ក្នុងចំណោមស្ត្រីមានផ្ទៃពោះចំនួន១០នាក់ មានម្នាក់កើតជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះ ដែលអាចបង្កជាផលវិបាកធ្ងន់ធ្ងរ ឬអាចគ្រោះថ្នាក់ដល់ជីវិតម៉ាក់ៗទៀតផង។ នេះបើតាមការឲ្យដឹងពីមន្ទីរពេទ្យ កាល់ម៉ែត។
ប្រសិនបើសម្ពាធឈាមឡើងខ្ពស់អំឡុងពេលពពោះ អាចដាក់សម្ពាធដល់បេះដូង និងតម្រងនោមរបស់ស្ត្រី ជាហេតុអាចបង្កជាជំងឺបេះដូង ជំងឺតម្រងនោម និងបង្កើនហានIភ័យកើតជំងឺបម្រុងក្រឡាភ្លើង កូនកើតមុនខែ ឬត្រូវសម្រាលដោយការវះកាត់ជាដើម។ ហេតុនេះហើយ ម៉ាក់ៗពពោះគ្រប់រូបគួរដឹងពីវិធីកាត់បន្ថយហានិភ័យលើសសម្ពាធឈាមខាងក្រោមនេះ ដើម្បីជាចំណេះមួយការពារសុខភាពឲ្យបានកាន់តែល្អប្រសើរ។
១. ទៅតាមណាត់ជួបរបស់គ្រូពេទ្យ៖ ម៉ាក់ៗគួរទៅពិគ្រោះ និងពិនិត្យសុខភាពទៅតាមការណាត់ជួបរបស់គ្រូពេទ្យឲ្យបានទៀងទាត់ កុំអាក់ខាន។
២. ញ៉ាំថ្នាំតាមវេជ្ជបញ្ជាគ្រូពេទ្យ៖ ក្នុងករណីដែលម៉ាក់ៗលើសសម្ពាធឈាម ខាងគ្រូពេទ្យនឹងចេញថ្នាំដែលជាជម្រើសស័ក្តិសមបំផុតសម្រាប់ម៉ាក់ៗ ហេតុនេះម៉ាក់ៗត្រូវលេបឲ្យបានជាប់លាប់។
៣. ធ្វើសកម្មភាពជានិច្ច៖ ម៉ាក់ៗពពោះគួរហាត់ប្រាណ ឬបញ្ចេញសកម្មភាពមួយចំនួន ស័ក្តិសមសម្រាប់ស្ត្រីពពោះ ទៅតាមការណែនាំរបស់អ្នកជំនាញ។
៤. មានរបបអាហារត្រឹមត្រូវ៖ នៅក្នុងរបបអាហារម៉ាក់ៗត្រូវមានបន្លែផ្លែឈើ សាច់ ថ្លើមសត្វ និងអាហារចម្រុះផ្សេងទៀត ដែលផ្ដល់សារធាតុចិញ្ចឹមល្អដល់សុខភាពម៉ាក់ៗ និងអាអូនក្នុងពោះ។
៥. ចៀសវាងធ្វើអ្វីដែលមិនល្អពេលពពោះ៖ កុំជក់បារី កុំផឹកគ្រឿងស្រវឹង ឬភេសជ្ជៈមានជាតិអាល់កុលផ្សេងៗ និងប្រើថ្នាំផ្ដេសផ្ដាស។ មុននឹងសម្រេចចិត្តប្រើថ្នាំអ្វីមួយ ត្រូវពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញច្បាស់លាស់មុនជានិច្ច។
នៅក្នុងអំឡុងពេលពពោះ ម៉ាក់ៗទាំងអស់ត្រូវប្រយ័ត្នរាល់សកម្មភាព និងអាហារ ពោលគឺសកម្មភាពធ្វើប្រចាំថ្ងៃឲ្យបានល្អិតល្អន់ ព្រោះការធ្វេសប្រហែសរបស់ម៉ាក់ៗបន្តិច អាចប៉ះពាល់ទៅដល់ការលូតលាស់ និងសុខភាពរបស់អាអូននៅក្នុងពោះបាន។
[embed-health-tool-pregnancy-weight-gain]