ទារកក្នុងផ្ទៃអាចប្រឈមនឹងបញ្ហាសុខភាពពីកំណើតច្រើន បើម៉ាក់ៗមិនបានថែសុខភាពបានល្អទេនោះ។ អាអូនខ្លះកើតមកភ្លាម យកជំងឺមកតាមពីកំណើតតែម្ដង ដូចមានបញ្ហាភ្នែក ម៉្ញូបពីកំណើត។ល។ ហើយកត្តាអ្វីដែលធ្វើឲ្យកូនមានបញ្ហាភ្នែកទាំងនៅតូចបែបនេះ?
“យោងតាមការសិក្សា គេឃើញថា ទារកមានបញ្ហាម៉្ញូបពីកំណើត អាចបណ្ដាលមកពីកត្តាតំណពូជ។ ជូនកាល បើម៉ាក់ប៉ាម៉្ញូបភ្នែក កូនក៏អាចមានបញ្ហានេះខ្ពស់ដែរ។” នេះបើតាមការឲ្យដឹងរបស់លោកវេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេសផ្នែកសម្ភព និងរោគស្ត្រី។
លើសពីនេះ បញ្ហាម៉្ញូបពីកំណើតអាចដោយសារតែពេលម៉ាក់ៗពពោះ ញ៉ាំអាហារមិនល្អ ខ្វះជីវជាតិ ដូចជា វីតាមីន A ជាតិរ៉ែ ឬអាស៊ីដហ្វូលីកជាដើម។ លោកបន្តថា ករណីដែលកូនកើតមកមានបញ្ហាម្ញូបភ្នែកនេះ គ្រាន់តែជាករណីស្រាលតែប៉ុណ្ណោះ។
ចំពោះករណីនេះ វេជ្ជបណ្ឌិតផ្នែកសម្ភពឲ្យដឹងថា ខាងគ្រូពេទ្យមិនអាចពិនិត្យមើលអេកូ ឬធ្វើតេស្តឈាមដឹងមុនបានទេថា អាអូននៅក្នុងផ្ទៃមានបញ្ហាម៉្ញូប ។ ប៉ុន្តែ បើសិនអាអូនមានករណីធ្ងន់ធ្ងរ (ករណីកម្រ) ដូច មិនមានគ្រាប់ភ្នែក ភ្នែករលាង ឬមានបញ្ហាផ្នែកក្បាល ឬនៅលើសរីរាង្គផ្សេងៗខាងគ្រូពេទ្យអាចពិនិត្យមើលឃើញធម្មតា។
និយាយរួម បើអាអូនកើតមកមានបញ្ហាម៉្ញូបពីកំណើត ករណីចម្បងដែលបណ្ដាលឲ្យកូនឈឺគឺដោយសារកត្តាពូជ និងម៉ាក់ៗមានបញ្ហាកង្វះជីវជាតិ ដូចដែលបានរៀបរាប់ខាងលើ។ ដូចនេះហើយ ទើបគ្រូពេទ្យឲ្យស្ត្រីពពោះគ្រប់រូបថែទាំសុខភាពឲ្យបានល្អ ញ៉ាំអាហារល្អៗ ដែលមានអាហារូបត្ថម្ភគ្រប់គ្រាន់ ជាពិសេសត្រូវទៅពិនិត្យជាមួយគ្រូពេទ្យឲ្យបានជាប់លាប់តាមការកំណត់។
លោកថា ម្យ៉ាងវិញទៀត បើអាអូនធំហើយមានបញ្ហាម្ញូបភ្នែក គឺអាចបណ្ដាលមកពីការសម្លឹងមើលគ្រឿងអេឡិចត្រូនិចច្រើនពេក ឬទម្លាប់របស់កូនទៅតាមនឹងទៀត។ល។
[embed-health-tool-pregnancy-weight-gain]