ហេតុតែចង់ឲ្យកូនក្នុងផ្ទៃលូតលាស់បានល្អ ម៉ាក់ៗសុខចិត្តធ្វើគ្រប់យ៉ាង មិនថារឿងនោះតូច ឬធំប៉ុនណាទេ។ ក្នុងនោះឲ្យឮថា ធ្វើនេះល្អ ធ្វើនោះមិនល្អ ស្ត្រីជាម្តាយធ្វើតាមភ្លាម តែទោះយ៉ាងណាជំនឿមួយចំនួនមិនត្រូវនោះទេ។ គ្រូពេទ្យឯកទេសផ្នែកសម្ភព និងរោគស្ត្រី នឹងបកស្រាយពីសំណួរមួយចំនួនពាក់ព័ន្ធនឹងជំនឿជុំវិញការមានផ្ទៃពោះ។ តើជំនឿទាំងនោះពិត ឬមិនពិត?
១- ញ៉ាំខ្ចៅខ្យងធ្វើឲ្យកូនកើតមកហៀរទឹកមាត់?
មិនអ៊ីចឹងនោះទេ! នេះជាការបកស្រាយរបស់ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត។ លោកថា មកទល់ពេលនេះគ្មានភស្តុតាងណាបញ្ជាក់ថា ការញ៉ាំពពួកខ្ចៅខ្ចង លៀស គ្រុំ ធ្វើឲ្យកើតមកហៀរទឹកមាត់នោះទេ។ ផ្ទុយទៅវិញ ការដែលកូនហៀរទឹកមាត់មិនឈប់រហូតដល់ធំ អាចមកពីអណ្តាតធំ មានការបង្ករោគ នៅក្រពេញទឹកមាត់ ឬមានបញ្ហាប្រព័ន្ធសរសៃប្រសាទជាដើម។ ចំណែកឯការញ៉ាំខ្ចៅខ្យងអាចធ្វើឲ្យម៉ាក់ៗមិនស្រួលពោះ ឆ្លងពពួកសត្វល្អិត-ព្រូន ចូលក្នុងពោះវៀន ដូច្នេះទោះវាមិនធ្វើឲ្យកូនហៀរទឹកមាត់ ក៏យើងមិនគួរញ៉ាំដែរ។
២- ញ៉ាំគ្រាប់ជីរ-ល្ង ស្រួលកើតកូន?
លោកស្រីវេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសផ្នែកសម្ភព និងរោគស្ត្រី បម្រើការងារនៅមន្ទីរសម្រាកព្យាបាល និងសម្ភព មាតា បកស្រាយថា ការញ៉ាំគ្រាប់ជីរពេលពពោះល្អ ឬមិនល្អ មិនទាន់មានការសិក្សាច្បាស់លាស់នៅឡើយទេ គ្រាន់តែចាស់ៗមានជំនឿតៗគ្នាប៉ុណ្ណោះថា ម្តាយដែលញ៉ាំគ្រាប់ជីរពេលពពោះ ដល់ពេលសម្រាល ឈឺពោះលឿនងាយនឹងកើតកូន។
តែជាបទពិសោធន៍ជាក់ស្តែងវិញ វេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភព និងរោគស្ត្រី ដែលបម្រើការងារនៅមន្ទីរសម្រាកព្យាបាល និងសម្ភពមាតា រូបនេះរៀបរាប់ថា ស្ត្រីដែលញ៉ាំគ្រាប់ជីរពេលពពោះ ដល់ពេលសម្រាលច្រើនតែស្បូនទន់ កន្ត្រាក់មិនបានល្អ ធ្វើឲ្យពិបាកសម្រាលកូនទៅវិញ។
ទោះយ៉ាងណាលោកស្រីវេជ្ជបណ្ឌិតបញ្ជាក់ថា កូនកើតស្រួល ឬពិបាក អាស្រ័យទៅលើទម្រង់រាងកាយស្ត្រីមានផ្ទៃពោះ ទំហំក្បាលកូន ទំហំអាងត្រគាកម៉ាក់ៗ និងការធ្វើសកម្មភាពរាងកាយផ្សេងៗជាដើម មិនមែនពាក់នឹងការញ៉ាំពពួកគ្រាប់ជីរ ល្ង ដូងទុំ ឬថ្នាំខ្មែរអីនោះទេ។ ម្យ៉ាងវិញទៀតបើកូនថ្លោសខ្លាំងក៏ពិបាកកើតតាមធម្មជាតិដែរ។
៣- ញ៉ាំបបរច្រើន កូនកើតមកស្បែកមិនស្អាត?
រឿងនេះក៏មិនពិតដែរ សម្បុរស្បែកកូនស្អាត ឬមិនស្អាត អាស្រ័យលើរបបអាហារ សម្បុរម៉ាក់ប៉ា និងអនាម័យខ្លួនប្រាណម៉ាក់ៗ បើម៉ាក់មានការបង្ករោគផ្សិតអំឡុងពពោះនោះស្បែកកូនក៏មិនស្អាតដែរ។ នេះការឆ្លើយតបរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ។
៤- ងូតទឹកយប់ធ្វើឲ្យកូនថ្លោស?
ចំពោះមតិលើកឡើងបែបនេះ ត្រូវសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពទ្យកាល់ម៉ែត ថា មិនមែនជាការពិតឡើយ។ លោកថា ទារកក្នុងពោះថ្លោសមិនមែនព្រោះតែងូតទឹកយប់ឡើយ តែមកពីរបបអាហារប្រចាំថ្ងៃយើងទទួលទានជាប្រចាំ។ ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត បានបន្ថែមទៀតថា ក្នុងនោះអាហារធ្វើឲ្យគភ៌ថ្លោសមានដូចជាញ៉ាំច្រើន ពិសេសពពួកសាច់ គ្មានបន្លែ អាហារបំពង នំផ្អែមៗ និងផឹកភេសជ្ជៈកំប៉ុង ទើបជាហេតុចម្បង។ ការពិតទៅចាស់ៗហាមស្រីៗមានផ្ទៃពោះមិនឲ្យងូតទឹកនៅពេលយប់ ខ្លាចងងឹតធ្វើឲ្យរអិលដួល ប៉ះពាល់ដល់កូនក្នុងពោះប៉ុណ្ណោះ។
៥- មើលអេកូញឹកញាប់ពេកអាចប៉ះពាល់កូនក្នុងពោះ?
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន បកស្រាយថា ពិនិត្យអេកូញឹកប៉ះពាល់កូន ជាលើកឡើងមិនត្រូវនោះទេ បើសិនជាកូនក្នុងផ្ទៃមានបញ្ហា គេនឹងពិនិត្យអេកូ ១ថ្ងៃ/៣ដង ឯណោះ ព្រោះអេកូជារលកសំឡេងមួយដែលចាប់រូបភាព ដើម្បីចង់ដឹងថា កូនក្នុងផ្ទៃវិវត្តដល់ណា។ លោកវេជ្ជបណ្ឌិតថា ការលើកឡើងខាងលើ ប្រហែលជាមានការយល់ច្រឡំជាមួយជាការធ្វើ X-ray ដែល X-ray អាចនឹងប៉ះពាល់។ ក្នុងករណីគភ៌មិនមានបញ្ហាចោទនោះទេ ស្ត្រីពពោះអាចអេកូត្រឹម ៤-៥ ដងប៉ុណ្ណោះ មិនចាំបាច់អេកូរៀងរាល់ខែនោះទេ។
[embed-health-tool-due-date]