ការរលូតកូនជារឿងទុក្ខសោក និងតក់ស្លុតបំផុតចំពោះប្តីប្រពន្ធ ពិសេសគ្នាយើងទើបពពោះដំបូង។ ស្រីៗគ្នាយើងកំពុងពពោះ ឬទើបមានផ្ទៃពោះ ច្បាស់ជាបារម្ភរឿងនេះខ្លាំងជាងគេ ប៉ុន្តែត្រូវចាំថា ការរលូតកូនក៏ឧស្សាហ៍កើតមាន ហើយជាធម្មតាវាមានមូលហេតុជាក់លាក់របស់វា ដែល “Hello គ្រូពេទ្យ” នឹងលម្អិតក្នុងអត្ថបទនេះ។
១- ភាពមិនប្រក្រតីនៃក្រូម៉ូសូម
ច្រើនជាងពាក់កណ្តាលនៃករណីរលូតកូនអំឡុង ១៣សប្តាហ៍ដំបូងនៃការពពោះ គឺបង្កឡើងដោយមូលហេតុចម្បងពាក់ព័ន្ធបញ្ហាក្រូម៉ូសូមរបស់គភ៌ក្នុងផ្ទៃ។ ក្រូម៉ូសូមមានផ្ទុកហ្សែនដែលកំណត់បុគ្គលិកលក្ខណៈរបស់កូនយើង រាប់បញ្ជូលទាំងពណ៌សក់ និងពណ៌កូនក្រមុំភ្នែក។ គភ៌ក្នុងផ្ទៃច្បាស់ជាមិនអាចលូតលាស់បានប្រក្រតីឡើយ បើមានខុសចំនួនជាក់លាក់នៃក្រូម៉ូសូម ឬក្រូម៉ូសូមណាមួយត្រូវបានបំផ្លាញ។
អត្ថបទពាក់ព័ន្ធ៖
- រលូតកូនមិនមែនសុទ្ធតែមកពីបញ្ហាសុខភាពស្រ្តីទេ តែអាចមកពីបញ្ហាមេជីវិតឈ្មោលដែរ
- ជំងឺមួយនេះ អាចឲ្យស្ត្រីមករដូវតិច អត់កូន និងរលូតកូនញឹកញាប់!
- បន្លែផ្លែឈើ៣មុខនេះ ស្រីៗមានផ្ទៃពោះកុំសាកអី អាចរលូតកូន ឬកូនកើតមុនខែ
- ក្រោយរលូតកូនប៉ុន្មានថ្ងៃ ទើបអាចគេងនៅជាមួយគ្នាបានវិញ?
- ករណីរលូតកូនទាំងមិនដឹងខ្លួន ដោយសារអ្វី មានសញ្ញាម៉េចខ្លះ?
ស្រីៗគ្នាយើងគួរចងចាំ និងយកចិត្តទុកដាក់ពីបញ្ហាភាពមិនប្រក្រតីនៃក្រូម៉ូសូម៖
– គ្មានវិធីសាស្ត្រណាអាចការពារមិនឲ្យកើតមានបញ្ហាក្រូម៉ូសូមមិនប្រក្រតីនោះទេ។
– នៅពេលយើងឈានដល់វ័យចំណាស់ ពិសេសចាប់ពី ៣៥ឆ្នាំឡើង ស្រីៗនឹងកាន់តែប្រឈមបញ្ហាក្រូម៉ូសូមមិនប្រក្រតី ដែលជាធម្មតានាំឲ្យកើនហានិភ័យរលូតកូននេះឯង។
– យ៉ាងណា រលូតកូនដោយសារបញ្ហាក្រូម៉ូសូមមិនប្រក្រតី ក៏អាចមិនកើតឡើងម្ដងទៀតនៅពេលពពោះលើកក្រោយដែរ។
២- លក្ខខណ្ឌសុខភាព
ករណីរលូតកូនចន្លោះពីសប្តាហ៍ទី ១៣ ដល់សប្តាហ៍ទី ២៤ នៃការពពោះ ជារឿយៗបង្កឡើងដោយសារសុខភាពរបស់ម៉ាក់ៗផ្ទាល់។ មានបញ្ហាសុខភាពមួយចំនួន ធ្វើឲ្យស្រីៗកំពុងពពោះកើនហានិភ័យរលូតកូនកាន់តែខ្ពស់ ក្នុងនោះមានដូចជា៖
– ឆ្លងវីរុស Cytomegalovirus ឬ ឆ្លងវីរុសបង្កជំងឺស្អូច។
– គ្រប់គ្រងជំងឺរ៉ាំរ៉ៃរបស់យើងមិនបានល្អ ដូចជាជំងឺទឹកនោមផ្អែម និងលើសឈាម។
– មានជំងឺក្រពេញទីរ៉ូអ៊ីត ជំងឺ Lupus ឬជំងឺផ្សេងៗទៀតពាក់ព័ន្ធប្រព័ន្ធភាពស៊ាំ (Autoimmune disorders)។
– បញ្ហាសុខភាពពាក់ព័ន្ធស្បូន ឬមាត់ស្បូន ដូចជា មានដុំសាច់ក្នុងស្បូន (Fibroids) រូបរាងស្បូនមិនប្រក្រតី ឬមាត់ស្បូនឆាប់បើកធំពេក ដែលហៅថា បញ្ហាអសមត្ថភាពមាត់ស្បូន (Incompetent cervix)។
៣- ទម្លាប់រស់នៅមិនល្អ
ទម្លាប់រស់នៅរបស់ម៉ាក់ៗ ក៏អាចបង្កហានិភ័យរលូតកូនដូចគ្នា ខាងក្រោមនេះ ជាទម្លាប់មួយចំនួនមានគ្រោះថ្នាក់ដល់ការអភិវឌ្ឍបស់គភ៌ក្នុងផ្ទៃ៖
– ជក់បារី៖ ការសិក្សាមួយចំនួនរកឃើញថា ជក់បារីនាំឲ្យកើបហានិភ័យរលូតកូន បើទោះជាម៉ាក់ៗមិនជក់ប៉ុន្តែប៉ាៗជាអ្នកជក់ក៏ដោយ។
– ផឹកគ្រឿងស្រវឹងច្រើន។
– ប្រើថ្នាំញៀនខុសច្បាប់។
៤- បរិស្ថានគ្រោះថ្នាក់
បន្ថែមពីលើការស្រូបផ្សែងបារីដោយប្រយោល ហានិភ័យនាំឲ្យរលូតកូនផ្សេងទៀត គឺបរិស្ថានជុំវិញផ្ទះរបស់យើង ឬកន្លែងធ្វើការ រាប់បញ្ចូលទាំង៖
– ប្រើបំពង់ទុយោទឹកចាស់ៗ និងថ្នាំលាបជញ្ជាំងផ្ទះដែលអាយុផលិតយូររហូតដល់៤០ឆ្នាំឡើងជាដើម។
– ស្រូបយកសារធាតុបារ៉តដែលលេចចេញពីវត្ថុណាមួយចំនួន ដូចជាប្រដាប់វាស់កំដៅ (Thermometer) ជាដើម។
– សារធាតុគីមីផ្សេងៗ រាប់បញ្ចូលទាំងថ្នាំលាប ឬថ្នាំជម្រះស្នាមប្រឡាប់។
– ថ្នាំសម្លាប់សត្វល្អិត។
– សារធាតុអាសេនិក។
ត្រូវប្រាកដថា ស្រីៗគ្នាយើងបានពិភាក្សាជាមួយគ្រូពេទ្យពាក់ព័ន្ធសារធាតុ និងកត្តាហានិភ័យរៀបរាប់ខាងលើ ដើម្បីប្រាកដថា ហានិភ័យទាំងនោះមិនអាចប៉ះពាល់ធ្ងន់ធ្ងរដល់ការពពោះយើងនោះឡើយ។
[embed-health-tool-pregnancy-weight-gain]