ការតាមដាន ចលនារើបម្រះទារកក្នុងផ្ទៃពិតជាមានសារសំខាន់ណាស់ ដើម្បីឲ្យស្ត្រីកំពុងពពោះដឹងពីហានិភ័យរបស់គភ៌ ថាតើអាអូនមានសុខភាពល្អ ឬខ្សោយ ឬអាចនឹងស្លាប់ក្នុងផ្ទៃជាដើម។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត សឿច័ន្ទ វិសាល ឯកទេសផ្នែកសម្ភព និងរោគស្ត្រី។
លោកវេជ្ជបណ្ឌិតបន្តថា ជាទូទៅ ចំនួនចលនារើបម្រះរបស់ទារកដែលម្ដាយទទួលអារម្មណ៍ដឹងមានចំនួនតិចជាង ចលនាធាក់ពោះពិតរបស់ទារក ព្រោះម្ដាយមិនអាចទទួលអារម្មណ៍ដឹងនៅពេលទារកធ្វើចលនាធាក់តិចៗ។ ទារកអាយុពី៦-១៤សប្ដាហ៍ ម៉ាក់ៗមានផ្ទៃពោះមិនទាន់អាចទទួលបានអារម្មណ៍ចលនាទារកបម្រះទេ រហូតដល់ទារកអាយុពី ១៥-២៧សប្ដាហ៍ ទើបស្ត្រីពពោះអាចចាប់ផ្ដើមទទួលបានអារម្មណ៍ចលនាទារកបម្រះកាន់តែច្បាស់ពីមួយថ្ងៃទៅមួយថ្ងៃ។
ម៉ាក់ៗពពោះ គួរជ្រើសរើសពេលវេលាតាមដានចលនារើបម្រះទារកក្នុងផ្ទៃ គឺរើសយកពេលវេលាដែលទារកគេងតិច និងធ្វើចលនាច្រើន។
របៀបតាមដានចលនារើបម្រះទារកក្នុងផ្ទៃ៖
- តាមដានរយៈពេល២ម៉ោង គឺចាប់ពីម៉ោង២២ ដល់ម៉ោង២៤ ឬចាប់ពីម៉ោង២០ ដល់ម៉ោង២២។
លទ្ធផលនៃការតាមដានចលនារើបម្រះទារកក្នុងផ្ទៃ៖
- ទារកក្នុងផ្ទៃមានសុខភាពល្អធម្មតាពេលតាមដានចលនាបម្រះទារកនៅអាយុចាប់ពី ៣០-៣៧សប្ដាហ៍ រយៈពេល២ម៉ោង មានចំនួនលើសពី១២ដង។
- តាមដានចលនារើបម្រះទារកនៅអាយុចាប់ពី ៣៨-៤០សប្ដាហ៍ រយៈពេល២ម៉ោង មានចំនួនលើសពី១០ដង។
វេជ្ជបណ្ឌិតរូបនេះបន្ថែមថា ប្រសិនបើទារកមានចលនារើបម្រះតិចជាងចំនួន១០ដង/២ម៉ោង បញ្ជាក់ថា អាអូនក្នុងផ្ទៃអាចខ្សោយ ឬអាចនឹងស្លាប់ ដូចនេះម៉ាក់ៗដែលកំពុងពពោះគ្រប់រូបត្រូវប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីវាយតម្លៃសុខភាពទារកឲ្យបានច្បាស់លាស់ និងមានវិធានការសង្គ្រោះទារកឲ្យបានទាន់ពេលវេលា។
[embed-health-tool-pregnancy-weight-gain]