ម៉ាក់ៗកំពុងពពោះ ច្បាស់ជាចង់ញ៉ាំចំណីអាហារណាល្អ មានប្រយោជន៍ចំពោះសុខភាពខ្លួនឯង ពិសេសចង់ប៉ូវឲ្យកូនលូតលាស់បានល្អ កើតមកឆ្លាត។ ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានណែនាំពីប្រភេទអាហារមួយចំនួន ដែលជួយដល់ការលូតលាស់ខួរក្បាល អាចបង្ការទារកពីជំងឺខ្សោយបញ្ញាពីកំណើត។
១. អាស៊ីដខ្លាញ់អូមេហ្គា ៣
បើតាមអង្គការសុខភាពពិភពលោក (WHO) អំឡុងទារកនៅក្នុងផ្ទៃ គឺជាពេលដែលប្រឈមនឹងការខ្វះអូមេហ្កា ៣ ដោយសារជាលិកាម្ដាយដែលផ្ទុកវាធ្លាក់ចុះ ហើយយើងត្រូវប្រើវាដើម្បីឲ្យទារកលូតលាស់បានល្អ បែបនេះទើបតម្រូវឲ្យស្ត្រីមានផ្ទៃពោះបំពេញបន្ថែមនូវអាស៊ីដខ្លាញ់អូមេហ្កា ៣ តាមរយៈអាហារ ឬអាហារបំប៉នផ្សេងៗ។ អាស៊ីដខ្លាញ់ល្អ អូមេហ្គា៣ ជាប្រភពដើមដែលផ្តល់នូវ DHAដែលសម្បូរនៅក្នុងខ្លាញ់ត្រីរស់នៅក្នុងសមុទ្រទឹកជ្រៅ ដូចជា ត្រីសាលម៉ុន ត្រីស្បៃកា ត្រីសាឌីន។ បន្ថែមពីនោះអាស៊ីដខ្លាញ់អូមេហ្គា ៣ មានក្នុងរុក្ខជាតិ និងសាច់សត្វ ខណៈគ្រាប់ធញ្ញជាតិកែច្នៃហើយ ឬក៏ប្រេងរបស់វា គ្រាប់មិនទាន់កែច្នៃ គ្រាប់វ៉លណាត់ សណ្តែកសៀង សុទ្ធតែជាប្រភពសម្បូរអាស៊ីដខ្លាញ់អូម៉េហ្កា៣។
ប្រភពអង្គការសុខភាពពិភពលោកដដែលបញ្ជាក់ថា ស្ត្រីពពោះដែលទទួលបានអាស៊ីដខ្លាញ់អូមេហ្គា៣ គ្រប់គ្រាន់ អាចបង្ការកូនកើតមុនខែ ជំងឺក្រឡាភ្លើង ចំពោះម្ដាយ ជំងឺបាក់ទឹកចិត្តក្រោយសម្រាល បង្កើនទម្ងន់កូន និងផ្តល់គុណប្រយោជន៍ផ្សេងទៀតដល់ទារក ដូចជាបង្កើនការលូតលាស់ខួរក្បាលរបស់ទារកក្នុងផ្ទៃ ហើយកាត់បន្ថយគ្រោះថ្នាក់ជំងឺខួរក្បាល។
២. ស្ពៃពួយឡេង
ពពួកស្ពៃនេះ សម្បូរទៅដោយសារធាតុអាស៊ីដ Folate (វីតាមីន B9) និងវីតាមីន K ដែលសុទ្ធសឹងជាវីតាមីនចាំបាច់សម្រាប់ខួរក្បាលយើង។ Folate ជាវីតាមីន B9 ជួយការពារកោសិកាសរសៃប្រសាទ (Neuron) កុំឲ្យឆាប់ខូចខាត។ មានន័យថា ជួយការពារកុំឲ្យមានការយឺតយ៉ាវ បញ្ជូនពត៌មានទៅកាន់ខួរក្បាល។ ឯវីតាមីន K វិញ ជំនួយដល់ការចងចាំ និងសកម្មភាពខួរក្បាល អាចជួយបន្ថយអាការៈវង្វេងលើមនុស្សចាស់ ជួយការពារជំងឺ Alzheimer ទៀតផង។ មានបន្លែស្លឹកផ្សេងទៀត ជំនួយដល់ខួរក្បាល ដូចជា ខាត់ណា និងពពួកសលាដមួយចំនួន ហេតុនេះគួរញ៉ាំបន្លែឲ្យបានញឹកញាប់ ដើម្បីសុខភាពខួរក្បាល។
៣. ផ្លែប៊ើរ
ស្ត្រីមានផ្ទៃពោះ គួរតែញ៉ាំផ្លែប៊ើរ ឬប៊ើរក្រឡុកឲ្យបានច្រើន ព្រោះផ្លែប៊ើរ សម្បូរទៅដោយពពួកអាស៊ីដខ្លាញ់ ហៅថា អូឡេអ៊ិក អាស៊ីដ (Oleic acid) ជួយបង្កើនមុខងារខួរក្បាល បង្កើតស្រទាប់ស្រោបកោសិកាខួរក្បាល ហើយត្រូវបានគេហៅថា Myelin។ អាស៊ីដប្រភេទនេះ ជួយឲ្យពត៌មានក្នុងប្រព័ន្ធសរសៃប្រសាទដំណើរការបានលឿន។
[embed-health-tool-due-date]