ជំងឺបម្រុងក្រឡាភ្លើង និងក្រឡាភ្លើង ជាជំងឺមួយដែលកើតមានពេលស្ត្រីមានផ្ទៃពោះចាប់ពី ២០សប្ដាហ៍ឡើងទៅ ដែលមានសញ្ញាចម្បងរួមមាន ហើម លើសសម្ពាធឈាម ទឹកនោមប្រៃ ឈឺក្បាល វិលមុខ និងចុកចុងដង្ហើម ជាដើម។ នេះបើតាមការឲ្យដឹងរបស់លោកវេជ្ជបណ្ឌិត ចាន់ រស្មី ឯកទេសផ្នែកសម្ភព និងរោគស្ត្រី។
ម៉ាក់ៗពពោះភាគច្រើនពុំបានដឹងច្បាស់ពីអាការៈនៃជំងឺបម្រុងក្រឡាភ្លើងនេះ ទើបធ្វើឲ្យមានការធ្វេសប្រហែសបណ្ដោយឲ្យមានគ្រោះថ្នាក់ដល់ជីវិត។ ក្នុងករណីដែលមិនដឹង និងពិនិត្យរករោគសញ្ញាទាន់ពេលវេលា មិនត្រឹមតែផ្ដល់ផលពិបាកដល់ម៉ាក់ៗទេ តែទារកក្នុងផ្ទៃក៏អាចជួបបញ្ហាដូចជា៖
– ទារកលូតលាស់មិនប្រក្រតី
– ទម្ងន់តូចជាងអាយុនៃគភ៌
– ខ្សោយប្រាជ្ញាស្មារតី
– ស្លាប់ក្នុងពោះ
- សម្រាលមិនគ្រប់ខែ។
លោកវេជ្ជបណ្ឌិតបន្តថា ចំពោះម្ដាយវិញ អាចប្រឈមនឹងការដាច់សរសៃឈាមខួរក្បាល ងងឹតភ្នែក ហើមសួតស្រួចស្រាល់ ខាន់លឿង ឬខូចមុខងារថ្លើម ខ្សោយតម្រងនោមធ្ងន់ធ្ងរ និងរបេះសុកមុនពេលកំណត់។
ជាក់ស្ដែង រោគសញ្ញាដែលបញ្ជាក់ថាស្ត្រីពពោះអាចមានអាការៈជំងឺបម្រុងក្រឡាភ្លើងដូចជា ហើម លើសសម្ពាធឈាម ទឹកនោមប្រៃ ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ហត់ ចុកចុងដង្ហើម ប្រកាច់និងកន្ត្រាក់ ។ល។
វេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភពរូបនេះ បានបញ្ជាក់ថា គ្រប់ស្ត្រីពពោះទាំងអស់ត្រូវទៅពិនិត្យផ្ទៃពោះជាប្រចាំតាមការណាត់របស់គ្រូពេទ្យ ដែលយ៉ាងតិចណាស់ ៤ដងក្នុងអំឡុងពេលមានផ្ទៃពោះ ដើម្បីតាមដានរករោគសញ្ញាដែលកើតមាន ព្រោះស្ត្រីពពោះអាចមិនដឹងថាខ្លួនកើតជំងឺបម្រុងក្រឡាភ្លើងនេះ។
[embed-health-tool-pregnancy-weight-gain]