នៅអំឡុងពេលមានគភ៌ ម៉ាក់ៗចាំបាច់យកចិត្តទុកដាក់ទៅនឹងរបបអាហារ និងសកម្មភាពរាងកាយដើម្បីឲ្យកូនក្នុងផ្ទៃ ក៏ដូចជាខ្លួនឯងមានសុខភាពល្អ។ ពិតណាស់ ឥរិយាបថណាមួយនៅក្នុងអំឡុងពេលនេះ សុទ្ធតែផ្ដល់ផលប៉ះពាល់ដល់កូន។ ដូច្នេះហើយ ម៉ាក់គប្បីប្រុងប្រយ័ត្ននៅក្នុងការធ្វើសកម្មភាពទាំងនេះ។
១. សូណា
កម្ដៅខ្លាំងនៅក្នុងសូណាគឺជាការព្រួយបារម្ភដ៏ធំមួយ នៅអំឡុងពេលមានគភ៌។ វាអាចធ្វើឲ្យយើងមានអារម្មណ៍ធូរស្រាលក៏ពិតមែន ប៉ុន្តែអាចប៉ះពាល់ដល់កូនក្នុងផ្ទៃ ពីព្រោះទារកមិនអាចគ្រប់គ្រងសីតុណ្ហភាពរាងកាយ នៅពេលដែលពួកគេនៅក្នុងផ្ទៃបានឡើយ។ យោងតាមការសិក្សាមួយចំនួន បានបង្ហាញថា កម្ដៅនៃសូណាអាចបណ្ដាលឲ្យកូនកើតមានបញ្ហាសុខភាពធ្ងន់ធ្ងរមួយចំនួននៅថ្ងៃអនាគត ដូចជាបញ្ហាខួរក្បាល និងខួរឆ្អឹងខ្នង។
២. ញ៉ាំជាតិស្ករច្រើនជ្រុល
ជាមួយគ្នានេះដែរ ម៉ាក់ៗដែលញ៉ាំជាតិស្ករច្រើននៅអំឡុងពេលមានគភ៌ អាចបណ្ដាលឲ្យក្មេងមានបញ្ហាពិបាកក្នុងការរៀនសូត្រ និងការចងចាំ។ ដូច្នេះហើយ ប្រសិនបើយើងចង់ញ៉ាំរបស់ផ្អែម គួរជ្រើសរើសផ្លែឈើជំនួសវិញ និងកាត់បន្ថយភេសជ្ជៈដែលមានជាតិស្ករច្រើន។
៣. ឈ្លោះប្រកែកគ្នា និងស្រែកខ្លាំងៗ
ការឈ្លោះប្រកែកគ្នាអាចបណ្ដាលឲ្យយើងមានការថប់បារម្ភ និងបាក់ទឹកចិត្ត ហើយវាក៏អាចប៉ះពាល់ដល់កូនក្នុងផ្ទៃផងដែរ ជាពិសេសប្រព័ន្ធភាពស៊ាំ និងខួរក្បាលរបស់កូន។ ម្យ៉ាងវិញទៀត ការស្រែកក៏អាចផ្ដល់ផលអាក្រក់ដល់ម៉ាក់ៗដូចគ្នា ដូចជានាំឲ្យយើងឈឺក្បាល ចង្អោរ និងមានបញ្ហាដំណេក។ ដូចនេះ យើងគប្បីសម្រាកឲ្យបានច្រើន គេងឲ្យបានគ្រប់គ្រាន់ ធ្វើសមាធិ និងដើរលំហែ។
៤. យំ
ទន្ទឹមនឹងនេះ ការយំអំឡុងពេលមានផ្ទៃពោះ គឺជារឿងធម្មតាប៉ុណ្ណោះ ពីព្រោះយើងអាចនឹងមានការប្រែប្រួលអារម្មណ៍អំឡុងពេលនេះ។ ប៉ុន្តែម៉ាក់ៗគប្បីយកចិត្តទុកដាក់ឲ្យបានដិតដល់ចំពោះរោគសញ្ញាផ្សេងៗដូចជាបាត់បង់ចំណង់អាហារ មានអារម្មណ៍ខុសឆ្គង គេងច្រើន និងបាត់បង់ចំណាប់អារម្មណ៍ក្នុងការធ្វើសកម្មភាពផ្សេងៗ ពីព្រោះទាំងនេះ ជាសញ្ញានៃការបាក់ទឹកចិត្ត ដែលអាចនាំមកនូវផលវិបាកធ្ងន់ធ្ងរ។ នៅក្នុងករណីដែលរោគសញ្ញាទាំងនេះមានរយៈពេលលើសពី២សប្ដាហ៍ ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ។
៥. មានបញ្ហាដំណេក
យោងតាមការស្រាវជ្រាវបានបង្ហាញថា ៧៨%នៃស្ត្រីពពោះមានបញ្ហាគេងមិនលក់ ដែលអាចបណ្ដាលឲ្យម៉ាក់ៗមានអារម្មណ៍មិនល្អ និងចង្អោរ។ នៅពេលដែលយើងគេងបានតិចជាង៦ម៉ោងក្នុងមួយយប់ ការសម្រាលកូនក៏មានរយៈពេលយូរផងដែរ។ ហេតុនេះហើយ ស្រីៗយើងគប្បីរៀបចំផែនការគេង ធ្វើលំហាត់ប្រាណយ៉ាងហោចណាស់៣០នាទីក្នុងមួយថ្ងៃ ព្រមទាំងញ៉ាំទឹកឲ្យបានច្រើន។ ប្រសិនបើយើងគេងមិនលក់ ចូរកុំព្យាយាមដាក់សម្ពាធដល់ខ្លួនឯង ហើយសាកល្បងអានសៀវភៅ ដោយមិនបញ្ចេញសកម្មភាពខ្លាំងៗនៅអំឡុងពេលជិតគេង ទើបជាការប្រសើរ។
៦. ញ៉ាំជាតិកាហ្វេអ៊ីនច្រើនជ្រុល
នៅពេលម៉ាក់ៗញ៉ាំកាហ្វេ ចូរចងចាំថាជាតិកាហ្វេអ៊ីនអាចឆ្លងកាត់សុក និងចូលទៅក្នុងចរន្តឈាមរបស់ទារក។ យោងតាមការសិក្សាមួយបានបង្ហាញថា ការញ៉ាំជាតិកាហ្វេអ៊ីនច្រើនជ្រុលប្រចាំថ្ងៃ អាចជះឥទ្ធិពលអវិជ្ជមានដល់ទារកក្នុងផ្ទៃ។ ជាពិសេស ម៉ាក់ៗដែលញ៉ាំកាហ្វេចំនួន៨ពែង ឬច្រើនជាងនេះក្នុងមួយថ្ងៃ អាចបង្កើនហានិភ័យកូនស្លាប់ក្នុងផ្ទៃ។ ការកាត់បន្ថយជាតិកាហ្វេអ៊ីននៅក្នុងអំឡុងពេលនេះ គឺជារឿងចាំបាច់បំផុត។ ដូច្នេះហើយ ម៉ាក់ៗគួរញ៉ាំតែ១ពែង ទៅ២ពែងនៅក្នុងមួយថ្ងៃ ក៏គ្រប់គ្រាន់ហើយ។
[embed-health-tool-due-date]