សញ្ញាមួយក្នុងចំណោមរោគសញ្ញាដំបូងបំផុតនៃការមានផ្ទៃពោះ គឺជាការនោមញឹកញាប់។ អំឡុងពេលនេះដែរ ស្ត្រីពពោះ អាចនឹងសង្កេតឃើញពណ៌ទឹកនោមមានសភាពខុសប្លែកពីធម្មតា។ យ៉ាងណាមិញ ប្រសិនបើទឹកនោមប្រែជាល្អក់ វាអាចបណ្ដាលមកពីការឆ្លងមេរោគ កង្វះជាតិទឹក និងបញ្ហាសុខភាពដទៃទៀត ដូចជាជំងឺបម្រុងក្រឡាភ្លើង ជាដើម។
ទឹកនោមមានល្អក់ បណ្ដាលមកពីអ្វី?
ទឹកនោមប្រែជាល្អក់ គឺដោយសារតែកោសិកាឈាមសមានបរិមាណច្រើនជ្រុលដើម្បីប្រយុទ្ធជាមួយនឹងការឆ្លងមេរោគ វត្តមាននៃឈាមនៅក្នុងទឹកនោម ឬអាចលាយឡំជាមួយនឹងការធ្លាក់ឈាមតាមទ្វារមាស។
១. កង្វះជាតិទឹក
នៅពេលដែលយើងខ្វះជាតិទឹកនៅក្នុងរាងកាយ ទឹកនោមនឹងប្រែទៅជាពណ៌ស្រអាប់ និងខាប់ខ្លាំង ឬអាចល្អក់ផងដែរ។ ជាទូទៅ មានកត្តាជាច្រើនដែលនាំឲ្យស្ត្រីពពោះខ្វះជាតិទឹក ដូចជាការក្អួត ឬការឡើងកម្ដៅខ្លួនខ្លាំង ។ ទោះបីជាពុំមានការបាត់បង់ជាតិទឹក ដោយសារតែបញ្ហាសុខភាពផ្សេងៗ ជាធម្មតា ស្ត្រីពពោះត្រូវការជាតិទឹកក្នុងបរិមាណច្រើន ដើម្បីទ្រទ្រង់សុក ទឹកភ្លោះ និងទារក។
សញ្ញាសំខាន់ៗនៃការខ្វះជាតិទឹក៖ ទឹកនោមមានពណ៌ស្រអាប់ ស្រេកទឹក នោមញឹកញាប់ អស់កម្លាំង វិលមុខ។
២. ការបង្ករោគប្រព័ន្ធទឹកនោម
ការបង្ករោគប្រព័ន្ធទឹកនោម គឺបណ្ដាលមកពីបាក់តេរីបង្ករោគលើតម្រងនោម ប្លោកនោម បំពង់ទឹកនោម ឬទ្វារទឹកនោម។ ជាទូទៅ ការបង្ករោគទាំងនេះកើតឡើងនៅបំពង់ទឹកនោមផ្នែកខាងក្រោម។ រោគសញ្ញាមួយចំនួនដែលកើតមានជាញឹកញាប់នៅពេលមានការបង្ករោគ គឺទឹកនោមទៅជាល្អក់ ឬមានឈាមលាយឡំ។ នៅអំឡុងពេលមានគភ៌ ម៉ាក់ៗអាចមានហានិភ័យខ្ពស់ដែលការបង្ករោគប្រព័ន្ធទឹកនោមប្រែក្លាយទៅជាការឆ្លងមេរោគតម្រងនោម កូនកើតមិនគ្រប់ខែ ឬទារកមិនគ្រប់គីឡូ។
សញ្ញាសំខាន់ៗនៃការបង្ករោគប្រព័ន្ធទឹកនោម៖ នោមញឹកញាប់ រលាកនៅពេលនោម ទឹកនោមមានក្លិនមិនល្អ ឈឺអាងត្រគាក។
៣. ជំងឺបម្រុងក្រឡាភ្លើង
ជំងឺបម្រុងក្រឡាភ្លើង គឺជាជំងឺមួយដែលប៉ះពាល់ដល់ថ្លើម និងតម្រងនោម ហើយវាអាចបណ្ដាលឲ្យមានសម្ពាធឈាមខ្ពស់ដែលមានគ្រោះថ្នាក់ខ្លាំង។ ជាធម្មតា ជំងឺនេះកើតឡើងបន្ទាប់ពីសប្ដាហ៍ទី២០នៃការមានផ្ទៃពោះ។ ជាមួយគ្នានេះដែរ ជំងឺបម្រុងក្រឡាភ្លើង មិនមានរោគសញ្ញាគួរឲ្យកត់សម្គាល់នោះទេ ប៉ុន្តែវាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតទាំងម្ដាយ និងទារកក្នុងផ្ទៃ។ វត្តមាននៃប្រូតេអ៊ីនក្នុងទឹកនោមអាចបង្ហាញថាជំងឺបម្រុងក្រឡាភ្លើងកំពុងតែមានការវិវត្ត។ ជាមួយនឹងជាតិប្រូតេអ៊ីនច្រើននៅក្នុងទឹកនោម យើងក៏អាចសង្កេតឃើញថាទឹកនោមឡើងល្អក់ផងដែរ។
សញ្ញាសំខាន់ៗនៃជំងឺបម្រុងក្រឡាភ្លើង៖ សម្ពាធឈាមខ្ពស់ ឈឺក្បាល ប្រែប្រួលការមើលឃើញ ឈឺពោះ ក្អួតចង្អោរ ពិបាកដកដង្ហើម ហើម និងឡើងទម្ងន់។
៤. ក្រួសក្នុងតម្រងនោម
ក្រួសក្នុងតម្រងនោម គឺជាអង្គធាតុរឹងមួយកកើតឡើងនៅក្នុងតម្រងនោម ដែលរួមបញ្ចូលគ្នាដោយកាល់ស្យូម Oxalate និងផូស្វ័រ។ ស្ត្រីពពោះអាចនឹងមានហានិភ័យនៃការកើតក្រួសតម្រងនោមខ្ពស់ ប្រសិនបើអាការៈខ្វះជាតិទឹកញឹកញាប់ មានការបង្ករោគប្រព័ន្ធទឹកនោមជាប្រចាំ ឬស្ទះបំពង់ទឹកនោម ដែលជាបញ្ហាកើតមានជាទូទៅចំពោះស្ត្រីមានផ្ទៃពោះ។
សញ្ញាសំខាន់ៗនៃក្រួសក្នុងតម្រងនោម៖ នោមឈឺ មានឈាមនៅក្នុងទឹកនោម ឈឺពោះធ្ងន់ធ្ងរ ឬឈឺចាប់នៅផ្នែកខ្នងខាងក្រោយ ក្អួត ចង្អោរជាដើម។
[embed-health-tool-pregnancy-weight-gain]