ល្ហុងខ្ចី ប្រទាលកន្ទុយក្រពើ និងដំឡូងព្រៃ ស្ត្រីមានផ្ទៃពោះកុំញ៉ាំអី មិនល្អចំពោះសុខភាពម្តាយ និងគភ៌នោះទេ អាចធ្វើឲ្យរលូតកូន ឬកូនកើតមុខខែ។ នេះបើតាមការលើកឡើងរបស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត។
ល្ហុងខ្ចីមានជាតិជ័រច្រើន អាចធ្វើឲ្យស្ត្រីមានផ្ទៃពោះរលូតកូនបាន បើញ៉ាំនៅត្រីមាសដំបូង ព្រោះជាតិជ័រមាននៅក្នុងផ្លែល្ហុងខ្ចី ធ្វើឲ្យម្តាយឈឺពោះ ស្បូនកន្ត្រាក់។
ដំឡូងព្រៃដែលយើងពុំស្គាល់ មានសារជាតិពុល តុកស៊ីន ភាគច្រើនជាតិពុលនោះមាននៅក្នុងពន្លក ឬខ្នែង អ៊ីចឹងស្រីៗមានផ្ទៃពោះកុំញ៉ាំអី។ ចំណែកឯដំឡូងជ្វា ឬដំឡូងបារាំង ស្រ្តីមានផ្ទៃពោះអាចញ៉ាំបានធម្មតា។
មិនថា ភេសជ្ជៈប្រទាលកន្ទុយក្រពើ ឬប្រទាលកន្ទុយក្រពើស្រស់នោះទេ ស្រីៗមានផ្ទៃពោះញ៉ាំនៅត្រីមាសទី១ ធ្វើឲ្យគំរាមរលូតកូន ដោយសារមានសារជាតិម្យ៉ាង ធ្វើឲ្យស្បូនកន្ត្រាក់-ឈឺពោះ។ ចំពោះស្ត្រីជិតគ្រប់ខែវិញ ញ៉ាំប្រទាលកន្ទុយក្រពើ អាចប្រឈមនឹងកូនកើតមុនខែ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕