ស្ត្រីចំនួននិយាយថា ការថែទាំខ្លួន និងញ៉ាំពពួកវីតាមីន គឺស្ថិតក្នុងអំឡុងពេលមានផ្ទៃពោះប៉ុណ្ណោះ។ តែនោះជាការគិតខុសទៅវិញទេ លោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសសម្ភព និងរោគស្ត្រី បានឲ្យដឹងថា នៅមុនពេលចង់បានកូន អំឡុងពេលពពោះ ក្រោយពេលសម្រាល និងអំឡុងពេលបំបៅដោះកូន ស្ត្រីសុទ្ធតែត្រូវការជីវជាតិសំខាន់ៗទាំងអស់។ ខាងក្រោមនេះជាវីតាមីន និងជីវជាតិល្អៗដែលម៉ាក់ៗត្រូវការ។
១- មុនពេលពពោះ ត្រូវការអាស៊ីដហ្វូលិក ឬវីតាមីន B9
ជួយការពារទារកពីការបាត់បង់ការលូតលាស់បំពង់សរសៃប្រសាទដែលនាំឲ្យប៉ះពាល់ដល់ខួរក្បាល និងខួរឆ្អឹងខ្នង (ឥតលលាដ៍ក្បាល ឬឆ្អឹងខ្នងបិទមិនជិត)។ ភាពខ្វះខួរក្បាលនៃសរសៃប្រសាទកើតមានឡើងក្នុងរយៈពេល ២៨ ថ្ងៃដំបូងក្រោយពេលមានគភ៌ មុនពេលស្ត្រីជាច្រើនដឹងថាខ្លួនមានផ្ទៃពោះ។ ដោយសារតែពាក់កណ្ដាលនៃការមានផ្ទៃពោះ គឺមិនត្រូវបានគ្រោងទុក គ្រូពេទ្យបានណែនាំថា ស្ត្រីណាដែលមានផ្ទៃពោះគួរតែទទួលទានអាស៊ីដហ្វូលិក ៤០០ មីក្រូក្រាម (mcg) ជារៀងរាល់ថ្ងៃដោយចាប់ផ្ដើមពីការចង់បានគភ៌ បន្តរយៈពេល ១២ សប្ដាហ៍ដំបូងនៃការមានផ្ទៃពោះ។
២- ពេលពពោះត្រូវការជាតិដែក
អំឡុងពេលពពោះ ម៉ាក់ៗត្រូវការជាតិដែកជាចាំបាច់ ដើម្បីជួយបង្កើតគ្រាប់ឈាមក្រហម ដើម្បីការពារភាពស្លេកស្លាំង ខ្វះគ្រាប់ឈាម។
៣- ពេលពពោះ និងបំបៅដោះកូនត្រូវការជាតិអ៊ីយ៉ូដ
ជួយឲ្យរាងកាយលូតលាស់ និងជាពិសេសខួរក្បាលរបស់ទារក។ ដោយសារតែទារកទទួលបានជាតិអ៊ីយ៉ូដពីម្ដាយរបស់ពួកគេ ដូចនេះស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូនត្រូវការជាតិអ៊ីយ៉ូដច្រើន។
៤- ពេលពពោះ ត្រូវការវីតាមីន D
ចាំបាច់សម្រាប់ឆ្អឹង និងសន្លាក់រឹងមាំព្រមទាំងសាច់ដុំ ព្រមទាំងសកម្មភាពសរសៃប្រសាទ។ ប្រសិនបើយើងមិនទទួលបានជាតិវីតាមីន D គ្រប់គ្រាន់អំឡុងពេលមានផ្ទៃពោះនោះ ទារកអាចកើតមកមានកម្រិតវីតាមីន D ទាប ហើយអាចប៉ះពាល់ដល់ការរីកលូតលាស់។
៥- ពេលពពោះ និងបំបៅដោះ ត្រូវការជាតិជាតិកាល់ស្យូម
ព្រោះវាជាជាតិរ៉ែដ៏សំខាន់មួយសម្រាប់ឆ្អឹង និងធ្មេញរបស់កូន ហើយវាជួយរក្សាឆ្អឹងឲ្យបានរឹងមាំផងដែរ។
៦- ពេលបំបៅដោះកូន ត្រូវការវីតាមីន E
ជួយដល់កោសិកា និងរចនាសម្ព័ន្ធរបស់វា ហើយនៅពេលកូនរបស់អ្នកលូតលាស់ និងរីកចម្រើនក្នុងល្បឿនលឿនវាគឺជាសារធាតុចិញ្ចឹមដ៏សំខាន់ក្នុងការរួមបញ្ចូលនៅក្នុងរបបអាហារដែលមានផ្ទៃពោះ។ ក្នុងអំឡុងពេលមានផ្ទៃពោះ និងពេលបំបៅដោះកូន សូមម៉ាក់ៗជ្រើសរើសអាហារដែលមានជីវជាតិខ្ពស់ និងប្រើថ្នាំគ្រាប់ជាតិដែកបន្ថែម ៤២ ថ្ងៃ។ ម្ហូបអាហារដែលមានជីវជាតិខ្ពស់មាន បន្លែ ផ្លែឈើ អាហារសមុទ្រ ទឹកដោះគោ ថ្លើមសត្វ ស៊ុត ធញ្ញជាតិ និងនំបុ័ង។
[embed-health-tool-pregnancy-weight-gain]