backup og meta

កុំចេះតែដាច់យប់ពេក គេង​ឲ្យបានគ្រប់គ្រាន់ចៀសវាងបញ្ហាទាំងនេះ

កុំចេះតែដាច់យប់ពេក គេង​ឲ្យបានគ្រប់គ្រាន់ចៀសវាងបញ្ហាទាំងនេះ

យើង​ដឹង​ហើយ​ថា​ការ​គេង​គ្រប់គ្រាន់​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព ប៉ុន្តែ​ដោយ​យើង​មាន​ការ​រវល់​ជាមួយ​នឹង​ការងារ ការ​ថែទាំ​កូន ឬ​កិច្ចការ​ផ្សេងៗ​អាច​ធ្វើឲ្យ​យើង​គេង​មិន​គ្រប់គ្រាន់។ ការ​គេង​មិន​គ្រប់គ្រាន់​អាច​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ច្រើន​ដល់​​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​។

១. ខួរក្បាល

នៅ​ពេល​គេង​ខួរក្បាល​យើង​គឺជា​ផ្នែក​មួយ​ដែល​សកម្ម​ជាង​គេ​ដោយ​ខួរក្បាល​ដំណើរការ​ព័ត៌មាន​ដែល​យើង​បាន​ទទួល​អំឡុង​ពេល​ថ្ងៃ បង្កើត​ការ​ចងចាំ​ថ្មីៗ ពង្រឹង​នូវ​អ្វី​ដែល​យើង​បាន​រៀន និង​បោះបង់​នូវ​អ្វី​ដែល​មិន​សំខាន់។ ជាក់ស្ដែង ការ​គេង​មិន​គ្រប់​​គ្រាន់​​​មុន​​ពេល​ប្រលង​តែង​ប៉ះពាល់​ដល់​ការ​ប្រលង​ ព្រោះ​យើងបាន​ព្យាយាម​​ប្រមូល​ព័ត៌មាននៅ​ក្នុង​ខួរ​ក្បាល​​ ប៉ុន្តែ​​ខួរ​ក្បាល​មិន​មាន​​ការ​ដំណើរការ​ និង​រក្សា​ព័ត៌មាន​ទាំង​នោះ​បាន​ល្អ​ឡើយ​។ ម៉្យាងទៀត ការ​គេង​មិន​គ្រប់គ្រាន់​អាច​ផ្តល់​ផល​ប៉ះពាល់​អវិជ្ជ​មាន​​ទៅ​លើ​ការ​ធ្វើ​ការ​សម្រេច​ចិត្ត ដោះស្រាយ​បញ្ហា និង​ការ​គ្រប់គ្រង​អារម្មណ៍​។

២. ភ្នែក

ការ​សិក្សាមួយ​នៅ​​​ឆ្នាំ​២០១៣​ ​បាន​ឲ្យ​ដឹង​ថា​អ្នក​ដែល​គេង​មិន​គ្រប់គ្រាន់​តែង​មាន​ត្របក​ភ្នែក​ធ្លាក់ ភ្នែក​ក្រហម ភ្នែក​ហើម និង​មាន​រង្វង់​ខ្មៅ​ក្រោម​ភ្នែក​ច្រើន​ជាង​អ្នក​ដែល​បាន​​គេង​​៨​ម៉ោង​។ ការ​គេង​មិន​គ្រប់គ្រាន់​មិនត្រឹម​តែ​ប៉ះពាល់​លើ​រូបរាង​ទេ តែក៏​ធ្វើ​ឲ្យ​សាច់ដុំ​ជុំវិញ​ភ្នែក​មិន​បាន​សម្រាក​គ្រប់គ្រាន់​អាច​បង្ក​ឲ្យ​មាន​អាការៈ​កន្ត្រាក់​ភ្នែក​។ អាការៈ​នេះ​មិន​មាន​គ្រោះថ្នាក់​ដល់​គំហើញ​​ទេ ប៉ុន្តែ​អាច​ជា​ការ​រំខាន។ ក្នុង​ករណី​ធ្ងន់ធ្ងរ អាច​បង្ក​ឲ្យ​មាន​ជំងឺ​ទឹក​ដក់​បាត​ភ្នែក (glaucoma) និង​ anterior ischemic optic neuropathy (ស្ទះសរសៃឈាមបាត​ភ្នែក) ដែល​​ទាំង​នេះ​សុទ្ធតែ​អាច​ធ្វើ​ឲ្យ​បាត់បង់​គំហើញ​បាន។

៣. បេះដូង

សម្ពាធ​ឈាម​មាន​ការ​​ធ្លាក់​ចុះ​អំឡុង​ពេល​គេង ប៉ុន្តែ​បើ​គេង​មិន​គ្រប់គ្រាន់​ សម្ពាធ​ឈាម​នឹង​នៅ​ខ្ពស់​ក្នុង​រយៈពេល​យូរ។ នេះ​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​លើស​សម្ពាធ​ឈាមរ៉ាំរ៉ៃ​ ហើយ​ក៏​អាច​បង្កើន​ហានិភ័យ​ជំងឺ​បេះដូង និង​ជំងឺ​គ្រោះថ្នាក់សរសៃ​ឈាម​ខួរក្បាល។ ម៉្យាងទៀត ការ​គេង​មិន​គ្រប់គ្រាន់​អាច​ប៉ះពាល់​ដល់​បេះដូង​ដោយ​ប្រយោល​ដោយ​ការ​ញ៉ាំ​អាហារ​មិន​ល្អ​ចំពោះ​សុខភាព កម្រិត​ស្ត្រេស​ខ្លាំង និង​មិន​ចង់​ហាត់ប្រាណ​។

៤. ស្បែក

នៅ​ពេល​យើង​គេង​ ស្បែក​នឹង​ធ្វើ​ការ​ជួល​ជុល​កោសិកា​ខូចខាត ហើយ​ការ​គេង​មិន​គ្រប់គ្រាន់​បង្កើន​កម្រិត​នៃ​ការ​រលាក និង​អ័រម៉ូន​ស្ត្រេស​ដែល​អាច​ធ្វើ​ឲ្យ​បញ្ហា​ស្បែក (មុន ជំងឺត្រអក និង​ជំងឺ​ស្បែក psoriasis) កាន់តែ​ធ្ងន់ធ្ងរ​ទៅ។

៥. ឆ្អឹង និង​សាច់ដុំ

អ័រម៉ូន​សម្រាប់​មនុស្ស​លូតលាស់​គឺ​បញ្ចេញ​អំឡុង​ពេល​គេង និង​មាន​តួនាទី​ក្នុង​ការ​បង្កើត ជួសជុល និង​រក្សា​សាច់ដុំ និង​ឆ្អឹង។ ការ​គេង​មិន​គ្រប់គ្រាន់​ធ្វើ​ឲ្យ​ការ​ជួសជុល​សាច់ដុំ និង​ការ​ជា​សះស្បើយ​ចុះ​ខ្សោយ។ ការសិក្សា​ដែល​សិក្សា​​លើ​ស្ត្រី​​អស់​រដូវ​១១ ០០០​នាក់​​ចេញ​ផ្សាយ​នៅ​ឆ្នាំ​២០១៩ ក្នុង​ព្រឹត្តិបត្រ​វិទ្យាសាស្ត្រ Journal of Bone and Mineral Research បាន​រក​ឃើញ​ថា​ការ​គេង​ប្រាំ​ម៉ោង ឬ​តិច​ជាង​នេះ​ទាក់ទង​ទៅ​នឹង​ការ​ថយ​ចុះ​នៃ​ជាតិ​រ៉ៃ​ក្នុង​ឆ្អឹង និង​ជំងឺ​ពុក​ឆ្អឹង។

៦. ទម្ងន់

ការ​គេង​មិន​គ្រប់គ្រាន់​អាច​បង្ក​ឲ្យ​យើង​ញ៉ាំ​ច្រើន​ហួស​កំណត់​។ នៅ​ពេល​យើង​គេង​បាន​តិច​ អ័រម៉ូន​លិបទីន (​leptin) ដែល​ជា​អ័រម៉ូន​ទប់​ការ​ឃ្លាន​ថយ​ចុះ និង​ធ្វើ​ឲ្យ​អ័រម៉ូន​គ្រែលលីន (ghrelin) ដែល​ជា​អ័រម៉ូន​ជំរុញ​ចំណង់​អាហារ​កើន​ឡើង​វិញ ហើយ​នេះ​បង្ក​ឲ្យ​ឡើង​ទម្ងន់។ បន្ថែម​ពី​នេះ​ទៀត ពេល​គេង​មិន​គ្រប់គ្រាន់ រាងកាយ​ក៏​មិន​អាច​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ​ទេ​ដែល​​នេះ​អាច​បង្កើន​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែមប្រភេទ២ ។ នេះបើយោង​តាម​វិទ្យាស្ថាន​សុខាភិបាល​ជាតិ​សហរដ្ឋ​អាមេរិក។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.livestrong.com/article/13720162-how-sleep-affects-your-body/

កំណែ​ប្រែបច្ចុប្បន្ន

28/10/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ទាំងនេះជាមូលហេតុ ធ្វើឲ្យងងុយដេកគ្រប់ពេលទោះជាទើបនឹងក្រោក

គេង​ថ្ងៃមាន​ប្រយោជន៍ច្រើន តែកុំគេង​យូរម៉ោង​ពេក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Oct 28, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម