ក្រៅពីកើតជំងឺទឹកនោមផ្អែមពេលពពោះ ស្រីៗក៏ជួបបញ្ហាទឹកនោមប្រៃពេលពពោះដែរ ហើយជំងឺទាំង២មុខនេះ សុទ្ធតែបង្កគ្រោះថ្នាក់ទាំងសុខភាពម្តាយ និងកូនក្នុងផ្ទៃ។ តើទឹកនោមប្រៃពេលពពោះមានរោគសញ្ញាអីខ្លះ? បណ្តាលមកពីអ្វី? លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-សែនសុខ នឹងបកស្រាយលម្អិតពីរោគសញ្ញា និងមូលហេតុបង្កឲ្យប្រឈមនឹងជំងឺទឹកនោមប្រៃពេលពពោះ។
១. រោគសញ្ញាជំងឺទឹកនោមប្រៃ
– ស្រវាំងភ្នែក
– ហើមមុខ ត្របកភ្នែក
– ហើមជើង
– ទឹកនោមមានពណ៌លឿងខាប់ មានពពុះច្រើន
– ឈឺចាប់តាមឆ្អឹងជំនី
– ឈឺក្បាល
២. មូលហេតុ
មូលហេតុចម្បងដែលបង្កឱ្យស្រីៗពពោះលើសសម្ពាធឈាម និងទឹកនោមប្រៃនោះ គឺមកពីវិបត្ដិរបស់សុក។ នៅពេលសុកធ្វើការមិនបានល្អ នាំឲ្យសរសៃឈាមមួយចំនួនរីកធំ ឬក៏រួមតូច ធ្វើឱ្យការនាំឈាមមកចិញ្ចឹមកូន និងសុកមិនបានល្អ បណ្ដាលឱ្យលេចចេញរោគសញ្ញាមួយចំនួន ដូចជាការឡើងឈាម ទឹកចូលក្នុងសួត ទឹកនោមប្រៃ ហើម ឬប្រកាច់។
៣. វិធីបង្ការជំងឺទឹកនោមប្រៃពេលពពោះ
មានជំងឺទឹកនោមប្រៃពេលពពោះ បង្កហានិភ័យទៅជាជំងឺបម្រុងក្រឡាភ្លើង ក្រឡាភ្លើងធ្ងន់ធ្ងរ និងឈានដល់ក្រឡាភ្លើង ដូចនេះស្ត្រីចាំបាច់ត្រូវតែទៅជួបគ្រូពេទ្យដើម្បីតាមដានសុខភាពឲ្យបានទៀងទាត់ ហើយបើមានសញ្ញាអ្វីមួយមិនប្រក្រតីគួរតែប្រញាប់ពិគ្រោះជាមួយពេទ្យ។
[embed-health-tool-pregnancy-weight-gain]