ជាធម្មតា ពេលកូនក្នុងពោះកាន់តែធំ អាអូនចាប់ផ្ដើមចេះធ្វើចលនាដូចជា ស្ងាប ត្អើក បើកភ្នែក ជាពិសេសនោះ គឺធាក់ម៉ាក់ៗតែម្ដង។ គ្រូពេទ្យជំនាញក៏ប្រាប់ដែរថា ដោយការធ្វើចលនានេះ ម៉ាក់ៗក៏អាចដឹងពីស្ថានភាពសុខភាពអាអូនបានផងដែរ។
ការតាមដាន ចលនារើបម្រាស់របស់ទារកក្នុងផ្ទៃ ពិតជាមានសារសំខាន់ណាស់ ដើម្បីឲ្យម៉ាក់ៗ កំពុងពពោះដឹងពីហានិភ័យទារក ខ្សោយ ឬអាចនឹងស្លាប់បាន។ នេះបើតាមការបកស្រាយឲ្យដឹងពីលោកវេជ្ជបណ្ឌិត សឿ ច័ន្ទវិសាល ឯកទេសផ្នែកសម្ភព និងរោគស្ត្រី។
ជាទូទៅ ចំនួនចលនារើបម្រាស់របស់ទារកដែលម៉ាក់ៗទទួលអារម្មណ៍ដឹងមានចំនួនតិចជាង ចលនាធាក់ពោះខ្លាំងរបស់ទារក ព្រោះស្ត្រីមិនអាចទទួលបានអារម្មណ៍ដឹងនៅពេលទារកធ្វើចលនាធាក់តិចៗ។ នៅពេលអាអូនក្នុងផ្ទៃ មានអាយុពី ១៥-២៧ សប្តាហ៍ ម៉ាក់ៗពពោះចាប់ផ្ដើមអាចទទួលបានអារម្មណ៍ចលនាកូនរើបម្រាស់កាន់តែច្បាស់ពីមួយថ្ងៃទៅមួយថ្ងៃ។
ចុះយើងអាចដឹងពីសុខភាពកូនតាមការធ្វើចលនាដោយរបៀបណា?
យើងអាចដឹងពីបញ្ហាទាក់ទងនឹងសុខភាពកូនក្នុងផ្ទៃបាន តាមរយៈការតាមដានដោយតាមដានរយៈពេល២ម៉ោង គឺចាប់ពីម៉ោង៨-១០យប់ ឬចាប់ពីម៉ោង១០-១២យប់។
ប្រសិនបើ អាអូនក្នុងផ្ទៃមានសុខភាពល្អធម្មតា ពេល៖
១. តាមដានចលនាបម្រាស់ទារក នៅអាយុចាប់ពី ៣៧-៣៨ សប្តាហ៍ រយៈពេល២ម៉ោង មានចំនួនលើសពី ១២ដង
២.តាមដានចលនាបម្រាស់ទារក នៅអាយុចាប់ពី ២៨-៤០ សប្តាហ៍ រយៈពេល២ម៉ោង មានចំនួនលើសពី ១០ដង
លោកបានបញ្ជាក់ថា ក្នុងករណីដែលកូនក្នុងផ្ទៃ មានចលនាតិចជាង ១០ដង ក្នុងរយៈពេល២ម៉ោង នោះអាអូនអាចមានហានិភ័យ ខ្សោយ ឬអាចនឹងស្លាប់។ ហេតុនេះហើយ ម៉ាក់ៗពពោះគ្រប់រូប ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីវាយតម្លៃសុខភាពកូនឲ្យបានច្បាស់លាស់ និងរកវិធីជួយដល់កូនឲ្យបានទាន់ពេលវេលា។
[embed-health-tool-pregnancy-weight-gain]