ខ្ញី ជាមើមរុក្ខជាតិមានក្លិនឈួល រសជាតិហឹរ ល្អទាំងសម្រាប់ចម្អិនម្ហូប និងប្រើជាថ្នាំបុរាណព្យាបាលអាការៈជំងឺបានច្រើន។ ខ្ញីអាចដោះស្រាយបញ្ហាទូទៅយើងងាយនឹងជួបប្រទះ ពិសេសស្រីៗកំពុងមករដូវ មានអាការៈឈឺចាប់ខ្លាំង ខ្ញីអាចជួយបានដូចគ្នា។ ចង់ដឹងខ្ញីលាក់កំពូលគុណប្រយោជន៍អីខ្លះ សូមតាមដានតាមខាងក្រោម៖
ចង្អោរ និងក្អួត ដែលបណ្ដាលមកពីថ្នាំព្យាបាលជំងឺអេដស៍ អាចនឹងធូរស្រាល បើអ្នកជំងឺ ញ៉ាំខ្ញីរៀងរាល់ថ្ងៃ។ ការស្រាវជ្រាវរកឃើញថា ញ៉ាំខ្ញី ៣០នាទី មុនលេបថ្នាំប្រឆាំងជំងឺអេដស៍ ក្នុងរយៈពេល ១៤ថ្ងៃ អាចកាត់បន្ថយអាការៈក្អួត និងចង្អោរ។ ខ្ញី ក៏អាចប្រើចំពោះករណីក្អួត និងចង្អោរ ក្រោយវះកាត់ផងដែរ។ អ្នកមានជំងឺជាច្រើន ធ្លាប់រាយការណ៍ថា មានអាការៈក្អួតចង្អោរកម្រិតធ្ងន់ បែរធ្លាក់មកនៅត្រឹមកម្រិតតិចតួច អំឡុងពេល ២៤ ម៉ោងក្រោយការវះកាត់ បន្ទាប់ពីញ៉ាំខ្ញីក្នុងបរិមាណ ១-១,៥ ក្រាម ១ ម៉ោងមុនពេលវះកាត់។
ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖
ខ្ញីក៏មានប្រយោជន៍សម្រាប់អាការៈចាញ់កូន ហើយចាត់ទុកថាមានសុវត្ថិភាពចំពោះស្រីៗកំពុងពពោះ ដោយញ៉ាំខ្ញីក្នុងទម្រង់ជាស្ករគ្រាប់។ ទោះយ៉ាងណា ដើម្បីសុវត្ថិភាព សូមពិគ្រោះជាមួយគ្រូពេទ្យ មុននឹងញ៉ាំអាហារបំប៉ន ឬថ្នាំពេទ្យណាមួយអំឡុងពេលពពោះ។ ក្រៅពីនេះ គេជឿថា សារធាតុ Phenolic មានក្នុងខ្ញី អាចមានប្រសិទ្ធភាពបំបាត់បញ្ហារលាកក្រពះពោះវៀន ជំរុញការផលិតទឹកមាត់ និងទឹកប្រមាត់ថែមទៀតផង។
ចង់គណនា BMR ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
២- បន្ថយការឈឺចាប់ពេលមករដូវ
ខ្ញីអាចជាដំណោះស្រាយ នៅពេលមានការឈឺចាប់ខ្លាំងពេលមករដូវ។ ខ្ញីក្នុងកម្រិត ១.៥០០ មិល្លីក្រាម អាចបន្ថយការឈឺចាប់ពេលមករដូវ ដោយចែកកម្រិតថ្នាំ ៣ ដង/ថ្ងៃ នៅអំឡុងពេល ៣ ថ្ងៃដំបូង នៃការមករដូវ។ ស្រីៗ ៦២% បានបង្ហាញពីការថយចុះអាការៈឈឺចាប់ ពេលមករដូវ បន្ទាប់ពីញ៉ាំម្សៅចម្រាញ់ពីខ្ញីមួយចំនួន (Zintoma និង Goldaru) ក្នុងកម្រិត ២៥០ មិល្លីក្រាម ៤ ដង/ថ្ងៃ រយៈពេល ៣ ថ្ងៃនៃការមករដូវ។ ខ្ញី ថែមទាំងអាចមានសកម្មភាពដូចនឹងថ្នាំ អ៊ីប៊ុយប្រូហ្វែន (Ibuprofen) ឬ Mefenamic Acid។ មិនត្រឹមតែមានប្រយោជន៍កាត់បន្ថយការឈឺចាប់ប៉ុណ្ណោះទេ ខ្ញី ត្រូវគេជឿថា អាចនឹងជួយបន្ថយការឈឺសាច់ដុំបានដល់ទៅ ២៥% ដែលបណ្ដាលមកពីសកម្មភាពរាងកាយខ្លាំង។

៣- អាការៈពុលការឡាន យន្តហោះ ឬពុលរលក
ទោះការសិក្សាមិនបានបង្ហាញភស្ដុតាងបែបវិទ្យាសាស្ត្រពីប្រសិទ្ធភាពខ្ញីក៏ដោយ អាការៈពុលពេលធ្វើដំណើរ និងពុលរលក យើងមានអារម្មណ៍ប្រសើរជាងមុន ពេលបានញ៉ាំខ្ញីមុនចាប់ផ្ដើមធ្វើដំណើរ។ ទោះយ៉ាងណា ការសិក្សាមួយបង្ហាញថា ខ្ញីមានសកម្មភាពល្អជាងថ្នាំ Dimenhydrinate (ថ្នាំប្រើជាទូទៅដើម្បីជួយបន្ថយបញ្ហាឈឺក្រពះដោយសារពុលពេលធ្វើដំណើរ)។
៤- ខ្ញីមានផលរំខានអ្វីខ្លះ?
ញ៉ាំខ្ញីជាទូទៅ គឺមានសុវត្ថិភាពចំពោះគ្នាយើងសឹងគ្រប់គ្នា តែយ៉ាងណា ករណីខ្លះ អាចមានផលរំខានតិចតួច ដូចជា ក្រហាយទ្រូង (Heartburn) រាក និងមិនស្រួលក្នុងពោះ ស្រីៗមួយចំនួនអាចនឹងធ្លាក់ឈាមរដូវច្រើនជាងធម្មតា។ ប្រើខ្ញីលាបលើស្បែកក៏មានសុវត្ថិភាពដែរ បើលាបត្រឹមត្រូវ និងរយៈពេលខ្លី។
ក្នុងករណីមានផ្ទៃពោះ ឬបំបៅដោះកូន សូមពិគ្រោះជាមួយគ្រូពេទ្យជាមុន ដើម្បីថ្លឹងថ្លែងពីគុណប្រយោជន៍ និងហានិភ័យអាចកើតមាន ព្រោះខ្ញីអាចបង្កើនហានិភ័យហូរឈាមចំពោះ អ្នកមានជំងឺហូរឈាម និងធ្វើឲ្យជំងឺបេះដូងកាន់តែធ្ងន់ធ្ងរ។ បើមានជំងឺទឹកនោមផ្អែម ត្រូវពិគ្រោះជាមួយគ្រូពេទ្យ មុនញ៉ាំខ្ញី ព្រោះអាចប៉ះពាល់កម្រិតអ័រម៉ូនអាំងស៊ុយលីន និងកម្រិតជាតិស្ករក្នុងឈាម ដូចនេះ កែតម្រូវកម្រិតថ្នាំ អាចនឹងត្រូវធ្វើ។