ចូលខែភ្លៀង សម្បូរមូស ទាំងក្មេងទាំងចាស់ ងាយប្រឈមនឹងជំងឺគ្រុនឈាម ក្នុងស្រ្តីពពោះក៏ត្រូវប្រយ័ត្នដែរ ព្រោះបើកើតជំងឺគ្រុនឈាមពេលនេះ កូនក្នុងផ្ទៃនឹងមានបញ្ហាធ្ងន់ធ្ងរ។
បើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ស្ត្រីមានផ្ទៃពោះដែលឆ្លងជំងឺគ្រុនឈាម អាចចម្លងវីរុសនេះទៅទារកក្នុងផ្ទៃក្នុងអំឡុងពេលមានផ្ទៃពោះ ឬពេលសម្រាលកូន។ លោកវេជ្ជបណ្ឌិតបានបន្តថា ម្តាយដែលកើតជំងឺគ្រុនឈាមមិនត្រឹមប៉ះពាល់ដល់សុខភាពខ្លួនឯងប៉ុណ្ណោះទេ កូនក្នុងផ្ទៃក៏រងផលប៉ះពាល់ធ្ងន់ធ្ងរដែរ ដូចជាកូនកើតមកមិនគ្រប់គីឡូ កូនកើតមិនគ្រប់ខែ ករណីធ្ងន់ធ្ងរធ្វើឲ្យទារកក្នុងផ្ទៃស្លាប់។
ចំពោះស្ត្រីពពោះដែលឆ្លងជំងឺគ្រុនឈាម លោកវេជ្ជបណ្ឌិតថា នឹងមានចេញរោគសញ្ញាដូចអ្នកឆ្លងធម្មតា គឺមានក្ដៅខ្លួន ឈឺក្បាល ឈឺសន្លាក់សាច់ដុំ ឈឺក្នុងភ្នែក ឡើងកន្ទួលក្រហមលើស្បែក ឬចេញឈាមច្រមុះ។
ស្រ្តីពពោះដែលឆ្លងជំងឺគ្រុនឈាម អាចនឹងជាសះស្បើយក្នុងរយៈពេល១សប្តាហ៍ បើសិនជាព្យាបាលបានត្រឹមត្រូវ តែក្នុងករណីធ្ងន់ធ្ងរ រោគសញ្ញាមាន ក្អួតចង្អោរ ចុកពោះខ្លាំង ពិបាកដកដង្ហើម មានការហូរឈាមតាមច្រមុះ អញ្ចាញធ្មេញ តាមបាត ឬនៅពីក្រោមស្បែក និង អាចមានគ្រោះថ្នាក់ដល់ជីវិត។
សូមទស្សនាវីដេអូពន្យល់បន្ថែម៖
[embed-health-tool-due-date]