្យាយាមគេងយ៉ាងណាក៏ដោយក៏នៅគេងអត់លក់។
២. ទទួលបានពន្លឺថ្ងៃ
មូលហេតុមួយទៀតដែលហាត់ប្រាណពេលព្រឹកល្អជាងពេលយប់គឺយើងអាចទទួលបានពន្លឺថ្ងៃនៅពេលព្រឹក ដែលសំខាន់ក្នុងការបង្កើនថាមពលពេញមួយថ្ងៃ និងជួយឲ្យគេងលក់ស្រួលពេលយប់។ ពន្លឺ និងភាពងងឹតអាចជួយដល់នាឡិកាក្នុងរាងកាយឲ្យដឹងថាពេលណាគួរចូលគេង និងពេលភ្ញាក់។ ដោយឡែកការសិ្ថតក្នុងបរិយាកាសដែលមានពន្លឺនៅពេលយប់ដូចជាពន្លឺពីអំពូលភ្លើង ទូរទស្សន៍ និងទូរសព្ទអាចប៉ះពាល់ដល់នាឡិកាក្នុងរាងកាយបាន។ ដូចនេះអំឡុងពេលថ្ងៃគួរទទួលពន្លឺថ្ងៃធម្មជាតិ និងកាត់បន្ថយពន្លឺផ្សេងៗនៅពេលល្ងាច។
៣. ត្រាំទឹកក្ដៅឧណ្ហៗ
អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Kyushu នៅប្រទេសជប៉ុនបានរកឃើញថាការត្រាំទឹកក្ដៅឧណ្ហៗអាចធ្វើឲ្យយើងងងុយគេង និងងាយស្រួលគេងលក់ផងដែរ។ នៅពេលសីតុណ្ហភាពចុះក្រោយពេលងូតទឹកក្ដៅឧណ្ហៗ នាឡិកាក្នុងរាងកាយនឹងបញ្ជូនសញ្ញាថាដល់ពេលសម្រាកហើយ។ មិនមែនតែត្រាំទឹកក្ដៅឧណ្ហៗទេដែលមានអត្ថប្រយោជន៍បែបនេះ ការងូតទឹក និងការលាងសម្អាតជើងក៏ជួយដល់ដំណេកដែរ។
អត្ថបទពាក់ព័ន្ធ៖
- វិធីម៉ាស្សាបាតជើងជាង២នាទី ជួយដោះស្រាយបញ្ហាគេងមិនលក់
- គេងមិនគ្រប់គ្រាន់ធ្វើឲ្យមានបញ្ហាទាំងនេះដល់ខួរក្បាល
- របស់ផ្អែមៗ និងនំប៉័ង ចៀសបានចៀស កុំឱ្យកើតរោគគេងមិនលក់
៤. ធ្វើសមាធិ
សម្រាប់គ្នាយើងមួយចំនួន ការថប់បារម្ភ និងការព្រួយបារម្ភអាចជាមូលហេតុធ្វើឲ្យគេងមិនលក់ ហើយការធ្វើសមាធិអាចជួយដោះស្រាយបញ្ហានេះបាន។ យើងអាចផ្ដោតអារម្មណ៍ទៅលើដង្ហើមរបស់យើង និងសមាធិដោយប្រមូលអារម្មណ៍ឲ្យមូលដើម្បីបន្ធូរអារម្មណ៍ កាត់បន្ថយស្ត្រេស និងការឈឺចាប់ផ្លូវកាយផ្សេងៗ។
៥. សរសេរកំណត់ហេតុមុនចូលគេង
ប្រសិនជាគ្នាយើងបារម្ភថាការគិតផ្សេងៗអាចរំខានដល់ដំណេក យើងអាចសាកល្បងសរសេរកំណត់ហេតុបាន។ ការសរសេរកំណត់ហេតុអាចបញ្ចេញការគិតទាំងនោះដោយខួរក្បាលមិនចាំបាច់គិតពេលចូលគេង។ ម៉្យាងទៀតការសរសេរកំណត់ហេតុក៏ជួយឲ្យយើងមានអារម្មណ៍ល្អ និងធូរស្រាលជាងមុន ហើយរាងកាយក៏សម្រាកបាន។
៦. ផឹកទឹកដោះគោក្ដៅឧណ្ហៗលាយជាមួយនឹងទឹកឃ្មុំ
ទឹកដោះគោមានផ្ទុកអាស៊ីតអាមីណូ tryptophan ដែលបំលែងទៅជាអ័រម៉ូន serotonin។ អ័រម៉ូន serotonin គឺជាថ្នាំសណ្ដំធម្មជាតិដែលជួយដល់ដំណេក។ ទឹកដោះគោនៅពេលលាយជាមួយនឹងទឹកឃ្មុំគឺជួយបញ្ជូនអ័រម៉ូន serotonin ទៅកាន់ខួរក្បាលលឿនជាងមុនដែលនេះជួយឲ្យយើងគេងលក់លឿន។
៧. ហាត់យ៉ូហ្គា
ការហាត់យ៉ូហ្គាមិនត្រឹមតែជួយដល់រាងកាយទេនៅអាចកាត់បន្ថយស្ត្រេសបានទៀត។ ស្ត្រេសគឺមូលហេតុមួយដែលបង្ករោគគេងអត់លក់។ ដូចនេះហើយការហាត់យ៉ូហ្គាជួយដល់ការគេងបាន។
៨. ញ៉ាំគ្រាប់អាល់ម៉ុង និងផ្លែចេក
យើងអាចញ៉ាំគ្រាប់អាល់ម៉ុង និងផ្លែចេកជំនួសឲ្យទឹកដោះគោ និងទឹកឃ្មុំ ហើយទទួលបានអាស៊ីតអាមីណូ tryptophan ដូចគ្នា។ គ្រាប់អាល់ម៉ុង និងផ្លែចេកផ្ទុកអាស៊ីតអាមីណូនេះ និងម៉ាញ៉េស្យូមច្រើន។ កង្វះម៉ាញ៉េស្យូមក៏អាចបង្កបញ្ហាដំណេកបានដែរ ដូចគ្នាទៅនឹងកាល់ស្យូមដែលមានក្នុងគ្រាប់អាល់ម៉ុន និងទឹកដោះគោ។ រីឯផ្លែចេកក៏មានប៉ូតាស្យូមជួយឲ្យសាច់ដុំសម្រាកដែលនេះក៏ជួយឲ្យគេងលក់ស្រួលដែរ។
[embed-health-tool-bmi]