ជំងឺស្វាយ ងាយឆ្លងបំផុតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការរួមភេទ ហើយជំងឺនេះបង្កឡើងដោយមេរោគឈ្មោះ Treponema pallidum។ ក្នុងករណីស្ត្រីកើតស្វាយពេលពពោះ មេរោគអាចឆ្លងទៅកូនក្នុងផ្ទៃបាន បណ្ដាលឲ្យអាអូនប្រឈមនឹងបញ្ហាធំៗមិនតិចទេ។
កើតស្វាយពេលពពោះអាចឆ្លងមេរោគទៅគភ៌បានតាមរយៈសុក ហើយការចម្លងនេះអាចប៉ះពាល់ដល់គភ៌គ្រប់ដំណាក់កាលទាំងអស់អំឡុងពេលកំពុងពពោះ។ បញ្ហាធំៗ ដែលទារកប្រឈមបើម្ដាយកើតស្វាយពេលពពោះមានដូចជា៖
-កើតមិនគ្រប់គីឡូ
-ស្លាប់ក្នុងពោះ
-រលូតដោយឯកឯង (ក្នុងករណី គភ៌មានអាយុតិច)
-ស្លាប់នៅពេលកើត
ទាក់ទងនឹងបញ្ហាកើតស្វាយពេលពពោះនេះ មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក CDC បានឲ្យដឹងថា ទារកដែលកើតមកមានរោគស្វាយពីកំណើតអាចមានការខូចខាតឆ្អឹង មានភាពស្លេកស្លាំងធ្ងន់ធ្ងរ បញ្ហាថ្លើម និងអណ្ដើករីកធំ កើតខាន់លឿង រលាកស្រោមខួរ ឬមានបញ្ហាសរសៃប្រសាទដែលបណ្ដាលឲ្យងងឹតភ្នែក។
និយាយរួម កើតស្វាយពេលពពោះអាចបង្កជាផលពិបាកខ្ពស់ដល់កូនទាំងពេលក្នុងផ្ទៃ និងពេលសម្រាល ហេតុនេះហើយពេលពិនិត្យផ្ទៃពោះ ម៉ាក់ៗគ្រប់រូបគួរតែធ្វើតេស្ដរកមេរោគស្វាយនេះឲ្យបានឆាប់ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា ក្នុងករណីតេស្ដឃើញវិជ្ជមាន ចៀសវាងមេរោគឆ្លងទៅប៉ះពាល់ដល់កូនបាន។
[embed-health-tool-pregnancy-weight-gain]