ពិតណាស់ ថាមនុស្សយើងគ្រប់គ្នាអាចវិវត្តទៅរកបញ្ហា ដុំកំណកឈាមប៉ុន្តែស្រ្តីមានផ្ទៃពោះ សម្រាលកូន និងក្រោយសម្រាលកូនបីខែ ប្រឈមបញ្ហានេះកាន់តែខ្ពស់ថែមទៀត។ ជាក់ស្ដែងស្រ្តីមានផ្ទៃពោះ អាចប្រឈមនឹងដុំបញ្ហាកំណកឈាមនេះប្រាំដងខ្ពស់ជាងស្រ្តីមិនមានផ្ទៃពោះ។ បើអ៊ីចឹង ស្រ្តីៗមានផ្ទៃពោះគួរធ្វើម៉េចដើម្បីបង្កាបញ្ហានេះ?
១. អ្វីជាបញ្ហាដុំកំណកឈាម?
ដុំកំណកឈាមជ្រៅក្នុងសរសៃវ៉ែន ជាជំងឺមួយកើតឡើងច្រើននៅត្រង់ជើងផ្នែកខាងក្រោម ភ្លៅ អាងត្រគាក និងដៃ។ បញ្ហានេះ បើទុកមិនទទួលការព្យាបាលទេ កន្លែងដែលមានឈាមកកនឹងបែក ហើយធ្វើដំណើរទៅកាន់សួត នាំឲ្យមានការស្ទះសរសៃឈាមនៅសួតកើតឡើងហៅថា pulmonary embolism (PE)។ ការស្ទះនេះ នឹងអាចបញ្ឈប់ឈាមមិនឲ្យទៅដល់សួត និងអាចធ្វើឲ្យមនុស្សយើងស្លាប់បាន។ ទោះបីជាបញ្ហាកំណកឈាមនេះអាចការពារបាន តែថា pulmonary embolism ក៏ជាមូលហេតុទូទៅមួយធ្វើឲ្យស្រ្តីមានផ្ទៃពោះនៅសហរដ្ឋអាមេរិកបាត់បង់ជីវិត។
២. ហេតុអ្វីស្រ្តីមានផ្ទៃពោះមានហានិភ័យខ្ពស់បញ្ហាដុំកំណកឈាម?
ការប្រែប្រួលរូបរាងទៅតាមធម្មជាតិរបស់ស្រ្តីមានផ្ទៃពោះ ពេលសម្រាលកូន និងបីខែក្រោយសម្រាល អាចធ្វើឲ្យស្រីៗប្រឈមខ្ពស់នឹងបញ្ហាដុំកំណកឈាមនេះ។ ពេលមានផ្ទៃពោះ ស្រ្តីខ្លះអាចជួបបញ្ហាមានលំហូរឈាមតិចទៅកាន់ជើងនៅត្រីមាសចុងក្រោយនៃការពពោះ ព្រោះតែសរសៃឈាមនៅជុំវិញអាងត្រគាកត្រូវបានសង្កត់ដោយសារការលូតលាស់របស់កូនក្នុងផ្ទៃ។
បន្ថែមពីនេះ ការមិនសូវបានធ្វើចលនា ឬហាត់ប្រាណ ឬ ក្រោយសម្រាលស្រីៗយើងចំណាយពេលច្រើនសម្រាកលើគ្រែ ក៏អាចធ្វើឲ្យឈាមហូរទៅកាន់ជើង និងដៃមានកម្រិតដែរ ដែលនាំឲ្យស្រីៗមានឱកាសកើតបញ្ហាដុំកំណកឈាម។
៣. វិធីបង្ការបញ្ហាដុំកំណកសរសៃឈាមជ្រៅ
ទោះបីជាបញ្ហាដុំកំណកសរសៃឈាមជ្រៅ (DVT) អាចកើតឡើងដោយមិនចេញរោគសញ្ញា តែសញ្ញា និងរោគសញ្ញាខាងក្រោមនេះឧស្សាហ៍ឃើញមានកើតដែរ៖
- ហើមនៅត្រង់ជើង
- ឈឺចាប់ ឬឡើងតឹង ប៉ុន្តែមិនមានរបួស
- ស្បែកស្ទាបទៅក្ដៅឧណ្ហៗ ឡើងក្រហម និងប្រែពណ៌។
បើស្រីៗយើងសង្កេតឃើញមានសញ្ញា ឬរោគសញ្ញាទាំងនេះ គួរពិគ្រោះជាមួយគ្រូពេទ្យ។
សម្រាប់រោគសញ្ញា pulmonary embolism (PE) រួមមាន៖
- ពិបាកដកដង្ហើម
- ឈឺទ្រូងពេលដកដង្ហើមវែងៗ ឬក្អក
- ចង្វាក់បេះដូងលោតខុសប្រក្រតី ឬញាប់ជាងធម្មតា
បើឃើញមានរោគសញ្ញា ឬសញ្ញាទាំងនេះ យើងត្រូវស្វែងរកការព្យាបាលពីគ្រូពេទ្យជាបន្ទាន់។
ដើម្បីបង្ការបញ្ហាទាំងនេះ ស្រ្តីមានផ្ទៃពោះគួរ៖
- ដឹងពីកត្តាប្រឈម ដូចជាធាត់ពេក មានកូនភ្លោះ ឬមានផ្ទៃពោះវ័យចំណាស់ ជាដើម។
- ដឹងថាគ្រូសារធ្លាប់មានប្រវត្តិកើតបញ្ហានេះឬអត់
- ប្រាប់គ្រូពេទ្យឲ្យបានដឹងថាយើងធ្លាប់មានបញ្ហាកំណកឈាម ឬប្រវត្តិគ្រួសារមានបញ្ហានេះ
- ធ្វើសកម្មភាពរាងកាយជាប្រចាំ
- ចេះសង្កេត និងតាមដានពីរោគសញ្ញា ឬសញ្ញានៃបញ្ហាកំណកឈាម។
[embed-health-tool-pregnancy-weight-gain]