នៅអំឡុងពេលពពោះ ម៉ាក់ៗត្រូវមានការប្រុងប្រយ័ត្នឲ្យបានដិតដល់មុនពេលញ៉ាំអ្វីមួយ។ ជាក់ស្ដែង អាហារខ្លះអាចជួយដល់ការលូតលាស់ និងការវិវត្តរបស់ទារកក្នុងផ្ទៃ ប៉ុន្តែអាហារខ្លះទៀតបែរជាបង្កគ្រោះថ្នាក់ដល់សុខភាពរបស់ទារកទៅវិញ។ ស្លឹកគ្រៃ គឺជាគ្រឿងទេសដ៏ពេញនិយមមួយដែលប្រើប្រាស់ជាទូទៅនៅក្នុងការចម្អិនអាហារ ប៉ុន្តែតើវាមានសុវត្ថិភាពដែរឬអត់សម្រាប់ស្ត្រីពពោះ?
ម៉ាក់ៗគួរញ៉ាំស្លឹកគ្រៃពេលពពោះ ឬអត់?
ស្ត្រីពពោះមិនគួរញ៉ាំស្លឹកគ្រៃនៅអំឡុងពេលនេះទេ ពីព្រោះសមាសធាតុចំនួនពីរដែលមាននៅក្នុងស្លឹកគ្រៃគឺCitral និងMycrene អាចមានផលប៉ះពាល់ដល់គភ៌។ នៅពេលដែលយើងញ៉ាំMycreneនៅក្នុងបរិមាណច្រើន វាអាចរារាំងដល់ការវិវត្តនៃគ្រោងឆ្អឹងរបស់ទារក ហើយវាថែមទៀតអាចបណ្ដាលឲ្យមានការរលូតកូនថែមទៀតផង។
ការញ៉ាំតែស្លឹកគ្រៃ ឬអាហារបំប៉នដែលផ្សំពីស្លឹកគ្រៃ អាចនាំឲ្យម៉ាក់ៗកើតមានបញ្ហាធ្ងន់ធ្ងរនៅអំឡុងពេលមានគភ៌។ យ៉ាងណាមិញ ទោះបីជាយើងអាចញ៉ាំស្លឹកគ្រៃនៅក្នុងបរិមាណតិចតួច ដោយប្រើប្រាស់វាជាគ្រឿងទេសយ៉ាងណាក្ដី ម៉ាក់ៗគប្បីជៀសវាងញ៉ាំស្លឹកគ្រៃតែម្ដង ទើបជាការប្រសើរ។
ផលប៉ះពាល់របស់ស្លឹកគ្រៃនៅអំឡុងពេលពពោះ
យោងតាមការសិក្សាមួយចំនួនបានបង្ហាញថា ការញ៉ាំស្លឹកគ្រៃអាចបណ្ដាលឲ្យមានផលប៉ះពាល់អវិជ្ជមាន នៅក្នុងអំឡុងពេលមានផ្ទៃពោះ ទាំងចំពោះម្ដាយ និងទារកក្នុងផ្ទៃ។
ផលប៉ះពាល់ចំពោះទារកក្នុងផ្ទៃ
- ពន្លឿនការងាប់កោសិកា និងរារាំងដល់ការបង្កើនកោសិកា ដែលបង្កឲ្យទារកមានការលូតលាស់យឺតយ៉ាវ។
- អាចបណ្ដាលឲ្យគ្រោងឆ្អឹងមានលក្ខណៈខុសប្រក្រតី។
- អាចបណ្ដាលឲ្យកូនស្លាប់ក្នុងផ្ទៃ។
ផលប៉ះពាល់ចំពោះម្ដាយ
- ស្លឹកគ្រៃត្រូវបានប្រើប្រាស់ជាប្រភេទឱសថបុរាណ ដើម្បីឲ្យមានការមករដូវ។ ការញ៉ាំស្លឹកគ្រៃ នៅក្នុងបរិមាណច្រើន វាអាចធ្វើឲ្យដាច់រលាត់ភ្នាសទារក ដែលអាចបណ្ដាលឲ្យរលូតកូន។
- ប៉ះពាល់ដល់ការគ្រប់គ្រងជាតិស្ករក្នុងឈាម។ ប្រសិនបើស្ត្រីពពោះមានជំងឺទឹកនោមផ្អែមប្រភេទ២ ឬជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ ហើយញ៉ាំស្លឹកគ្រៃនៅក្នុងបរិមាណច្រើន វាអាចកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមភ្លាមៗ ដែលបណ្ដាលឲ្យយើងនឿយហត់ ព្រិលភ្នែក ព្រមទាំងវិលមុខ។
- អាចនាំឲ្យមានបញ្ហាអាលែកហ្ស៊ីតិចតួច ដែលធ្វើឲ្យយើងហើមបំពង់ក កើតកន្ទួលរមាស់ និងឈឺទ្រូង។
ពិតណាស់ ស្លឹកគ្រៃមានផលប៉ះពាល់ជាច្រើន នៅអំឡុងពេលមានផ្ទៃពោះ ដូច្នេះហើយម៉ាក់ៗគប្បីជៀសវាង ឬញ៉ាំវានៅក្នុងកម្រិតតិចតួច ឬអាចជម្រើសភេសជ្ជៈផ្សេងជំនួសវិញ ដូចជាតែខ្ញីជាដើម ដែលអាចជួយជំរុញប្រព័ន្ធភាពស៊ាំ ជួយសម្រួលដល់ការរំលាយអាហារ និងកាត់បន្ថយអាការៈចាញ់កូនបានយ៉ាងមានប្រសិទ្ធភាព។
[embed-health-tool-due-date]