សម្រាប់ម៉ាក់ៗពពោះមួយចំនួន ជួបប្រទះបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់ខុសធម្មតា ឬអាចនិយាយបានថា កើតជំងឺទឹកនោមផ្អែមអំឡុងពេលពពោះ។ ជាទូទៅ សម្រាប់អ្នកទឹកនោមផ្អែមគឺត្រូវបានណែនាំឲ្យចាក់អាំងស៊ុយលីន ដើម្បីជួយទប់ស្កាត់អាការៈរបស់ជំងឺកុំឲ្យរាលដាល ហើយភាគច្រើនចាក់នៅត្រង់ពោះ។ ចុះសម្រាប់ស្រ្តីពពោះ គួរចាក់អាំងស៊ុយលីនដែរ ឬអត់?
ទាក់ទងនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេសផ្នែកសម្ភព និងរោគស្ត្រី បានឲ្យដឹងថា ចំពោះស្ត្រីពពោះដែលកើតជំងឺទឹកនោមផ្អែម អាចចាក់អាំងស៊ុយលីនត្រង់ពោះបាន ហើយត្រូវតែចាក់ដើម្បីការពារសុខភាព ក៏ប៉ុន្តែ មិនមែនមានន័យថា ពិនិត្យឃើញកើតទឹកនោមផ្អែមពេលពពោះភា្លមៗ ឲ្យចាក់ភ្លាមនោះទេ។
លោកបន្តថា ក្នុងករណីដែលពេទ្យពិនិត្យឃើញថា ម៉ាក់ៗពពោះ កើតទឹកនោមផ្អែម គឺពេទ្យនឹងណែនាំឲ្យម៉ាក់ធ្វើតាមគោលការណ៍មួយចំនួន ដើម្បីជួយកាត់បន្ថយជាតិស្ករក្នុងខ្លួនសិន មុននឹងសម្រេចឲ្យចាក់អាំងស៊ុយលីនដូចជា៖
– ផ្លាស់ប្ដូររបបអាហារ
– ហាត់ប្រាណ ។ល។
ការណែនាំឲ្យស្ត្រីញ៉ាំអាហារត្រឹមត្រូវ ឬធ្វើចលនាឲ្យបានច្រើន ដើម្បីឲ្យជាតិស្ករនៅក្នុងឈាមថយចុះឯកឯងដោយមិនចាំបាច់ ប្រើប្រាស់ថ្នាំអ្វីនោះទេ។ ផ្ទុយទៅវិញ បើនៅក្នុងរយៈពេល ២សប្ដាហ៍ តែម៉ាក់ៗនៅតែមានជាតិស្ករខ្ពស់ មិនត្រូវតាមស្តង់ដាររបស់ពេទ្យ គឺតម្រូវឲ្យចាក់អាំងស៊ុយលីនហើយ ឬអាចឲ្យប្រើប្រាស់ថ្នាំមួយចំនួន។
វេជ្ជបណ្ឌិតផ្នែកសម្ភពរូបនេះបន្តថា ការចាក់អាំងស៊ុយលីន មិនមានផលប៉ះពាល់អាក្រក់អីទៅដល់កូនក្នុងផ្ទៃទេ ប៉ុន្តែបើកើតទឹកនោមផ្អែមហើយមិនទទួលបានការព្យាបាល អាចធ្វើឲ្យកូនថ្លោសពេក កើតមុនខែ ឬស្បែកឡើងលឿង ។ល។
[embed-health-tool-pregnancy-weight-gain]