ឲ្យតែបាយថ្ងៃត្រង់រួច បើកភ្នែកសឹងមិនបាន ងងុយនុះងងុយ គ្នាយើងខ្លះមានទម្លាប់បាយរួចភ្លាម ដាក់មួយស្រឡេត ប៉ុន្តែខ្លះទៀត បែរជារកវិធីផ្សេងៗដើម្បីដោះស្រាយភាពងងុយខ្លាំងនេះ។ ដាក់មួយភាំង អាចជួយឲ្យយើងមានអារម្មណ៍ល្អ ប៉ុន្តែដោយកត្តាផ្សេងគ្នាយើងខ្លះមិនអាចធ្វើ់ដូចនេះនៅកន្លែងធ្វើការបាននោះទេ។ ហេតុនេះ “Hello គ្រូពេទ្យ’ ចង់ណែនាំតិចនិកខ្លះៗ ជួយគ្នាយើងកុំឲ្យងងុយគេងក្រោយបាយថ្ងៃត្រង់រួច។
១- កុំអង្គុយនៅនឹងកៅអី គួរដើរបន្តិចឲ្យបានស្រួល
ក្រោយញ៉ាំអាហារថ្ងៃត្រង់រួច កុំព្យាយាមអង្គុយនៅនឹងកៅអីធ្វើការអី គួរតែដើរឲ្យយឺតសរសៃបន្តិច ដូចជាឡើងជណ្តើរ ឬដើរជុំវិញសួនបើមាន។ ការដើររយៈពេលខ្លីនេះ ដូចជាការហាត់ប្រាណដែរ នឹងជួយគ្នាយើងអាចបង្កើនកម្រិតអុកស៊ីហ្សែនក្នុងឈាម និងជំរុញថាមពលរាងកាយខ្លាំងក្លា ពិសេសអាការៈងងុយគេងក៏រលាយបាត់ទៅតាមនឹងដែរ។
២- ទំពារស្ករកៅស៊ូ
យោងតាមការសិក្សារបស់កាសែតសរីរវិទ្យា និងឥរិយាបថ របស់អាមេរិក ការទំពារស្ករកៅស៊ូ អាចកាត់បន្ថយអារម្មណ៍ហត់នឿយ និងបង្កើនការប្រុងប្រយ័ត្នបានកាន់តែខ្ពស់ ព្រោះថាធ្វើការច្រើន អាចនឹងនាំឲ្យយើងមានអារម្មណ៍ល្វើយខ្លាំងក្រោយបាយថ្ងៃត្រង់ ហើយថាការទំពារស្ករកៅស៊ូ អាចជួយដោះស្រាយរឿងនេះបាន។ ការរទំពារស្ករកៅស៊ូ ជួយរាងកាយយើងបញ្ចេញសកម្មភាពនិងជំរុញឲ្យមានការដាស់អារម្មណ៍។ គួរទំពារស្ករកៅស៊ូរសជាតិជីរអង្កាមឲ្យបាន ៥នាទី ក្រោយបាយថ្ងៃត្រង់ ដើម្បីអាចជួយប្រមូលថាមពលរាងកាយឡើងវិញ។
អត្ថបទពាក់ព័ន្ធ៖
- ក្រៅពីបាយ អាហារប៉ុន្មានមុខនេះ ញ៉ាំហើយធ្វើឲ្យយើងងងុយគេង
- គេងមិនលក់រ៉ាំរ៉ៃ អាចប៉ះពាល់ដល់ខួរក្បាល ហើយអាចកើតជំងឺទាំងនេះទៀត
៣- ផឹកទឹកឲ្យបានច្រើន
ខ្វះជាតិទឹកក្នុងខ្លួន ក៏អាចធ្វើឲ្យអស់កម្លាំង អារម្មណ៍មិនល្អ និងពិបាកផ្ចង់អារម្មណ៍ជាដើម។ ត្រូវប្រាកដថា យើងបានផឹកទឹកគ្រប់គ្រាន់ពេញមួយថ្ងៃ ពិសេសអំឡុងពេលធ្វើការមុនអាហារថ្ងៃត្រង់។ នៅពេលរាងកាយមានជាតិទឹកគ្រប់គ្រាន់ អាចជួយយើងប្រឆាំងនឹងស្ថានភាពងងុយខ្លាំងក្រោយអាហារថ្ងៃត្រង់បាន។
៤- ញ៉ាំអាហារសុខភាព
គ្រាប់ធញ្ញជាតិចម្រាញ់ក្នុងអាហារកែច្នៃ នឹងងាយរលាយក្នុងក្រពះពោះវៀនយើង នាំឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងលឿនតែថាមពលបានពីអាហារទាំងនោះ បែរជាធ្លាក់ចុះទៅវិញ។ គួរចេះជ្រើសរើសអាហារជួយបង្កើនថាមពលបានល្អ រាប់បញ្ចូលទាំងជាតិដែក (សម្បូរក្នុងពពួកបន្លែស្លឹកបៃតង) និងប្រូតេអ៊ីនគ្មានជាតិខ្លាញ់ (សាច់គ្មានខ្លាញ់ ត្រី និងស៊ុត) ក៏ដូចជាពពួកកាបូអ៊ីដ្រាតនៅក្នុងគ្រាប់ធញ្ញជាតិ និងសណ្តែកកួរជាដើម។
អត្ថបទពាក់ព័ន្ធ៖
- អាកាសធាតុក្ដៅញ៉ាំអាហារហឹរមានប្រយោជន៍ដល់រាងកាយ
- បញ្ចេញញើសច្រើន ខ្វះជាតិទឹក ញ៉ាំភេសជ្ជៈទាំងនេះបំពេញជាតិទឹកបានលឿន
- ទឹកដូង និងផ្លែឈើប៉ុន្មានមុខនេះស្រួលរក ក្តៅអ៊ីចឹង ញ៉ាំទៅបំពេញជាតិទឹកបានយ៉ាងងាយ
៥- គ្រប់គ្រងការឃ្លានរបស់យើង
នៅពេលញ៉ាំអាហារដែលឆ្អែតខ្លាំង នាំឲ្យយើងងងុយគេងកាន់តែខ្លាំងដូចគ្នា ដោយសារតែដំណើរការយឺតយ៉ាវនៃការរលាយអាហារដោយសារញ៉ាំឆ្អែតពេក ដែលនេះក៏ជាកត្តានាំឲ្យយើងមានអារម្មណ៍មិនស្រណុកសុខស្រួល និងអាចហើមពោះបាន។ ការញ៉ាំអាហារសមល្មមពេលថ្ងៃត្រង់ មិនត្រឹមតែជួយកុំឲ្យងងុយខ្លាំងប៉ុណ្ណោះទេ ថែមទាំងជួយបំបាត់ភាពល្ហិតល្ហៃ និងកម្រិតជាតិស្ករក្នុងឈាមបានល្អថែមទៀត។
៦- តាមដានអាហារយើងបានញ៉ាំ
រឿងសំខាន់បំផុតដើម្បីដោះស្រាយបញ្ហាងងុយខ្លាំងនៅពេលថ្ងៃ យើងត្រូវតាមដានអាហារដែលយើងញ៉ាំអំឡុងពេលថ្ងៃត្រង់។ បើសង្ស័យអាហារណាមួយអាចធ្វើឲ្យយើងងងុយ ឬល្ហិតល្ហៃ ត្រូវប្រញាប់កាត់បន្ថយការញ៉ាំអាហារទាំងនេះ និងរកអាហារផ្សេងមកញ៉ាំ ជាអាហារដែលអាចជួយរក្សាកម្រិតថាមពលរាងកាយបានខ្ពស់។
អត្ថបទពាក់ព័ន្ធ៖
- គេងមិនគ្រប់គ្រាន់ធ្វើឲ្យមានបញ្ហាទាំងនេះដល់ខួរក្បាល
- លេបថ្នាំងងុយគេងជួយបញ្ហាដំណេកបាន តែមានផលរំខានច្រើន
- ទម្លាប់ញ៉ាំឆ្អែតភ្លាម ទម្រេតខ្លួនគេងភ្លាម គ្រោះថ្នាក់បំផុត
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]