ការប្រែប្រួលនៃសុដន់ អំឡុងពេលមានគភ៌គឺជារឿងធម្មតាប៉ុណ្ណោះ ហើយវាអាចបន្តរហូតដល់ពេលសម្រាល និងលើសពីនេះ។ ការប្រែប្រួលអ័រម៉ូន ការកើនឡើងនៃលំហូរឈាម និងការផលិតទឹកដោះដំបូង អាចបណ្ដាលឲ្យមានការឈឺចាប់ និងមិនស្រួលនៃសុដន់។ ដូច្នេះហើយ ស្រីៗយើងគប្បីថែទាំសុដន់ឲ្យបានល្អនៅអំឡុងពេលនេះ។
តិចនិកថែទាំសុដន់អំឡុងពេលមានគភ៌
សុដន់ចាប់ផ្ដើមស្ទះ និងងាយរងការឈឺចាប់នៅអំឡុងពេលពពោះ។ រីឯចុងសុដន់ក៏ក្លាយទៅជាស្ងួត និងមានពណ៌ ក៏ដូចជាប្រេះផងដែរ។ យ៉ាងណាមិញ ស្រីៗយើងអាចអនុវត្តតិចនិកខាងក្រោមនេះ ដើម្បីថែទាំសុដន់ឲ្យបានល្អនៅអំឡុងពេលមានគភ៌ និងក្រោយសម្រាលកូនរួច។
១. ម៉ាស្សាសុដន់
ការម៉ាស្សាសុដន់អាចជួយបញ្ចៀសការស្ទះបំពង់ទឹកដោះ ស្នាមសង្វារ និងប្រេះចុងសុដន់។ ចូរលាបក្រែមផ្ដល់សំណើម ឬប្រេងអូលីវ ហើយត្រដុសជុំវិញចុងសុដន់ជារាងរង្វង់ ដោយប្រើចុងម្រាមដៃ។ ជាមួយគ្នានេះដែរ យើងត្រូវទាញចុងសុដន់ទៅផ្នែកខាងក្រៅថ្នមៗ និងបន្តធ្វើដូចនេះរយៈពេលប្រហែល៥នាទី។ ពិតណាស់ ការម៉ាស្សាដ៏ល្អនឹងអាចជួយជំរុញដល់ការផ្គត់ផ្គង់ទឹកដោះបន្ទាប់ពីសម្រាល និងបំបៅ ជួយឲ្យសុដន់ទន់ល្អ ក៏ដូចជាបង្កើនលំហូរទឹកដោះ។ យ៉ាងណាមិញ ស្រីៗយើងមិនគួរដាក់សម្ពាធខ្លាំងនៅលើសុដន់ឡើយ និងបញ្ឈប់ការម៉ាស្សាភ្លាមៗប្រសិនបើមានយើងមានការឈឺចាប់ ក៏ដូចជាមិនត្រូវម៉ាស្សាហួសកម្រិតនៅចុងសុដន់ នៅពេលដែលយើងជិតសម្រាលកូនឡើយ។
២. បញ្ចេញសកម្មភាពរាងកាយ
ជាមួយគ្នានេះដែរ ស្រីៗយើងគប្បីធ្វើលំហាត់ប្រាណ និងញ៉ាំអាហារសុខភាពជាប្រចាំ។ ពិតណាស់ សកម្មភាពពន់ពែនខ្លួនស្រាលៗអាចជួយបន្ថយភាពតានតឹងផ្នែកខាងលើនៃរាងកាយ។ ការពន់ពែនដៃក៏អាចជួយផ្ដល់កម្លាំងដល់សាច់ដុំសុដន់ ព្រមទាំងអាចកាត់បន្ថយការឈឺចាប់នៃសុដន់ថែមទៀតផង។ ប៉ុន្តែ ម៉ាក់ៗមិនគួរធ្វើលំហាត់ប្រាណឲ្យលើសកម្រិតនោះទេ។
៣. ប្រើប្រាស់អាវទ្រនាប់សម្រាប់ស្ត្រីពពោះ
អាវទ្រនាប់សម្រាប់ស្ត្រីពពោះដែលមានផាសុកភាព គឺធ្វើពីកប្បាស ពីព្រោះវាអាចជួយដល់ការយឺតនៃសុដន់នៅអំឡុងពេលពពោះបានល្អ។ បន្ថែមពីនេះ អាវទ្រនាប់កីឡាក៏មានផាសុកភាពដូចគ្នា ដោយជួយឲ្យសាច់ដុំខាងក្រោមសុដន់មានភាពរឹងមាំ ព្រមទាំងកាត់បន្ថយការឈឺចាប់ និងបញ្ចៀសការយារធ្លាក់ផងដែរ។
៤. រក្សាអនាម័យល្អ
សុដន់របស់យើងអាចលេចចេញទឹកដោះដំបូងតិចតួចនៅអំឡុងពេលពពោះ។ ដូច្នេះហើយ ម៉ាក់ៗអាចប្រើប្រាស់កំណាត់ដែលធ្វើពីកប្បាស ឬបន្ទះប្រើប្រាស់សម្រាប់បំបៅដោះ ដើម្បីបឺតយកជាតិទឹក។ ម្យ៉ាងវិញទៀត ស្រីៗយើងក៏អាចប្រើប្រាស់កំណាត់ស្អាតដែលជ្រលក់ជាមួយនឹងទឹកក្ដៅឧណ្ហៗមកជូតសម្អាតសុដន់ថ្នមៗ។ ប៉ុន្តែ យើងមិនត្រូវប្រើប្រាស់សាប៊ូដុំ ឬសាប៊ូដែលមានជាតិអាកុលឡើយ ពីព្រោះវាអាចបណ្ដាលឲ្យសុដន់ស្ងួត និងឈឺចាប់។
[embed-health-tool-due-date]