“Hello គ្រូពេទ្យ’ សូមស្វាគមន៍ក្នុងការឈានចូលមកដល់ត្រីមាសទី២! នេះជាវេលាដ៏សំខាន់មួយសម្រាប់ការវិវត្តគភ៌។! ក្នុងសប្ដាហ៍ទី ១៤នេះបេប៊ីនឹងមានទំហំប៉ុនផ្លែក្រូចឆ្មារពណ៌លឿង មានទម្ងន់ប្រមាណជា ៤៥ ក្រាម និងប្រវែងប្រហែល ៩ សង់ទីម៉ែត្រ។
ម៉ាក់ៗចង់ដឹងអត់ អាអូនលូតលាស់អ្វីខ្លាំងជាងក្នុងសប្តាហ៍នេះ? ប្រាកដជាសក់ហើយ សក់អាអូននឹងផ្តើមដុះគ្រប់កន្លែង មិនថាតែលើក្បាល ឬចិញ្ចើមនោះទេ។ ស្រទាប់រោមស្តើងៗក៏មានកាន់តែច្រើន ដើម្បីរក្សាកម្ដៅរបស់អាអូន។ ស្របពេលជាមួយគ្នានេះ ថ្លើមរបស់អាអូននឹងចាប់ផលិតទឹកប្រមាត់។

១- រាងកាយប្រែប្រួលអីខ្លះ?
ដោយសារតែអាការៈចាញ់កូនអន់ថយបន្តិចម្តងក្នុងត្រីមាសទី២នេះ ម្ល៉ោះហើយយើងមានអារម្មណ៍ស្រស់ស្រាយ មានកម្លាំងជាងមុន។ ទោះបីជាអាការៈទាំងនោះបាត់អស់ ក៏មិនមានន័យថាយើងនឹងលែងមានបញ្ហាចោទអ្វីផ្សេងទៀតដែរ។ ឈានចូលដល់សប្តាហ៍ទី ១៤ នេះ គ្នាយើងច្រើនតែឈឺចាក់ៗ នៅពោះមួយចំហៀង ឬក៍សងខាង។
នៅពេលស្បូនរបស់កាន់តែរីកធំ សរសៃពួរតភ្ជាប់ពីឆ្អឹងត្រគាកទៅសាច់ដុំស្បូនក៏រីកតឹង បង្កឲ្យការឈឺនេះកើតមានឡើង។ ប៉ុន្តែមិនជាបញ្ហាធំដុំទេ យើងគ្រាន់តែសម្រាកឲ្យបានច្រើន ឬទម្រេតខ្លួនពេលឈឺ នោះអ្វីៗនឹងប្រសើរឡើង។
យើងគួរយល់ដឹងអ្វីខ្លះ?
ជាទូទៅ ប្រព័ន្ធភាពស៊ាំរបស់ស្រីៗមានផ្ទៃពោះមិនសូវរឹងមាំដូចមនុស្សធម្មតាទេ ងាយនឹងឆ្លងមេរោគផ្សេងៗ ដូចជា ផ្តាសាយ ជាដើម។ ហេតុនេះយើងគួរមានការប្រុងប្រយ័ត្ន ដោយរក្សាអនាម័យខ្លួនប្រាណប្រចាំថ្ងៃឲ្យបានល្អ ដូចជាលាងសម្អាតដៃនឹងសាប៊ូញឹកញាប់ មុន និងក្រោយបន្ទោរបង់ ញ៉ាំនំចំណី និងរាល់ពេលប៉ះរបស់កខ្វក់ផ្សេងៗ។ ជៀសវាងការទៅសួរសុខទុក្ខអ្នកជំងឺ ឬក៏ញ៉ាំអាហាររួមជាមួយនឹងនរណាម្នាក់។ យើងគួរដាក់ទឹកលាងដៃអនាម័យតាមកាបូប ដើម្បីប្រើប្រាស់ពេលចាំបាច់។
២- ប្រាប់អីខ្លះទៅពេទ្យ?
អំឡុងពេលមានផ្ទៃពោះ ស្រីៗយើងនោមញឹកញាប់ធ្វើឲ្យរំខានដំណេក និងអស់កម្លាំងពេលថ្ងៃ បណ្តាលឲ្យសុខភាពយើង និងបេប៊ីចុះខ្សោយ។ ដូច្នេះត្រូវប្រញាប់ទៅជួបពេទ្យ រកវិធីគេងលក់ស្កប់ស្កល់ដូចដើម។
តេស្តអីខ្លះដែលចាំបាច់?
ប៉ុន្មានសប្តាហ៍មុន យើងបានឆ្លុះអេកូរកមើលភាពមិនប្រក្រតីនៃក្រូម៉ូសូមរបស់កូនម្តង ហើយប្រហែលជាទទួលបានលទ្ធផលដែរ។ បើលទ្ធផលបង្ហាញថា អាអូនមានអត្រាប្រឈមខ្ពស់នឹងជំងឺបង្កដោយភាពមិនប្រក្រតីនៃក្រូម៉ូសូមទាំងនោះ តម្រូវឲ្យបូមទឹកភ្លោះយកទៅពិនិត្យដើម្បីបានរោគវិនិច្ឆ័យច្បាស់លាស់។
ការបូមទឹកភ្លោះទៅពិនិត្យនេះ អាចធ្វើ បាននៅចន្លោះសប្តាហ៍ទី ១៤ និង ១៨ នៃគភ៌ លទ្ធផលរបស់វាអាចកំណត់បានថាកូនយើងមានភាពមិនប្រក្រតីណាមួយនៃក្រូម៉ូសូម ដូចជា Down syndrome (ក្មេងកើតមកសតិមិនប្រក្រតី) ជាដើម។ ភាពសុក្រឹតនៃលទ្ធផលតេស្តនេះមាន ដល់ទៅ ៩៩% តែក៏នាំឲ្យមានហានិភ័យនៃការរលូតកូន ១% ដែរ។ សូមពិគ្រោះយោបល់ជាមួយពេទ្យមុននឹងសម្រេចធ្វើតេស្តនេះ។
៣– ត្រូវដឹងពីអីខ្លះ?
ដើម្បីឲ្យសុខភាពយើង និងអាអូនក្នុងផ្ទៃរឹងមាំ គួរតែស្វែងយល់ពីចំណុចមួយចំនួននេះ៖
ការញ៉ាំទឹក៖ នៅពេលប្រព័ន្ធភាពស៊ាំយើងមិនរឹងមាំដូចមុន ងាយប្រឈមនឹងឆ្លងមេរោគជាច្រើន ក្នុងនោះក៏មានក្នុងទឹកផងដែរ។ ហេតុនេះយើងគួរតែញ៉ាំទឹកសុទ្ធ ឬទឹកឆ្អិនជានិច្ច ជៀសវាងការញ៉ាំទឹកមិនស្អាត។
ការត្រាំទឹកក្តៅ៖ ការត្រាំទឹកក្តៅអាចជួយកាត់បន្ថយអាការៈផ្សេងៗបានមួយកម្រិតរ តែយើងគួរតែពិនិត្យលើកម្ដៅទឹកដែរ ជៀសវាងការត្រាំទឹកដែលក្តៅពេកនាំឲ្យសីតុណ្ហភាពក្នុងខ្លួនឡើងដល់ ៣៩ អង្សាសេ។ បើបន្តត្រាំបែបនេះលើសរយៈពេល ១០នាទីទៀត វាអាចធ្វើឲ្យយើង និងបេប៊ីក្នុងពោះមានបញ្ហាមួយចំនួនដូចជា៖
– សម្ពាធឈាមចុះទាប
– វិលមុខ និងស្រាលក្បាល
– ខ្សោយ និងអស់កម្លាំង
– បង្កបញ្ហាដល់ការលូតលាស់គភ៌។
ដូចនេះ មុនពេលត្រាំទឹកក្តៅលើកក្រោយ យើងគួរតែកំណត់ពេលវេលា និងពិនិត្យមើលសីតុណ្ហភាពទឹកឲ្យបានច្បាស់លាស់ជាមុនសិន។
ចង់ដឹងថាសប្ដាហ៍ទី ១៥ នៃគភ៌មានអ្វីខុសប្លែកមែនទេ? ជួបគ្នានៅអត្ថបទបន្ទាប់ណា៎!
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Poppy seed to pumpkin: How big is your baby? http://www.babycenter.com/slideshow-baby-size. Accessed June 1, 2016.
Pregnancy calendar week 14. http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week14.html. Accessed June 1, 2016.
Your pregnancy: 14 weeks. http://www.babycenter.com/6_your-pregnancy-14-weeks_1103.bc. Accessed June 1, 2016.
Amniocentesis. http://www.whattoexpect.com/pregnancy/pregnancy-health/prenatal-testing/amniocentesis.aspx. Accessed June 1, 2016.
14 weeks pregnant. http://www.whattoexpect.com/pregnancy/week-by-week/week-14.aspx. Accessed June 1, 2016.
កំណែប្រែបច្ចុប្បន្ន
25/02/2019
អត្ថបទដោយ Sao Solynet
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ