នៅអំឡុងពេលមានផ្ទៃពោះ ម៉ាក់ៗចាំបាច់ត្រូវយកចិត្តទុកដាក់ចំពោះសកម្មភាពប្រចាំថ្ងៃ និងរបបអាហារទ្វេដង ដើម្បីធានាថាខ្លួន និងកូនក្នុងផ្ទៃមានសុខភាពល្អ។ យ៉ាងណាមិញ មានចំណុចមួយចំនួនដែលយើងចាំបាច់ត្រូវជៀសវាងអំឡុងពេលមានផ្ទៃពោះ ពីព្រោះវាអាចប៉ះពាល់ដល់ការលូតលាស់របស់កូនក្នុងផ្ទៃ។
ការថែទាំសុខភាពរាងកាយជារឿងសំខាន់ណាស់នៅអំឡុងពេលមានគភ៌។ ដូច្នេះហើយ ម៉ាក់ៗគប្បីញ៉ាំរបបអាហារល្អ ដែលមានវីតាមីនចម្រុះ និងសារជាតិរ៉ែសម្រាប់ជួយដល់ការលូតលាស់ និងការអភិវឌ្ឍរបស់ទារក។ ជាមួយគ្នានេះដែរ យើងចាំបាច់ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ដើម្បីបញ្ចៀសបញ្ហាកង្វះជាតិទឹក និងការទល់លាមក។
មួយវិញទៀត ការធ្វើលំហាត់ប្រាណជាទៀងទាត់ ក៏អាចជួយទប់ស្កាត់ការឡើងទម្ងន់ និងបញ្ហាផ្សេងដែលទាក់ទងនឹងការមានផ្ទៃពោះផងដែរ។ ប៉ុន្តែមានរឿងរ៉ាវជាច្រើនដែលអាចប៉ះពាល់ដល់ការលូតលាស់របស់ទារក ដែលម៉ាក់ចាំបាច់ត្រូវជៀសវាង។
៤ចំណុច គួរជៀសវាងអំឡុងពេលមានគភ៌
១. ខ្យល់ពុល
ការសិក្សាជាច្រើនបានបង្ហាញថា ការប៉ះពាល់ខ្យល់ពុលអំឡុងពេលមានផ្ទៃពោះ អាចជះឥទ្ធិពលអវិជ្ជមានដល់ការលូតលាស់របស់ទារក។ ដំណាក់កាលដែលម៉ាក់ៗ គួរប្រយ័ត្នប្រយែងបំផុតគឺនៅពេលទើបមានផ្ទៃពោះ និងជិតសម្រាលកូន។
២. ស្រ្តេស
ពិតណាស់ អារម្មណ៍ស្រ្តេសនៅអំឡុងពេលមានផ្ទៃពោះជារឿងធម្មតាប៉ុណ្ណោះ។ ប៉ុន្តែ កម្រិតស្តេ្រសខ្ពស់ក៏អាចបង្កើនឱកាសនៃការកើតកូនមិនគ្រប់ខែ ឬកូនមានទម្ងន់ខ្លួនមិនគ្រប់គីឡូ។ ហេតុនេះហើយ ម៉ាក់ៗគប្បីស្វែងរកវិធីសាស្ត្រផ្សេងៗ ដើម្បីកាត់បន្ថយស្រ្តេសឲ្យនៅកម្រិតទាប ទើបជាការប្រសើរ។
៣. គ្រឿងស្រវឹង
ការញ៉ាំគ្រឿងស្រវឹងអំឡុងពេលមានគភ៌ ទោះជាក្នុងកម្រិតមធ្យម ក៏អាចប៉ះពាល់ដល់កូនក្នុងផ្ទៃដូចជាមានការលូតលាស់យឺត ទម្ងន់ខ្លួនទាប ការអភិវឌ្ឍយឺតយ៉ាវ ផ្ទៃមុខមានលក្ខណៈខុសប្រក្រតី និងខ្សោយបញ្ញាជាដើម។
៤. ជាតិកាហ្វេអ៊ីន
បន្ថែមពីនេះ ការញ៉ាំកាហ្វេអ៊ីនកម្រិតខ្ពស់ អំឡុងពេលពពោះក៏អាចបង្កើនហានិភ័យនៃការរលូតកូន និងកូនលូតលាស់យឺតយ៉ាវ។ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន មានដូចជាកាហ្វេ តែ និងភេសជ្ជៈដែលមានជាតិហ្គាសដទៃទៀត។ ដូចនេះ ម៉ាក់ៗគប្បីជ្រើសរើសញ៉ាំភេសជ្ជៈដែលគ្មានជាតិកាហ្វេអ៊ីនជំនួសវិញ។
[embed-health-tool-due-date]