ធ្លាប់អត់ពេលខ្លះក្រោកពីគេង មានអារម្មណ៍ថាខ្សោះអស់ពីក្នុងខ្លួនរលីង ទាំងដែលយប់ឡើងគេងដូចរាល់ដងសោះ? ចម្ងល់នេះត្រូវបានវេជ្ជបណ្ឌិតផ្នែកទូទៅ លី ឬទ្ធីគុណ និងជាម្ចាស់សេវាកម្មថែទាំមនុស្សចាស់តាមគេហដ្ឋាន បានប្រាប់ឲ្យដឹងថា បណ្ដាលមកពីយើងគេងខ្វះខ្យល់អុកស៊ីសែន និងកត្តាមួយចំនួនទៀត។
រឿងខ្សោះអស់កម្លាំងនេះមិនមែនមកពីកន្លែងគេងនោះទេ អាចមកពីយើងជាមនុស្សធាត់ គេងផ្ងារ៖“ពេលយើងក្រោកពីគេងហើយខ្សោះនោះ ច្រើនតែជាអ្នកធាត់ ហើយគេផ្ងារ និងគេងស្រមុក។ ការគេងស្រមុកនេះទៀតសោត ជាសញ្ញាដកដង្ហើមមិនបានគ្រប់គ្រាន់ ហើយខ្លួនយើងខំប្រឹងដកដង្ហើមត្បៀតនឹងបំពង់ខ្យល់ ចឹងហើយពេលគេងយើងមិនដឹងថាមានរឿងឡើយ”។ លោកបានបន្តទៀតថា បើមិនចង់ដេកស្រមុក គួរចៀសវាងដេកផ្ងារ ហើយដូរមកដេកចំហៀងវិញបាន។
អត្ថបទពាក់ព័ន្ធ៖ វិធីជ្រើសរើសពូកគេង កុំឲ្យឈឺខ្នង ឈឺចង្កេះ
វេជ្ជបណ្ឌិតវ័យក្មេងខាងលើក៏បានបញ្ជាក់ទៀតដែរថា អាការៈបែបនោះអាចមកពីពេលគេងយើងឃ្លុំជិតមុខពេក ឬក៏ក្នុងបន្ទប់គេងហប់គ្មានខ្យល់អាកាសគ្រប់គ្រាន់ជាដើម។ អាការៈបែបនេះមិនបាច់រកថ្នាំ ឬព្យាបាលអ្វីពិសេសឡើយ គ្រាន់តែយើងប្ដូរមកគេងប្រកបដោយផាសុកភាព ដោយក្នុងបន្ទប់ត្រូវមានខ្យល់ចេញចូលឲ្យបានគ្រប់គ្រាន់ និងឥរិយាបថមួយចំនួន។ មួយវិញទៀតករណីនេះមិនមែនមកពីការគេងផ្ទាល់នៅលើឥដ្ឋការ៉ូដូចពាក្យចចាមអារ៉ាមកន្លងមកនោះទេ ។
អត្ថបទពាក់ព័ន្ធ៖ ៦ ក្បាច់ ជួយបង្កើនកម្លាំងក្នុងខ្លួន អត់ខ្ចីផឹកភេសជ្ជៈប៉ូវកម្លាំងនាំខូចសុខភាព
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]