ការដេកហៀរទឹកមាត់ កើតឡើងនៅពេលទឹកមាត់មានបរិមាណច្រើន នៅក្នុងមាត់ ហើយគ្រប់គ្នា អាចមានបញ្ហានេះ យូរៗម្តង។ ប៉ុន្ដែបើការហៀរទឹកមាត់នេះ កើតឡើងជាទៀងទាត់ និងច្រើន វាអាចជាសញ្ញានៃការវិវត្តជំងឺ ឬរាងកាយយើងដំណើរការមុខងារខុសប្រក្រតី។
១. ហេតុអ្វីបានយើងដេកហៀរទឹកមាត់?
ពេលយើងដេក សាច់ដុំផ្ទៃមុខរបស់យើង ក៏មិនដំណើរការដែរ ហើយនៅពេលទឹកមាត់មានបរិមាណពេញក្នុងមាត់ វាចាប់ផ្ដើមហៀរចេញមកខាងក្រៅ។ នេះក៏ដោយសារសាច់ដុំផ្ទៃមុខផងដែរ ដែលធ្វើឲ្យមាត់ចំហ។ អ៊ីចឹងហើយ បានជាពេលភ្ញាក់មក យើងឃើញខ្នើយសើម។
ការហៀរទឹកមាត់ច្រើន អាចជាសញ្ញា នៃជំងឺប្រព័ន្ធសរសៃប្រសាទ ឬបណ្ដាលមកពីការស្ទះសំបោរ។ អ្នកហៀរទឹកមាត់ ក៏អាចបណ្ដាលមកពីបញ្ហាសុខភាពជាច្រើនទៀតផងដែរ ដូចជា ជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។
២. តើយើងអាចបំបាត់បញ្ហានេះ ដោយវិធីណា?
– សម្អាតប្រហោងច្រមុះ
មូលហេតុមួយ នៃការដេកហៀរទឹកមាត់ បណ្ដាលមកពីការស្ទះនៅក្នុងច្រមុះ ដែលធ្វើឲ្យយើងដកដង្ហើមតាមមាត់ និងធ្វើឲ្យហៀរទឹកមាត់។ ដូច្នេះ ការសម្អាតសំបោរនៅក្នុងប្រហោងច្រមុះ អាចជួយមិនឲ្យដេកហៀរទឹកមាត់បាន។ ការមុជទឹកក្តៅ ក៏ជួយសម្អាតច្រមុះ និងធ្វើឲ្យដកដង្ហើមស្រួលផងដែរ នៅពេលយប់។ យើងក៏អាចប្រើផលិតផលផ្សេងទៀត ដើម្បីសម្អាតប្រហោងច្រមុះផងដែរ។
– ផ្លាស់ប្ដូរទម្លាប់គេង
ការដេកហៀរទឹកមាត់ អាចបណ្ដាលមកពីទម្លាប់ដេកផ្កាប់មុខ ដែលធ្វើឲ្យទឹកមាត់ហៀរចេញមកខាងក្រៅ ដូច្នេះយើងគួរទម្លាប់ដេកផ្ងាវិញ ព្រោះឥរិយាបទបែបនេះ មិនធ្វើឲ្យហៀរទឹកមាត់ចេញក្រៅទេ ទោះបីមានការផលិតទឹកមាត់ជាច្រើន។ ការដេកលើខ្នើយខ្ពស់ ក៏ជួយមិនឲ្យហៀរទឹកមាត់ផងដែរ។
– ពិនិត្យបញ្ហាគេងមិនដកដង្ហើម (Sleep Apnea)
គេងមិនដកដង្ហើម ជាបញ្ហាមិនប្រក្រតី ដែលមនុស្សម្នាក់ មានដំណើរការដកដង្ហើមមិនស្រួល។ វាបណ្ដាលឲ្យរំខានការគេង ភ្ញាក់កណ្ដាលយប់ អស់កម្លាំង និងងងុយគេងសឹងពេញមួយថ្ងៃ។ ហើយការហៀរទឹកមាត់ និងស្រម៉ុក ជាសញ្ញាសំខាន់ នៃការកើតមានបញ្ហាគេងមិនដកដង្ហើម។ ប្រសិនសង្ស័យមានបញ្ហានេះ យើងត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]