
ក្នងសប្តាហ៍ទី ១៣នេះ គភ៌ មានទម្ងន់ប្រមាណជា ៣០ ក្រាម និងកម្ពស់ប្រហែលជា ៧ សង់ទីម៉ែត្រ សរីរាង្គគ្រប់ផ្នែកបន្តលូតលាស់ធម្មតា ឯទងសុកក៏ចាប់ផ្តើមប្តូរទីតាំងទៅពោះអាអូន។
បំពង់សំឡេងរបស់អាអូនចាប់លូតលាស់ក្នុងសប្តាហ៍នេះដែរ តែម៉ាក់ប៉ាត្រូវរង់ចាំដល់បេប៊ីកើតទើបអាចឮសំឡេងរបស់គេ។ មួយវិញទៀត អាអូនក៏អាចចាប់ផ្តើមដាក់ដៃចូលក្នុងមាត់បណ្តើរៗហើយ។

១- រាងកាយប្រែប្រួលអីខ្លះ?
អាការៈចាញ់កូននឹងលែងសូវមានហើយ ឬបាត់តែម្តង មិនយូរមិនឆាប់ទេម៉ាក់ៗនឹងមានកម្លាំងកំហែងដូចមុន។ ទោះយ៉ាងណាយើងកុំទាន់អាលអរ ព្រោះនឹងអាចកើតមានការធ្លាក់ស ថ្លា គ្មានក្លិន ដែលបង្កឡើងដោយកម្រិតអ័រម៉ូនអឺស្ត្រូសែនក្នុងឈាម។ បើការធ្លាក់សរបស់យើងប្រែជាមានក្លិន ប្តូរពណ៌ផ្សេង គួរណាប្រញាប់ទៅជួបពេទ្យ ព្រោះវាជាសញ្ញានៃការឆ្លងមេរោគណាមួយ។
ជាពេលដែលយើងត្រូវដឹងពីការហាត់ប្រាណអំឡុងពេលមានផ្ទៃពោះហើយ ដោយមុនពេលធ្វើលំហាត់ប្រាណណាមួយនោះ គួរស្វែងយល់ពីគន្លឹះមួយចំនួនដូចខាងក្រោម៖
– ហាត់ប្រាណល្មមៗ ជៀសវាងការដកដង្ហើមមិនដល់គ្នា
– ជ្រើសរើសលំហាត់ប្រាណដែលមិនប្រើកម្លាំងខ្លាំង
– ប្តូរទម្លាប់ហាត់ប្រាណទៅតាមការលូតលាស់គភ៌
- យកចិត្តទុកដាក់លើបម្រែបម្រួលរាងកាយ
– បញ្ឈប់លំហាត់ប្រាណដែលនាំឲ្យឈឺចាប់ ឬហត់ខ្លាំង។
៣- ប្រាប់អីខ្លះទៅពេទ្យ?
ស្រីៗយើងត្រូវបារម្ភបើមានបញ្ហាការដកដង្ហើម ឬឈឺទ្រូង គួរប្រញាប់ជួបពេទ្យ។ បញ្ហានេះអាចកើតឡើង២ ទៅ៣នាទី អំឡុង ឬក្រោយពេលយើងឡើងជណ្តើរ ដោយអាការមិនថមថយទាល់តែសោះ។ នៅពេលយើងពិបាកដកដង្ហើម បរិមាណអុកស៊ីហ៊្សែនក្នុងឈាមមានការថយចុះ នាំឲ្យឈាមដែលនាំអុកស៊ីហ៊្សែនទៅឲ្យកូនក្នុងផ្ទៃមិនគ្រប់។
តេស្តអីខ្លះចាំបាច់?
ក្នុងសប្តាហ៍នេះ មិនខុសពីរាល់ដងប៉ុន្មានទេ គ្រូពេទ្យនឹងធ្វើតេស្តមួយចំនួនដូចជា៖
– ថ្លឹងទម្ងន់ និងវាស់សម្ពាធឈាម
– ពិនិត្យកម្រិតជាតិស្ករ ប្រូតេអ៊ីនក្នុងទឹកនោម
– ពិនិត្យចង្វាក់បេះដូងកូន
– ស្ទាបវាស់កម្ពស់ និងទំហំស្បូន
- មើលករណីហើមដៃជើង ឬប៉ោងសរសៃវ៉ែន។
៣- ត្រូវដឹងពីអីខ្លះ?
ការធ្វើលំហាត់ប្រាណដើម្បីសុខភាពពិតជាមានសារសំខាន់ ប៉ុន្តែយើងត្រូវគិតពីកូនក្នុងផ្ទៃផង។ ត្រូវចាំថា រាល់ការធ្វើលំហាត់ប្រាណម្តងៗ ចង្វាក់បេះដូងយើងលោតលើសពី ១៤០ដង ក្នុង១នាទី ដូច្នេះវាអាចធ្វើឲ្យយើង និងកូនមានគ្រោះថ្នាក់។
គួរបញ្ឈប់ការហាត់ប្រាណភ្លាម បើពិបាកដកដង្ហើម ឬដកដង្ហើមមិនដល់គ្នា។ វិធីល្អបំផុតគួរជ្រើសរើសលំហាត់ប្រាណណាដែលមិនសូវប្រើកម្លាំង ដូចជាដើរ ឬក៏ហែលទឹក ហើយកុំភ្លេចសម្រាកខ្លីៗនៅពេលកំពុងហាត់ប្រាណផង។
ចង់ដឹងថាសប្តាហ៍ទី ១៤ នៃគភ៌មានអ្វីខុសប្លែកមែនទេ? ជួបគ្នានៅអត្ថបទបន្ទាប់ណ៎ា!
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Poppy seed to pumpkin: How big is your baby? http://www.babycenter.com/slideshow-baby-size. Accessed June 1, 2016.
Pregnancy calendar week 13. http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week13.html. Accessed June 1, 2016.
Your pregnancy: 13 weeks. http://www.babycenter.com/6_your-pregnancy-13-weeks_1102.bc. Accessed June 1, 2016.
13 weeks pregnant. http://www.whattoexpect.com/pregnancy/week-by-week/week-13.aspx. Accessed June 1, 2016.
កំណែប្រែបច្ចុប្បន្ន
25/02/2019
អត្ថបទដោយ Sao Solynet
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ