ទម្លាប់មុនចូលគេងគឺមានប្រយោជន៍ណាស់ដើម្បីជួយឲ្យយើងគេងលក់ស្រួល។ ប៉ុន្តែដឹងទេថាការគេងលក់ស្រួលក៏ជួយដល់សុខភាពពោះវៀនដែរ។ យើងអាចសាកល្បងប៉ុន្មានវិធីខាងក្រោមដើម្បីគេងលក់ស្រួលក៏ដូចជាជួយឲ្យសុខភាពពោះវៀនយើងល្អដូចគ្នា។
១. ញ៉ាំខ្ញី
មើមខ្ញីមានប្រសិទ្ធភាពជួយដល់ប្រព័ន្ធរំលាយអាហារ រីឯភេសជ្ជៈក្ដៅឧណ្ហៗជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ។ ម៉្យាងទៀត មើមខ្ញីអាចជួយសម្រួលដល់ខ្យល់ក្នុងពោះ និងហើមពោះ ដូចនេះការញ៉ាំខ្ញីមុនចូលគេងគឺជាការល្អ។ យើងអាចផឹកទឹកខ្ញីមុនចូលគេងដើម្បីជួយដល់ក្រពះ ឬញ៉ាំស្ករខ្ញីក្រោយអាហារពេលល្ងាច ឬក៏បន្ថែមខ្ញីទៅក្នុងអាហារពេលល្ងាចតែម្ដង។
២. ហាត់យ៉ូហ្កា
គ្នាយើងអាចដឹងហើយថាយ៉ូហ្កាល្អសម្រាប់ការរំលាយអាហារ ទោះហាត់ត្រឹម៥នាទីក៏អាចជួយដល់សុខភាពពោះវៀន និងជួយដល់ដំណេកដែរ។ យើងអាចហាត់លំហាត់ប្រាណយ៉ូហ្កាណាដែលប្រើកម្លាំងតិចព្រោះនេះអាចជួយសម្រួលដល់លំហូរឈាម និងចលនាក្រពះ ជាពិសេសសម្រាប់អ្នកមានបញ្ហាទល់លាមក និងហើមពោះ។
៣. សម្រាកខួរក្បាល
គ្នាយើងមួយចំនួនអាចនឹងចូលគេងទាំងស្ត្រេសដោយមិនបន្ធូរអារម្មណ៍ជាមុនសិន។ ស្ត្រេសក៏អាចប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារដែរដែលអាចបណ្ដាលឲ្យមានបញ្ហាទល់លាមក រាករូស ឬឈឺពោះ។ ដូចនេះការធ្វើសមាធិពី៥ទៅ១០ នាទី ឬធ្វើសកម្មភាពផ្សេងទៀតដែលជួយបន្ធូរអារម្មណ៍បានដូចជាការអានមុនចូលគេង ក៏អាចឲ្យខួរក្បាលបានសម្រាក និងសម្រាលស្ត្រេសបាន។ នេះមានប្រយោជន៍ខ្លាំងដល់សុខភាពពោះវៀន។
៤. ញ៉ាំផ្លែព្រូន (prune)
ផ្លែព្រូនផ្ទុកម៉ាញ៉េស្យូម កាល់ស្យូម និងវីតាមីន B6 ដែលជួយដល់ការផលិតអ័រម៉ូនមេឡាតូនីន (melatonin)។ អ័រម៉ូននេះជួយធ្វើឲ្យយើងងងុយគេង។ ការញ៉ាំផ្លែនេះ២ទៅ៣ផ្លែមុនចូលគេងប្រហែល១ម៉ោងអាចទទួលបានប្រសិទ្ធភាពលឿន ហើយការញ៉ាំផ្លែព្រូនរាល់ថ្ងៃគឺល្អសម្រាប់ប្រព័ន្ធរំលាយអាហារព្រោះផ្លែនេះមានជាតិសរសៃ។ ប៉ុន្តែយកល្អកុំញ៉ាំច្រើនជាង៣ផ្លែមុនចូលគេងព្រោះអាចធ្វើឲ្យយើងចូលបង្គន់ញឹកញាប់។
៥. ចៀសវាងអានព័ត៌មាន
ការដឹងពីបញ្ហាផ្សេងៗជុំវិញពិភពលោកគឺសំខាន់ ប៉ុន្តែយកល្អគួរអានព័ត៌មានអំឡុងពេលថ្ងៃ។ នេះមកពីកម្រិតថប់អារម្មណ៍របស់យើងអាចនឹងកើនឡើងដែលនេះភាគច្រើនអាចបង្កភាពមិនស្រួលដល់ក្រពះពោះវៀនរបស់យើង។ ដូចនេះអ្នកជំនាញតែងណែនាំឲ្យចៀសវាងការអានព័ត៌មាន២ម៉ោងមុនចូលគេងដើម្បីឲ្យខួរក្បាលបានសម្រាកដែលនេះក៏ល្អសម្រាប់សុខភាពពោះវៀនដែរ។
[embed-health-tool-bmi]