ហឺតជាជំងឺផ្លូវដង្ហើម ដែលធ្វើឲ្យរលាក និងត្បៀតផ្លូវដង្ហើម។ ជំងឺហឺត បណ្ដាលឲ្យមានសញ្ញា ឬឮសូរសំឡេងពេលដកដង្ហើមចេញ ណែនទ្រូង ហត់ និងក្អក ដែលអ្នកខ្លះកើតមានតាំងពីកំណើត (ហ្សេននេតិច) និងខ្លះទៀតទាក់ទងទៅនឹងកត្តាបរិស្ថានរស់នៅជុំវិញកខ្វក់ មានផ្សែងបារី ធូលី លម្អងផ្កា ជាដើម។
វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា ជំងឺហឺតបង្កើនហានិភ័យអំឡុងពេលមានផ្ទៃពោះ និងពេលសម្រាលដោយសារម៉ាក់ៗដែលមានជំងឺហឺតប្រឈមមុខជំងឺក្រឡាភ្លើង និងសម្រាលកូនមិនគ្រប់ខែ គ្រប់ទម្ងន់ ។ ប៉ុន្តែលោកបានបន្ថែមថា ម៉ាក់ៗមួយចំនួនអាចគ្រប់គ្រងអាការៈខ្លួនឯងបាន ពេលមានផ្ទៃពោះ ដូចនេះមិនចាំបាច់បារម្ភពេកនោះទេ។ ផ្ទុយទៅវិញ ម៉ាក់ៗមួយចំនួនដែលមានស្ថានភាពធ្ងន់ធ្ងរ អាចជួបហានិភ័យ និងផលវិបាកជាច្រើនទាំងខ្លួន និងកូន។
ប្រធានផ្នែកសម្ភព និងរោគស្រ្តី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បញ្ជាក់ទៀតថា នៅពេលម៉ាក់ៗមានជំងឺហឺតបណ្ដាលឲ្យការស្រូបអុកស៊ីសែនទៅចិញ្ចឹមកោសិកាថយចុះ ជាហេតុនាំឲ្យប៉ះពាល់ការបញ្ជូនអុកស៊ីសែនទៅកូនក្នុងផ្ទៃដូចគ្នា អាចបង្កគ្រោះថ្នាក់ជាក់ជាមិនខាន។
មួយវិញទៀតចំពោះការប្រើប្រាស់ថ្នាំហឺតអាចប៉ះពាល់ដល់កូនចៀសមិនផុត គ្រាន់តែកម្រិតប៉ះពាល់តិច ឬច្រើន ធ្ងន់ ឬស្រាលប៉ុណ្ណោះទៅតាមទំហំនៃអាការៈយើងប៉ុណ្ណោះ។ ប្រើថ្នាំមួយចំនួនតាមសរសៃដូចថ្នាំឃ្លុយកូករទីកូអ៊ីត អាចបង្កឲ្យកូនក្នុងផ្ទៃឆែបមាត់ សម្រាលមុនខែ ទម្ងន់ធ្លាក់ចុះជាដើម។ លើសពីនេះស្ត្រីដែលមានជំងឺហឺតទំនងជាត្រូវសម្រាលកូនដោយឧបករណ៍ជំនួយផ្សេងៗ ឬសម្រាលតាមវិធីវះកាត់ ហើយបើធ្ងន់ធ្ងរវិញកូនអាចស្លាប់ក្នុងពោះ ។
ដូចនេះមុនពេលចង់បានកូនត្រូវធ្វើរោគវិនិច្ឆ័យជំងឺនេះជាមុនសិន ពេលមានរោគសញ្ញាណាមួយដូចបានរៀបរាប់ គួរប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីស្វែងរកមូលហេតុពិត។
[embed-health-tool-due-date]