អាការៈឈឺខ្នង គឺជារឿងដែលស្ត្រីជាម្ដាយមួយចំនួនតែងជួបប្រទះក្រោយសម្រាលកូនរួច ហើយការឈឺចាប់នេះច្រើនតែចាប់ផ្ដើមរយៈពេលច្រើនម៉ោងក្រោយសម្រាលកូនរួច និងបន្តច្រើនថ្ងៃ ឬខែទៅមុខទៀតឯណោះ។ នេះជាការបញ្ជាក់របស់វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសសម្ភព និងរោគស្ត្រី។
លោកក៏បានបន្តទៀតថា ម៉ាក់ៗមួយចំនួនប្រហែលជាអាចនឹងមានអាការៈមិនស្រួលបន្ថែមទៀតនៅកន្លែងវះកាត់ ប៉ុន្តែកន្លែងឈឺខ្លាំងគឺខ្នងតែម្ដង។ ចំពោះមូលហេតុវិញអាចមានច្រើនយ៉ាង ដែលមិនមែនមកពីការវះកាត់សម្រាលឡើយ ដោយអ្នកសម្រាលតាមធម្មជាតិក៏មានអាការៈទាំងនោះដែរ៖
១- បម្រែបម្រួលអ័រម៉ូន
ស្រ្តីមានផ្ទៃពោះមិនគ្រាន់តែពោះធំទេ តែក៏អាចមានការប្រែប្រួលមិនតិចកើតឡើងដែរ ខ្លះអាចនាំឲ្យឈឺខ្នងក្រោយសម្រាល ព្រោះអំឡុងពេលមានផ្ទៃពោះ រាងកាយនឹងបញ្ចេញអ័រម៉ូនមានផ្ទៃពោះ ដើម្បីត្រៀមខ្លួនសម្រាប់ការសម្រាល។ អ័រម៉ូនមួយនេះនឹងទៅបន្ធូរសរសៃចងឆ្អឹង និងសន្លាក់ ដូច្នេះវានឹងផ្តល់ភាពងាយស្រួលក្នុងការសម្រាលកូន។ រាងកាយបញ្ចេញអ័រម៉ូនទាំងនេះដោយមិនគិតថា ស្ត្រីសម្រាលកូនដោយធម្មជាតិ ឬវះកាត់ឡើយ។
២- ឡើងទម្ងន់
ការឡើងទម្ងន់ គឺជាដើមហេតុមួយទៀតដែលនាំឲ្យឈឺខ្នងដែរ។ វាគឺជារឿងធម្មតាទេដែលស្ត្រីត្រូវឡើងទម្ងន់ក្នុងពេលមានផ្ទៃពោះ ប៉ុន្តែទម្ងន់ដែលឡើង និងស្ថិតនៅតំបន់កណ្ដាលអាចនឹងដាក់សម្ពាធទៅលើខ្នង និងឆ្អឹងខ្នងបាន រហូតដល់ទៅជាឈឺខ្នងទៀត។
៣- លើក ឬបីកូន
កូនមានទម្ងន់ត្រឹម ៣ គីឡូក្រាមឡើងទៅ ហាក់បីដូចជាមិនធ្ងន់ឡើយ ប៉ុន្តែទម្ងន់បែបនេះកាលណាបីច្រើនដងពេកអាចនឹងប៉ះពាល់ដែរ។ ជាមួយគ្នានេះដែរ ការលើកបីកូនចេញពីក្នុងគ្រែ អាចនឹងធ្វើឲ្យឈឺខ្នងដែរ។ ការធ្វើចលនាខ្លាំងពេលលើកកូនចុះឡើងក៏ជាដើមហេតុរួមចំណែកផងដែរ។
៤- ការបំបៅដោះកូន
ការបំបៅដោះកូន គឺជាមធ្យោបាយដ៏ឆ្លាតវៃក្នុងការចិញ្ចឹមកូន ហើយក្នុងពេលបំបៅកូនម្ដងៗ ម្តាយប្រហែលជាត្រូវឱន ដើម្បីមើលកូនបន្ថែមទៀត។ មិនមែនមិនអីទេ ការរក្សាជំហរបែបនេះយូរពេកនឹងដាក់សម្ពាធទៅលើ ក ធ្វើឲ្យឈឺកញ្ចឹងក ហើយចាក់ទៅខ្នងបាន។ ជំហរមិនល្អខណៈពេលកំពុងតែបំបៅដោះកូនក៏អាចធ្វើឲ្យឈឺខ្នងបានដែរ ជាពិសេសបើសិនជាស្មារបស់ស្ត្រីឱនធ្លាក់មួយចំហៀងសម្រាប់បំបៅកូន។ ដើម្បីបន្ថយការឈឺចាប់ ចូរបន្ធូរស្មា ហើយដាក់ខ្នើយកល់កែងដៃ ដើម្បីទ្រដៃ។
អត្ថបទពាក់ព័ន្ធ៖
- ឈឺស្បូនទ្រាំមិនបាន ចាក់ថ្នាំបំបាត់ឈឺចាប់ក្រោយសម្រាល អាចមានផលប៉ះពាល់ទេ?
- ក្រោយសម្រាលកូន ស្ត្រីត្រូវញ៉ាំអីខ្លះ ទើបមិនស្លេកស្លាំង សម្បូរទឹកដោះឲ្យកូនម៉ឹម?
- លម្អិតពីករណីធ្លាក់ឈាមក្រោយសម្រាលទាំង ២ ប្រភេទ និងមូលហេតុ
- គុណសម្បត្តិ-គុណវិបត្តិ នៃការសម្រាលកូនដោយធម្មជាតិ និងវះកាត់
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]