ករណីធ្លាក់ឈាមក្រោយសម្រាល ដោយសារស្បូនឥតកន្ត្រាក់ មានរហូតដល់ ៧០% ឯណោះ នេះបើតាមការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត ចាប់ ច័ន្ទធិតា អនុប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម។
ចំពោះមូលហេតុវិញវេជ្ជបណ្ឌិតឯកទេសរោគស្ត្រី និងសម្ភពរូបនេះបញ្ជាក់ថា អាចមានមូលហេតុច្រើនយ៉ាង ក្នុងនោះមាន ស្ត្រីមានកូននៅអាយុច្រើនពេក ស្ត្រីមានផ្ទៃពោះច្រើនដង (លើសពី៥ដង) មានផ្ទៃពោះធំខ្លាំងពេក (កូនថ្លោស កូនភ្លោះ ទឹកភ្លោះច្រើន) ការប្រើថ្នាំខ្មែរ ថ្នាំចិនសែ ជាដើម។
ចំពោះមូលហេតុផ្សេងទៀតដែលធ្វើឲ្យស្បូនឥតកន្ត្រាក់ក្រោយសម្រាល រួមមាន ការរហែកទ្វារមាស ស្បូន ឬមាត់ស្បូន (ប្រមាណ២០%) សល់សុក ឬកម្ទេចសុកក្នុងស្បូន (ប្រមាណ១០%) និងបញ្ហាចុងក្រោយទាក់ទងនឹងកំណកឈាម (ឈាមមិនកក) មានប្រមាណ ១%។
លោកស្រីវេជ្ជបណ្ឌិតថា ស្រីៗពេលសម្រាលកូនហើយ ត្រូវការឲ្យស្បូនកន្ត្រាក់ ដើម្បីទប់ទល់នឹងការធ្លាក់ឈាមធ្ងន់ធ្ងរ បង្កឲ្យគ្រោះថ្នាក់ដល់ជីវិត។ លោកស្រីវេជ្ជបណ្ឌិតថា ក្នុងករណីមិនបានជួយសង្គ្រោះទាន់ពេលវេលាទេ ការធ្លាក់ឈាមក្រោយសម្រាលអាច២ម៉ោងក្រោយសម្រាល បណ្តាលឲ្យស្លាប់បាន អ៊ីចឹងហើយបានក្រោយសម្រាលរួចគ្រូពេទ្យនៅបន្តតាមដានយ៉ាងយកចិត្តទុកដាក់។
[embed-health-tool-pregnancy-weight-gain]