អំឡុងពេលពពោះ អាការៈឈឺជើង ហើមជើង ជាបញ្ហាទូទៅមួយម៉ាក់ៗស្ទើរតែគ្រប់រូបជួបប្រទះ។ មិនតែប៉ុណ្ណោះ ម៉ាក់ៗក៏មានហើមសរសៃឈាមជើងធំៗ ចេញពណ៌ខៀវ ឬពណ៌ស្វាយខ្វាត់ខ្វែងពេញជើង តែវាមិនបង្កបញ្ហាផ្នែកសុខភាពអ្វីដល់ម៉ាក់ៗ និងគភ៌ទេ។ តែម៉ាក់ៗធ្លាប់ឆ្ងល់អត់ថា ហេតុអ្វីបានជាស្ត្រីពពោះទៅជាហើមសរសៃជើងឡើងស្វាយខៀវពេញជើងទៅវិញ?
ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន សែនសុខ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានបកស្រាយឲ្យដឹងថា មូលហេតុដែលបង្កឲ្យម៉ាក់ៗប្រឈមនឹងការរីកសរសៃវ៉ែននេះមាន ៣យ៉ាងគឺ៖
ទី១៖ អំឡុងពេលពពោះ ម៉ាក់ៗផលិតគ្រាប់ឈាមច្រើនជាងធម្មតា សម្រាប់ចិញ្ចឹមគភ៌
ទី២៖ ពេលគភ៌លូតលាស់ធំទៅៗ ស្បូនសង្កត់ និងរារាំងសរសៃឈាមខ្លះ ដែលរត់ពីជើងទៅកាន់បេះដូង
ទី៣៖ អ័រម៉ូនអំឡុងពេលពពោះ ធ្វើឲ្យជញ្ជាំងនៃសរសៃឈាមទន់ជាងមុន បណ្ដាលឲ្យពិបាកដំណើរការបានល្អ។
លោកបន្តថា អាការៈហើមសរសៃឈាមវ៉ែននេះ ភាគច្រើនម៉ាក់ៗអាចជួបប្រទះនៅលើជើងទាំងសងខាង ក្នុងអាងត្រគាក និងនៅតំបន់ជុំវិញទ្វារមាស។ បញ្ហានេះ មិនត្រូវការព្យាបាលអ្វីនោះទេ ព្រោះវាអាចបាត់ទៅវិញខ្លួនឯងក្រោយម៉ាក់ៗសម្រាលកូនរួចបាន៣-៤ខែ។ ចំពោះបញ្ហានេះ មិនមានវិធីណាច្បាស់លាស់ថាអាចបង្ការមិនឲ្យកើតឡើងបានទេ ប៉ុន្តែបើម៉ាក់ៗឧស្សាហ៍ធ្វើសកម្មភាពប៉ុន្មានខាងក្រោមនេះ ភាគរយសរសៃវ៉ែនរីកធំមានទាបដូចជា៖
– ធ្វើចលនារាងកាយឲ្យបានច្រើន
– អង្គុយមួយភ្លែតៗ កុំអង្គុយយូរ
– ដាក់ជើងឲ្យខ្ពស់ជាងត្រគាកពេលសម្រាក ឬអង្គុយ
– ចៀសវាងពាក់សម្លៀកបំពាក់រឹបត្រង់ចង្កេះ និងត្រគាក
– ដាក់ជើងត្រាំទឹកត្រជាក់រាល់ថ្ងៃ (បើអាច)
– ឈប់ពាក់ស្បែកជើងកែង ។ល។
ម៉្យាងវិញទៀត កីឡាហែលទឹក ឬការដើរអាចជួយដល់ចលនាឈាមរត់ ជាពិសេសមានប្រយោជន៍ខ្លាំងអំឡុងពេលពពោះ។ លំហាត់ប្រាណមួយចំនួនដូចជា ដើរមួយកន្លែងជាដើម ល្អសម្រាប់លំហូរឈាមរត់នៅលើជើង។
[embed-health-tool-due-date]