អាការៈស្ងួតមាត់អំឡុងពេលពពោះ កើតឡើងជាទូទៅ ហើយភាគច្រើនវាអាចបណ្ដាលមកពីការប្រែប្រួលអ័រម៉ូន និងជួនកាល ជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ ក៏មូលហេតុដែលធ្វើឲ្យម៉ាក់ៗស្ងួតមាត់ផងដែរ។ ខាងក្រោមនេះ ជាមូលហេតុដែលនាំឲ្យកើតមានអាការៈស្ងួតមាត់ក្នុងអំឡុងពេលមានគភ៌ និងដំណោះស្រាយ។
១. កង្វះជាតិទឹក
ពិតណាស់ កង្វះជាតិទឹកធ្វើឲ្យយើងមិនអាចផលិតទឹកមាត់គ្រប់គ្រាន់ និងនាំឲ្យមាត់របស់យើងស្ងួត។ អំឡុងពេលមានគភ៌ ម៉ាក់ៗគប្បីញ៉ាំទឹកឲ្យបានច្រើន ដើម្បីបញ្ចៀសបញ្ហាកង្វះជាតិទឹក។ រោគសញ្ញាខាងក្រោម បញ្ជាក់ថាម៉ាក់ៗកំពុងតែខ្វះជាតិទឹក
- ទឹកនោមពណ៌លឿងចាស់
- អស់កម្លាំង
- ឈឺក្បាល
- វិលមុខ
២. ការប្រែប្រួលអ័រម៉ូន
ជាមួយគ្នានេះដែរ ការប្រែប្រួលកម្រិតអ័រម៉ូនក៏អាចកាត់បន្ថយលំហូរទឹកមាត់ និងបង្កជាអាការៈស្ងួតមាត់អំឡុងពេលមានគភ៌ដូចគ្នា។
៣. បរិមាណឈាមកើនឡើង
ការកើនឡើងនៃបរិមាណឈាម និងអត្រាច្រោះនៅក្នុងតម្រងនោម អាចបណ្ដាលឲ្យយើងនោមញឹកញាប់ ជាហេតុនាំឲ្យម៉ាក់ៗបាត់បង់ជាតិទឹកពីក្នុងរាងកាយ។
៤. ជំងឺស្លេកស្លាំង
ប្រសិនបើម៉ាក់ៗប្រឈមនឹងអាការៈស្ងួតមាត់ខ្លាំង អមជាមួយនឹងអារម្មណ៍ក្រហាយ វាអាចជាសញ្ញានៃជំងឺស្លេកស្លាំង។
៥. បែបបទនៃការរស់នៅ
ទន្ទឹមនឹងនេះដែរ ការញ៉ាំគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ញ៉ាំអាហារប្រៃ ឬហឹរ និងការដកដង្ហើមតាមមាត់ក៏អាចធ្វើឲ្យយើងស្ងួតមាត់ផងដែរ។
៦. ការប្រើប្រាស់ថ្នាំ
ការប្រើប្រាស់ថ្នាំសម្រាប់ព្យាបាលបញ្ហាសម្ពាធឈាមខ្ពស់ អំឡុងពេលមានគភ៌ ក៏អាចបណ្ដាលឲ្យម៉ាក់ៗប្រឈមនឹងអាការៈស្ងួតមាត់។
៧. ជំងឺទឹកនោមផ្អែមពេលមានគភ៌
កម្រិតជាតិគ្លុយកូសខ្ពស់ខុសពីធម្មតា អំឡុងពេលមានគភ៌អាចនាំឲ្យយើងកើតមានអាការៈស្ងួតមាត់។ រោគសញ្ញាដទៃទៀតនៃជំងឺទឹកនោមផ្អែមអំឡុងពេលមានគភ៌ មានដូចជា៖
- ស្រេកទឹកខ្លាំង និងនោមញឹកញាប់
- អស់កម្លាំង
- ព្រិលភ្នែក
- ការឆ្លងមេរោគលើប្លោកនោម និងទ្វារមាស។
តិចនិកកាត់បន្ថយអាការៈស្ងួតមាត់អំឡុងពេលពពោះ
ដើម្បីកាត់បន្ថយអាការៈស្ងួតមាត់ ម៉ាក់ៗអាចសាកល្បងតិចនិកងាយៗខាងក្រោមនេះ។
- ថែទាំអនាម័យមាត់ធ្មេញ ដោយដុសធ្មេញ ប្រើខ្សែអំបោះទាក់ធ្មេញ និងខ្ពុរមាត់ជាប្រចាំ
- កាត់បន្ថយការញ៉ាំកាហ្វេ តែ និងភេសជ្ជៈដែលមានជាតិអាកុល
- កាត់បន្ថយការញ៉ាំអាហារប្រៃ និងផ្អែមខ្លាំង
- ជៀសវាងការជក់បារី
- ទំពាស្ករកៅស៊ូដែលគ្មានជាតិស្ករ
- ញ៉ាំទឹកឲ្យបានច្រើន។
[embed-health-tool-pregnancy-weight-gain]