ការរំលូតកូនពិតជាគ្រោះថ្នាក់ចំពោះសុខភាព និងអាចបណ្ដាលឲ្យស្ត្រីប្រឈមមុខនឹងការធ្លុះស្បូន រលាកដៃស្បូន និងអាចបណ្ដាលឲ្យស្ត្រីជួបគ្រោះថ្នាក់ដល់អាយុជីវិត ប្រសិនបើអ្នកផ្ដល់សេវាកម្ម មិនមែនជាអ្នកជំនាញ ឬជាឆ្មបបុរាណ។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានបញ្ជាក់ថា ស្ត្រីដែលចង់រំលូតកូន ត្រូវជួបប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញផ្នែករោគស្ត្រី និងសម្ភពឲ្យបានត្រឹមត្រូវ ចៀសវាងជួបផលលំបាកនៅថ្ងៃក្រោយ។ ការរំលូតកូនដោយគ្រូពេទ្យគ្មានជំនាញច្បាស់លាស់ ឬដោយឆ្មបបុរាណដែលមិនបានឆ្លងកាត់វគ្គសិក្សាត្រឹមត្រូវ អាចបណ្ដាលឲ្យស្ត្រីធ្លុះស្បូន ហើយអាចបណ្ដាលឲ្យយើងគ្រោះថ្នាក់ដល់អាយុជីវិត ប្រឈមមុខនឹងការលំបាកមានកូន ហើយបើមានកូនជាកូនក្រៅស្បូន។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ការយកកូនចេញមានពីរប្រភេទ គឺការរំលូតកូនប្រើឧបករណ៍បូម និងការលេបថ្នាំ។ ចំពោះកត្តាដែលនាំឲ្យធ្លាយស្បូនកើតឡើងចំពោះស្ត្រីសម្រេចរំលូតកូនតាមរយៈការបូម ឬកាយសម្អាតកូនក្នុងស្បូន ដោយគ្រូពេទ្យដែលគ្មានជំនាញច្បាស់លាស់ ហើយក៏អាស្រ័យលើស្ថានភាពស្បូន ស្ថានភាពមាត់ស្បូន។
ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ បានលើកឡើងទៀតថា ការប្រើសម្ភារៈក្នុងការរំលូតដែលសម្អាតមិនបានស្អាតល្អ អាចធ្វើឲ្យខូចស្រទាប់ស្បូន ហើយអាចបង្កការលំបាកក្នុងការបង្កកំណើតនៅពេលក្រោយ។
សម្រាប់ការប្រើថ្នាំវិញ គឺប្រើថ្នាំលេប និងថ្នាំសម្រាប់សុលតាមប្រដាប់ភេទ ដើម្បីឲ្យស្បូនបើក និងធ្លាក់ថង់កូនមក ហើយការប្រើថ្នាំនេះទៀតសោត គឺមិនមានផលប៉ះពាល់ធ្ងន់ធ្ងរចំពោះសុខភាពនោះទេ ប្រសិនបើអនុវត្តត្រឹមត្រូវតាមវេជ្ជបញ្ជាគ្រូពេទ្យ។ រីឯរយៈពេលធ្លាក់ឈាមថ្ងៃទីមួយប្រហែលកន្លះថ្ងៃមានការធ្លាក់ឈាមច្រើន ប៉ុន្តែវាមិនមែនរហូតនោះទេ។ វាធ្លាក់ឈុលក្រោយពេល ៣ ម៉ោងបន្ទាប់ពីលេបថ្នាំ ហើយវាមានកម្ទេចសុកកម្ទេចសាច់កូនមកជាមួយ ហើយនៅពេលនោះ អ្នកប្រើថ្នាំអាចមានអារម្មណ៍ថា ឈឺចាប់ជាងការធ្លាក់ឈាមរដូវ ប៉ុន្តែក្រោយមកធ្លាក់ឈាមតិច។
[embed-health-tool-pregnancy-weight-gain]