សុខភាពរបស់ម៉ាក់ៗពពោះ មិនរឹងមាំដូចសុខភាពរបស់យើងធម្មតាទេ ព្រោះអំឡុងពេលពពោះប្រព័ន្ធការពាររាងកាយរបស់ម៉ាក់ៗចុះខ្សោយ ជាហេតុអាចធ្វើឲ្យងាយឆ្លងមេរោគ និងកើតជំងឺនានា។ បើម៉ាក់ៗពពោះឆ្លងមេរោគ ឬពពួកប៉ារ៉ាស៊ីត វាអាចបង្កគ្រោះថ្នាក់ធ្ងន់រហូតប៉ះពាល់អាអូនក្នុងផ្ទៃបាន ជាពិសេសពពួកប៉ារ៉ាស៊ីត Toxoplasma gondii។
Toxoplasma gondii ជាប៉ារ៉ាស៊ីត ដែលរស់នៅច្រើនក្នុងពោះវៀនសត្វឆ្មា ហើយបញ្ចេញមកក្រៅតាមលាមកឆ្មា សត្វឆ្កែ និងរស់នៅក្នុងចំណីអាហារ។ វាក៏ឆ្លងមកមនុស្សតាមរយៈការញ៉ាំសាច់សត្វឆ្មា ឆ្កែ ដែលមិនបានចម្អិនឆ្អិនល្អ ញ៉ាំចំណីអាហារមិនស្អាត ហើយវាក៏អាចឆ្លងតាមការប៉ះពាល់ជាមួយសត្វចិញ្ចឹមដូចឆ្កែឆ្មាជាដើម។ នេះបើតាមការឲ្យដឹងរបស់លោកវេជ្ជបណ្ឌិត សឿ ច័ន្ទវិសាល ឯកទេសផ្នែករោគស្ត្រី និងសម្ភព។
ក្នុងករណី ម៉ាក់ៗពពោះឆ្លងប៉ារ៉ាស៊ីតនេះ លទ្ធភាពអាចឆ្លងទៅកូនក្នុងផ្ទៃ នៅត្រីមាសទី១ ប្រហែល ១៥% ត្រីមាសទី២ ៣០% និងត្រីមាសទី៣ ៦០% ហើយវាក៏ផ្ដល់ផលវិបាកច្រើនដល់អាអូនក្នុងពោះមិនតិចដែរ៖
– អាចឲ្យរលូតកូន កូនស្លាប់ក្នុងពោះ
– ពេលកូនកើតមកអាចនឹងមានជំងឺ រលាកស្រោមខួរក្បាល ភ្នែកខ្សោយមើលមិនច្បាស់ ឬអាចខ្វាក់ភ្នែក ស្ដាប់មិនបានល្អ ខ្សោយបញ្ញាស្មារតី ទឹកដក់ក្នុងខួរក្បាល និងជំងឺសរសៃប្រសាទ (ជំងឺឆ្កួតជ្រូក)។ល។
ចំពោះប៉ារ៉ាស៊ីតនេះ នៅមិនទាន់មានវ៉ាក់សាំងការពារនៅឡើយទេមកដល់ពេលនេះ។ ទោះយ៉ាងនេះក្ដី ម៉ាក់ៗពពោះ អាចបង្ការខ្លួនពីការឆ្លងប៉ារ៉ាស៊ីតនេះបានដោយ៖
១. ចំណីអាហារត្រូវចម្អិនឲ្យឆ្អិនល្អមុននឹងញ៉ាំ
២. លាងសម្អាតបន្លែផ្លែឈើ ត្រាំទឹកលាយជាមួយអំបិល ៣០នាទី
៣. លាងដៃនឹងសាប៊ូមុនញ៉ាំចំណី
៤. លាងសម្អាតរបស់របរប្រើប្រាស់នៅផ្ទះបាយជាមួយសាប៊ូឲ្យស្អាតៗ
៥. ជាពិសេស ត្រូវកាត់បន្ថយ ឬកុំប៉ះពាល់ជាមួយសត្វចិញ្ចឹមដូចជា ឆ្កែ ឆ្មា ចាប…តែបើប៉ះពាល់ហើយ ត្រូវសម្អាតដៃជាមួយសាប៊ូ បន្ទាប់ពីប៉ះពាល់រួច។
[embed-health-tool-pregnancy-weight-gain]