ស្រីៗយើងកំពុងពពោះ ឬធ្លាប់ឆ្លងកាត់ការពពោះ ពិតជាដឹងហើយថាក្នុងអំឡុងពេលនេះអ្នកខ្លះនៅសុខៗក៏យំ អ្នកខ្លះកើតជាស្រេ្តស និងការធុញថប់ក្នុងអារម្មណ៍ ដែលការណ៍នេះពិតជាកើតមានមិនថាតិច ឬច្រើន។ តើអាការៈបែបនេះកើតឡើងដោយសារអ្វី?
ការមានផ្ទៃពោះ អាចធ្វើឲ្យស្រីៗយើងមានអារម្មណ៍ប្រែប្រួលដូចបានរៀបរាប់ខាងលើអ៊ីចឹងដែលនេះជារឿងធម្មតាមួយ។ ស្រ្តេសកើតឡើងដោយសារតែការប្រែប្រួលរាងកាយ និងអ័រម៉ូនរបស់យើង ហើយស្រ្តេសក៏មិនអាក្រក់អ្វីចំពោះយើងពេកដែរ ដោយថាអាចធ្វើឲ្យយើងកាន់តែបានត្រៀមខ្លូនដើម្បីប្រឈមនឹងរឿងផ្សេងៗនៅអំឡុងពេលមានផ្ទៃពោះ។
យ៉ាងណា ស្រីៗយើងក៏មិនគួរបណ្ដោយខ្លួនឲ្យកើតស្ត្រេសខ្លាំងពេកដែរ ព្រោះថាអាចធ្វើឲ្យប៉ះពាល់សុខភាពយើងបាន។
ស្រីៗយើងខ្លះកើតស្រ្តេសនៅពេលមានផ្ទៃពោះដោយសារតែមានផ្ទៃពោះដោយចៃដន្យ ឬធ្លាប់មានបញ្ហាពេលមានផ្ទៃពោះនាពេលកន្លងមក។ មួយវិញទៀត ស្រីៗយើខ្លះទៀតកើតស្រ្តេសដោយសារតែខ្លាចពេលនឹកដល់រឿងសម្រាលកូន ឬខ្លះស្រ្តេសដោយសារអាការៈចាញ់កូនធ្វើទុក្ខខ្លាំងពេក បារម្ភរឿងការថែទាំកូន និងខ្លះទៀតបារម្ភដល់រឿងសេដ្ឋកិច្ចគ្រួសារពេលមានកូនទៀតផង។
យ៉ាងណា ការដែលស្រីៗយើងមានអារម្មណ៍បែបនេះ គឺត្រូវចាត់ចូលថាជាម៉ាក់ៗមានទំនួលខុសត្រូវម្នាក់ និងអាចធ្វើជាម៉ាក់ៗល្អសម្រាប់កូនទៀតផង។
ថ្វីបើមើលទៅស្ត្រេសដែលបានរៀបរាប់ខាងលើមិនទំនងជាធ្វើឲ្យប៉ះពាល់ស្រីៗយើងពេលពពោះមែន តែបើស្ត្រេសខ្លាំងពេកនឹងអាចបង្កជាផលអវិជ្ជមានដល់សុខភាពយើងដែរ។
ទោះបីជាមិនមានការពន្យល់ច្បាស់ថាស្ត្រេសប៉ះពាល់ដល់ស្ត្រីមានផ្ទៃពោះបែបណាក្ដី តែថាស្ត្រេសមានទំនាក់ទំនងជាមួយនឹងអ័រម៉ូន ដែលបានដើរតួយ៉ាងខ្លាំងមួយបង្កជាផលវិបាកផ្សេងៗពេលពពោះ។ ស្ត្រេសខ្លាំង ឬក្នុងរយៈពេលយូរទៀតនោះអាចប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំរបស់យើងបាន ដែលប្រព័ន្ធភាពស៊ាំនេះហើយ ជួយការពារយើងការឆ្លងរោគផ្សេងៗ។
ដោយសារតែមានផលប៉ះពាល់លើប្រព័ន្ធភាពស៊ាំបែបនេះហើយ ធ្វើឲ្យស្រីៗយើងប្រឈមនឹងការឆ្លងរោគនៅស្បូនដែលការឆ្លងរោគនេះអាចធ្វើឲ្យកូនកើតមុនខែបាន។
ដូចនេះហើយស្រីៗយើងមិនត្រូវឲ្យបញ្ហាស្ត្រេសមកបំផ្លាញសុខភាពយើងបាននោះទេ។ ដើម្បីកាត់បន្ថយស្ត្រេសទាំងនេះយើងត្រូវរកពេលសម្រាកខ្លះៗ ញ៉ាំអាហារមានសុខភាព ស្វែងយល់ពីវិធីចិញ្ចឹមកូន ឬវិធីថែសុខភាពអំឡុងពេលមានផ្ទៃពោះ និងត្រូវចាំថាភាពលំបាកផ្សេងៗនៅអំឡុងពពោះគឺកើតមានតែមួយរយៈប៉ុណ្ណោះ ហើយវានឹងបញ្ចប់ទៅវិញនៅពេលយើងឆ្លងទន្លេរួច។
[embed-health-tool-due-date]